ភ្នំពេញៈ ចំពោះ​ការរក្សា​នូវ​កិលេស ឬ នី​វរ​ណៈ​ជាច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ គឺជា​មេរោគ​ចង្រៃ ប្រសិន​បើ​ទុក​ឲ្យ​វា​រីក​ចម្រើន​ឡើងៗ ហើយ​ក៏​ជា​ការ​លំបាក​មួយ​ដែរ​នៅ​ក្នុង​ការ​សម្លាប់​វា​ឲ្យ​អស់​វិញ​ខ្លាំង​ណាស់។

ខាងក្រោម​នេះ នឹងមាន​ការបង្ហាញ​ប្រាប់​ពី​សំណាក់​លោក អគ្គបណ្ឌិត ប៊ុត សាវង្ស តាម​ពុទ្ធវចនៈ ដែល​និយាយ​ពី​ការងារ​ត្រី​មុខ ឬ ៣ មុខ ដែល​ពុទ្ធបរិស័ទ​ត្រូវ​ប្រណិប័តន៍​ទៅ​តាម​ឱវាទ​នៃ​ព្រះពុទ្ធ​អង្គ​ទ្រង់​បាន​ត្រាស់​សម្តែង​មក។

បើតាម​ការសម្តែង​បង្ហាញ​ប្រាប់​ពី​លោក​អគ្គបណ្ឌិត ប៊ុត សាវង្ស បាន​ឲ្យ​ដឹង​ពី​ការងារ ៣ មុខ​នោះ​ថា៖ «ទី១ ជា​ការងារ​សង្រួម​កាយ ការងារ​សង្រួម​វាចា ការងារ​សង្រួម​ចិត្ត ពិតជា​ការងារ​ប្រចាំ​ថ្ងៃ នៃ​ជន​ប្រុស​ស្រី ទាំង​គ្រហស្ថ ទាំង​បព្វជិត ព្រោះ​ថា​ជា​ការ​បិទ​ទ្វារ​ការពារ​ទប់ស្កាត់​នូវ​បាប​ថ្មីៗ កុំ​ឲ្យ​ចូល​មក​រួម​ដៃ​រួម​ជើង​ជាមួយ​អំពើ​បាប​ចាស់ៗ កាត់​បន្ថយ​កម្លាំង​បាប​ដែល​សន្សំ​ក្នុង​សន្តាន​ចិត្ត ប្រៀប​បីដូច​ជា​បុគ្គល ដែល​បាន​ខិតខំ​ព្យាយាម​តម​ចំណី​ទាស់ ព្រោះ​ហេតុ​តែ​ខ្លួន​ឯង​ឈឺ​រោគ​ថ្លើម ដូច្នោះ​ឯង។

ទី ២ ការងារ​បំពេញ​សេចក្តី​ល្អ ពិតជា​ត្រូវធ្វើ​បន្ត​មិន​ឲ្យ​ដាច់ ធ្វើ​ទាន​រឿយៗ រក្សា​សីល​ជាប់​លាប់ អប់រំ​ចម្រើន​សេចក្តី​ស្ងប់​ជា​ប្រចាំ រៀន​ធម៌ ស្តាប់ធម៌​បំពេញ​ចំណេះ​ដឹង ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការងារ​បំប៉ន​នូវ​ស្មារតី ប្រៀប​បីដូច​ជា​អ្នក​ឈឺ​ថ្លើម ​ខំ​ប្រឹង​ថែ​សុខភាព បំប៉ន​ចំណី​ល្អៗ ប្រើ​ប្រាស់​អ្វីៗ​មាន​អនាម័យ ដើម្បី​ជួយ​កម្លាំង​គ្រប​សង្កត់​នូវ​រោគ ដូច្នោះ​ដែរ»។

