ភ្នំពេញៈ កូន​ជាទី​ស្រឡាញ់! ចៅហ្វាយនាយ ដែលមាន​ចិត្តល្អ មាន​យុត្តិធម៌ ចេះ​យល់​ចិត្ត​យល់​ថ្លើម និង​ជា​គ្នា​ឯង​ជាមួយ​កូនចៅ មិន​យក​ប្រៀប មិន​សង្កត់​សង្កិន មិន​បៀត​បៀន​កូនចៅ រមែង​ធ្វើ​ឲ្យ​កូន​ចៅ​កក់ក្តៅ​ក្នុង​ចិត្ត និង​ផ្តល់​ឲ្យ​សេចក្តី​គោរព​កោត​ក្រែង​ទាំង​ទី​ចំពោះ​មុខ និង​កំបាំង​មុខ​ត្រឡប់​មក​ចៅ​ហ្វាយ​នាយ​វិញ ព្រមទាំង​មាន​ការ​ចងចាំ​ទុក​ក្នុង​ចិត្ត​នូវ​គុណធម៌​ទាំង​ឡាយ រហូត​អស់​ជីវិត​ពួកគេ​ទៀត​ផង។

អគ្គបណ្ឌិត ប៊ុត សាវង្ស នឹង​បកស្រាយ​ពី​វិធី​នៃ​ការគ្រប់គ្រង​ចិត្ត​មនុស្ស ក្នុងពេល​កាន់​ការងារ​របស់​ខ្លួន​ទៅ​តាម​លំដាប់ ឬ​ឋានៈ​នៃ​ការងារ​របស់​ខ្លួន​ឯង។

អគ្គបណ្ឌិត ប៊ុត សាវង្ស ប្រាប់​ឲ្យ​ដឹងថា៖ «បើ​កូន​មាននូវ​ឱកាស​បាន​ធ្វើជា​ចៅ​ហ្វាយ​នាយ​គេ ឬ​ជា​អ្នក​បង្គាប់​បញ្ជា​គេ កូន​កុំ​ភ្លេច​ពាក្យ​ម៉ែ​ពាក្យ​ឪ នៅ​ត្រង់​សេចក្តី​នេះ​ឲ្យ​សោះ នេះ​បើ​កូន​ប្រាថ្នា​ឲ្យ​កូន​ចៅ នៅ​ក្រោម​ការ​បង្គាប់​កូន ស្រឡាញ់​ឲ្យ​កក់ក្តៅ​ក្នុង​ចិត្ត និង​គោរព​ស្រឡាញ់ ដោយ​ក្តី​ស្មោះ។ កូន​ធ្វើ​ឲ្យ​អ្នក​នៅ​ក្រោម​ឱវាទ របស់​កូន ស្រឡាញ់​ពេញ​ចិត្ត គោរព​ស្ម័គ្រ​ស្មោះ វិញ នោះ​ជា​ការ​ប្រសើរ​ណាស់ រីឯ​ការ​ធ្វើ​ឲ្យ​គេ​គ្រាន់​តែ​ខ្លាច តែ​មិន​គោរព​កោត​ក្រែង​នោះ មិន​មែន​ជា​ការ​ប្រសើរ​ឡើយ» ។

