ក្រុងណៃពិដោ: ពុទ្ធសាសនិក​រាប់ពាន់​នាក់​បាន​នាំ​គ្នា​សម្រុក​ទៅ​កាន់​មេរុ​ចម្រុះ​ពណ៌​នៅ​មីយ៉ាន់ម៉ា ដើម្បី​រាំ ច្រៀង និង​គោរព​ចុងក្រោយ​ចំពោះ​ការបូជា​ព្រះសង្ឃ​ល្បី​មួយអង្គ​។

ព្រះចៅអធិការ​វត្ដ កាយ ឡាថា ទើប​មាន​ព្រះជន្ម ៤៨ ​វស្សា​ពេល​លោក​សុគត​កាលពី​ឆ្នាំ​មុន​ពី​ជំងឺ​មហារីក​គ្រាប់​ឈាម​ក្នុង​ភូមិ​មូដុន​។ ពិធី​បូជា​ព្រះសព​បាន​ធ្វើឲ្យ​ប្រជាជន​ចំណុះ​ជើង​វត្ដ​ប្រើ​ពេល ៩ ​ខែ​ដើម្បី​អង្គាសប្រាក់ ៨​ ម៉ឺន​ដុល្លារ ដែល​ជា​ពិធី​ដ៏ខ្ជះខ្ជាយ​សម្រាប់​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​អាស៊ី​ដែល​ពលរដ្ឋ​ ១ ​ភាគ​ ៣ ​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​។

បើ​យោង​តាម​ព្រះតេជគុណ កាយ ធូវ៉ា មាន​សង្ឃដិកា​ប្រាប់ AFP ថា​ក្រុម​ព្យុហយាត្រា​បាន​គ្រង​សម្លៀកបំពាក់​ស្អាតបាត​ធ្វើ​ដំណើរ​ទៅកាន់​មេរុ​មួយ​ដែល​កសាង​ឡើង​ពី​ឈើ និង​ឫស្សី​ដោយ​ប្រើ​ថវិកា​អស់ ៣៣០០០ ដុល្លារ​។ សំណង់​កម្ពស់​ជាច្រើន​ជាន់ និង​រានហាល​ធំ​រំលេច​ពន្លឺ​ពណ៌​ចម្រុះ​នេះ​តំណាង​ឲ្យ​ឋានសួគ៌​។

អ្នកចូលរួម​រាំច្រៀង​ជុំវិញ មេរុ​ភ្លឺ​ចម្រុះ​ពណ៌​អម​ដោយ​ស្នូរ​កាំជ្រួច​។ រូបថត AFP

ព្រះភិក្ខុ​ព្រះជន្ម ៥០ ​វស្សា​ខំ​ស្រែក​ប្រណាំង​នឹង​សំឡេង​មនុស្ស​រាំ​តាម​តន្ដ្រី​លាន់​ទ្រហឹង​នៅក្នុង​អារាម អួងវ៉ាបាហ្សានា ថា​៖ «​នេះ​ជា​មរណភាព​របស់​ព្រះតេជគុណ​ដែល​ជា​វីរជន​ក្នុង​សាសនា​របស់​យើង ហើយ​យើង​ទាំងអស់​គ្នា​ពិតជា​មាន​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​នេះ​»​។

រយៈពេល ៧ ​ថ្ងៃ​ដើម​ខែ​កន្លង​ទៅ​នេះ​មហាជន​បាន​នាំគ្នា​ឡើងជណ្ដើរ​ឈើ​នៃ​មេរុ​ដើម្បី​ទស្សនា​ព្រះសព​តម្កល់​ក្នុង​មឈូស​ចំហ​ដែល​ទ្រ​ដោយ​ទូក​រចនា​ម៉ូដ​នាគរាជ​ដ៏ភ្លឺ​ចែងចាំង​។

ក្រៅពី​ជំនឿ​មុតមាំ​លើ​ពុទ្ធសាសនា​នៅ​ប្រទេស​ភូមា ប្រមុខ​សង្ឃ​ជា​បុគ្គល​មាន​ឥទ្ធិពល​ក្នុង​សង្គម​មីយ៉ាន់ម៉ា​ដែល​ជា​តួអង្គ​ផ្ដល់​ឱវាទ​អប់រំ ដោះស្រាយ​ជម្លោះ​ក្នុងស្រុក និង​ជួយ​រៃអង្គាស​ប្រាក់​កសាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​។

កាលពី​ខែ​វិច្ឆិកា​ពិធី​បូជាព្រះសព​ព្រះសង្ឃ​ដែល​ពុទ្ធបរិស័ទ​គោរព​ខ្លាំង​នៅ​រដ្ឋការ៉េន​រឹតតែ​ចំណាយ​ច្រើន​ថែមទៀត​ដោយ​ថវិកា​ចុះបញ្ជី​បាន​ចាយ​អស់​ជាង ៦០ ​ម៉ឺន​ដុល្លារ​។

ពិធីបុណ្យ​បូជាព្រះសព​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ ខណៈ​ពុទ្ធសាសនិក​មក​ជូន​ដំណើរ​ព្រះតេជគុណ​ចុងក្រោយ​ដោយ​ការ​ស្ទាប​កាន់​មឈូស មុន​ពេល​ដុត​ភ្លើង​បូជា​៕ HR