ឯ​ការងារ​ទី ៣ ដែល​បរិស័ទ​ត្រូវ​ប្រណិប័តន៍​នោះ​គឺ៖ «ការងារ​អប់រំ​ចម្រើន​នូវ​សតិប្បដ្ឋាន ៤ គឺជា​ការងារ​ស្រាវ​ជ្រាវ​រក​សេចក្តី​ពិត ក្នុង​ជីវិត​ដែល​មាន​តែ​រូប​ធម៌ និង​នាម​ធម៌ ដើម្បី​កម្ចាត់​បង់​នូវ​ការ​វង្វេង ព្រមទាំង​ដោយ​ការ​ប្រកាន់​ខុស​ផ្សេងៗ ឬ​ប្រព្រឹត្ត​ទៅ​ដើម្បី​អរិយ​មគ្គជា​លោកុត្ដរ ប្រហារ​បង់​នូវ​អ្វី​ជា​អនុស័យ»។

បើ​ដូច្នេះ​ជាមួយគ្នា​នឹង​ការ​ចម្រើន​នូវ​សតិប្បដ្ឋាន ៤ ដែល​ពុទ្ធបរិស័ទ​រមែង​បំពេញ​នូវ​ការងារ​មួយ​ទៀត​គឺ​ការងារ​គ្រប​សង្កត់​នូវ​នីវរណ​ធម៌ ការ​ស្តាប់​ព្រះធម៌​ពីរោះ មាន​សេចក្តី​ជ្រះថ្លា មា​នការ​តាំង​ចិត្ត​មាំទាំ​ក្នុង​ពេល​ស្តាប់​នោះ ក៏​ជា​ការ​គ្រប​សង្កត់​នូវ​នីវរណ​ធម៌​ដោយ​ពិត ម្យ៉ាង​ទៀត​ព្រោះ​ការ​ប្រកប​ព្យាយាម​ក្នុង​អធិចិត្ត​គ្រប​សង្កត់​នូវ​នី​វរ​ណៈ​ដោយ​សម​ថកម្ម​ដ្ឋាន សេចក្តី​នេះ​ប្រៀប​ដូច​អ្នក​ឈឺ​រោគ​ថ្លើម ក្នុងការ​ប្រើប្រាស់​ថ្នាំ រមែង​ប្រើប្រាស់​ថ្នាំ ២ មុខ គឺ​មួយ​មុខ​សម្រាប់​ហ៊ុមព័ទ្ធ​មេរោគ និង​មួយ​មុខ​ទៀត សម្រាប់​ជំនួយ​ដល់​ការ​ប្រហារ​នូវ​មេរោគ​នោះ ដូច្នោះ​ឯង។

លោក​អគ្គបណ្ឌិត ប៊ុត សាវង្ស​ក៏បាន​បញ្ជាក់បន្ថែម​ពី​ការ​ប្រណិប័តន៍​នូវ​សតិប្បដ្ឋាន ៤ ដែរ​ថា៖ «ការ​ចម្រើន​សតិប្បដ្ឋាន ៤ ជាការ​ដុស​ខាត់​សេចក្តី​ប្រកាន់​រឿយៗ បញ្ញា​ក៏​ភ្លឺ​ថ្លា​ឡើងៗ ហើយ​រមែង​ជា​ឧបការៈ ដល់​កុសល​ធម៌​ដទៃ​ទៀត​គ្រប់​យ៉ាង​ទាំង​អស់។

ហើយ​សតិប្បដ្ឋាន ទាំង ៤ នេះ​គឺជា​គំនរ​នៃ​កុសលធម៌ ការ​ចម្រើន​សតិ​យ៉ាង​នេះ​រឿយៗ រមែង​ឈាន​ទៅ​រក​ការ​ឃើញ​ច្បាស់​មួយ​ថា ធម៌​ទាំង​ឡាយ​ទាំង​ពួង ដែល​ជា​កុសលធម៌ អកុសល​ធម៌ ជា​អព្យាក្រឹត្យ​ធម៌ គ្រាន់​តែ​ជា​ខន្ធ អាយតនៈ ធាតុ តែ​ប៉ុណ្ណោះ ពុំមែន​ជា​សត្វ​នោះ​សោះ​ឡើយ ហើយ​ក៏​មិន​គួរណា​ប្រកាន់​ថា វា​ជា​របស់​ដែល​មាំមួន​ទៀត​ផង»៕