លោក​អគ្គបណ្ឌិត បាន​បន្តថា៖ «អ្នកគ្រប់គ្រង​គេ កាលបើ​គ្រាន់តែ​ប្រើ​នូវ​អ្វី​ជា​ព្រះតេជៈ ច្រើន​ជាង​ព្រះ​គុណ​នោះ រមែង​មាន​តែ​មនុស្ស​ចេះ​ខ្លាច​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ភាព​កក់ក្តៅ​នៅ​ក្នុង​ចិត្ត និង​មិន​បាន​ស្រឡាញ់​ស្ម័គ្រស្មោះ​មក​លើ​អ្នក​នោះ​ឡើយ។ ចំណែក​ឯ​អ្នក​ដែល​បាន​ប្រើប្រាស់​នូវ​ព្រះគុណ ច្រើន​ជាង​ព្រះ​តេជៈ មនុស្ស​ទាំង​ឡាយ​រមែង​ខ្លាច​ផង​ក្រែង​ផង គោរព​ដោយ​ស្មោះ​ផង​និង​កក់ក្តៅ​ក្នុង​ចិត្ត​ផង​យ៉ាង​នេះ ហៅថា ជា​អ្នក​គ្រប់​គ្រង​គេ បាន​ទាំង​កាយ និង​ចិត្ត។ អ្នក​ធំ​ដែល​ប្រាថ្នា​នឹង​គ្រប់គ្រង​ចិត្ត​មនុស្ស ដោយ​ការ​ប្រើ​អំណាច​បង្គាប់​បញ្ជា ដើម្បី​ធ្វើ​ឲ្យ​គេ​កោត​ខ្លាច​នោះ គឺជា​ការ​យល់​ខុស​នូវ​ការពិត។ អំណាច​ដ៏​ពិត​ប្រាកដ គឺ​កើត​ចេញ​មក​ពី​ការ​សាង​ភាព​កក់ក្តៅ ឲ្យ​ដល់​កូន​ចៅ​ក្រោម​ឱវាទ ឬ​ការ​គិត​ពី​សារៈ​សំខាន់​រួម​ទាំង​ខ្លួនឯង និង​ទាំង​អត្ថ​ប្រយោជន៍​កូន​ចៅ​នៅ​ថ្នាក់​ក្រោម​ដែរ»។

ការ​ឲ្យ​ភាពកក់ក្តៅ ដែល​បង្កប់​ទៅដោយ​ភាព​មាន​មនោសញ្ចេត​នា លាយ​ដោយ​ស្និទ្ធ​ស្នាល គោរព​ស្រឡាញ់ ហើយ​ដក់​ជាប់​នៅ​ក្នុង​ក្រអៅ​បេះដូង រមែង​កើត​ពី​កា​រផ្តល់​ឲ្យ ការ​ចេះ​អើពើ និង​ការ​យក​ចិត្ត​ទុក​ដាក់ ដូចជា​ការ​ឲ្យ​ប្រាក់ ឲ្យ​របស់​របរ​ប្រើប្រាស់ កម្លាំង​ចិត្ត ភាព​ជា​គ្នា​ឯង ពាក្យ​ណែនាំ​ដែល​ល្អៗ ពាក្យ​ពី​រោះ មាន​ប្រយោជន៍ ឲ្យ​អភ័យ ឲ្យ​ភាព​កក់ក្តៅ​ប្រៀប​បី​ដូច​ជា​ឪពុកម្តាយ​អ៊ីចឹង រួម​ទាំង​មាន​ការ​ឲ្យ​នូវ​កិត្តិយស និង​ភាព​ខ្ពង់ខ្ពស់​ហាក់​ដូច​ជា​ការ​តាំង​នៅ​ក្នុង​ឋានៈ​ស្មើ​គ្នា​ទៀត​ផង​ដែរ។

ជា​ចុង​ក្រោយនេះ លោក​អគ្គបណ្ឌិត ប៊ុត សាវង្ស ក៏បាន​បន្ថែម​ដែរ​ថា៖ «បើ​កូន​ត្រូវការ​គ្រប់គ្រង​ចិត្ត​មនុស្ស ខណៈ​ពេល​កូន​ក្លាយ​ទៅ​ជា​អ្នក​គ្រប់គ្រង​គេ ឬ​ចៅហ្វាយ​នាយ​គេ ចូរ​កូន​ត្រូវតែ​ចេះ​ប្រើ​នូវ​សេចក្តី​សង្គ្រោះ ចេះ​ឲ្យ​នូវ​អ្វី​ជា​ប្រយោជន៍​ដែល​ប្រកប​ដោយ​សេចក្តី​មេត្តា ករុណា ហើយ​ក៏​ត្រូវ​ផ្តល់​ឲ្យ​នូវ​អ្វី​ជា​រឿយៗ​តាម​ការគួរ​ទៀត​ផង​ចំពោះ​កូនចៅ​ក្រោម​ឱវាទ​របស់​ខ្លួន»៕