ភ្នំពេញៈ មនុស្ស​យើង​ថ្លៃថ្នូរ​ដោយ​គុណធម៌ ចរិយា​សម្បត្តិ ឫកពា​រម្យទម ការ​ស្លៀក​ពាក់​សមរម្យ ពាក្យ​សម្ដី​ត្រឹម​ត្រូវ​គឺ​មិន​ជ្រាយ​ពេក មិន​រឹង​ពេក​មាន​អត្ថន័យ​ខ្លឹមសារ​សមគួរ​ដល់​អ្នក​ស្ដាប់ ប្រយ័ត្ន​មាត់​រាល់​ពេល​និយាយ មាន​ពេល​ត្រូវ​និយាយ​ក៏​និយាយ​តែ​ពាក្យ​ពិត​ពាក្យ​មាន​ប្រយោជន៍ ពីរោះ និង​និយាយ​ជា​ចិត្ត​សប្បុរស បើ​ស្ងៀម​ត្រូវ​ស្ងៀម​ដោយ​ចិត្ត​ស្ងប់​ស្ងៀម។

ការដកស្រង់​សម្តី​ចេញពី​សៀវភៅ «សិក្ខាបទ​មនុស្ស​ល្អ» នៃ​គេហទំព័រ ៥០០០ ឆ្នាំ បាន​បរិយាយ​ឲ្យ​ដឹង​ពី​សិក្ខាបទ ៥ យ៉ាង ដែល​មិត្ត​ល្អ​មាន​តួនាទី​សម្តែង​ឲ្យ​ឃើញ​ឡើង​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា។

សម្រង់​ពី​សៀវភៅ​នេះ​ឲ្យ​ដឹងថា៖ «សិក្ខាបទ​ទី ១ មិត្ត​ល្អ​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវធ្វើ​ទាន​គឺ​ឲ្យ​នូវ​អ្វីៗ​ដែល​គួរ​ឲ្យ​ដល់​មិត្ត​សម្លាញ់។ បុគ្គល​ដែល​លះបង់​នូវ​សម្បត្តិ​ទ្រព្យ ទំនុក​បម្រុង​អ្នក​ដទៃ ហ៊ាន​បែង​ចែក​សេចក្ដី​សុខ​សប្បាយ​ផ្លូវកាយ​ដល់ អ្នក​ដទៃ​បាន​រមែង​ទទួល​នូវ​ការ​លើក​តម្កើង​រាប់​អាន​អំពី​បុគ្គល​ទូទៅ​ច្រើន​ប៉ុនណា​គឺ​បុគ្គល​ដែល​បង្ក​សេចក្ដី​ទុក្ខ​លំបាក​ឲ្យ​អ្នក​ដទៃ តែ​ជា​ប្រយោជន៍៍​ផ្ទាល់​ខ្លួន​ក៏​រមែង​បាន​ទទួល​នូវ​ការ​តិះដៀល និង​ការ​រង្កៀស​ចិត្ត​អំពី​អ្នក​ដទៃ​ទូទៅ​ច្រើន​ប៉ុណ្ណោះ​ដូច​គ្នា​ដែរ។

សិក្ខាបទ​ទី ២ មិត្ត​ល្អ​គប្បី​សិក្សា​ថា គឺ​អាត្មាអញ​ត្រូវតែ​និយាយ​មិន​គំរោះគំរើយ​ទៅរក​មិត្ត​សម្លាញ់​ឡើយ។ សេចក្ដី​ចម្រើន​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត​មនុស្ស​យើង គឺ​សេចក្ដី​ចម្រើន​ផ្នែក​ជា​កុសល​ធម៌ អ្នក​ចម្រើន​ដោយ​គុណធម៌ ឈ្មោះ​ថា ជា​អ្នក​ទំនុក​បម្រុង​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​ធ្វើ​ឲ្យ​សាសនា​ចម្រើន​លូត​លាស់​ក្នុង​សន្ដាន​ចិត្ត​របស់​ខ្លួន។

សេចក្ដីចម្រើន​នៃ​ព្រះពុទ្ធសាសនា ដែល​ពិតប្រាកដ គឺ​សេចក្ដីចម្រើន​ផ្លូវចិត្ត​នៃ​ពុទ្ធបរិស័ទ​ហ្នឹង​ឯង គឺជា​ចិត្ត​របស់​ពុទ្ធបរិស័ទ ដែល​នឹង​ធ្វើ​ឲ្យ​ចម្រើន​រុង​រឿង​ទៅ​បាន​នោះ​ក៏ត្រូវ​អាស្រ័យ​ព្រះធម៌​នៅ​ក្នុង​សាសនា គឺ​គ្រឿង​ចិញ្ចឹម​បីបាច់​រក្សា​ជា​និច្ចកាល​ដែរ ដូច​ទារក​តូច​អាស្រ័យ​នឹង​ទឹកដោះ​ម្ដាយ​អ៊ីចឹង​ឯង គឺ​យើង​យក​សីលធម៌​នៃ​ព្រះពុទ្ធ​សាសនា​មក​ធ្វើ​ជា​អាហារ ជា​គ្រឿង​បីបាច់​ថែរ​ក្សា​ខ្លួន ខណៈ​ចិត្ត​មនុស្ស​យើង​ក៏​នឹង​ចម្រើន​ទៅ​ដោយ​សេចក្ដី​ស្អាត​ស្អំ ចម្រើន​ដោយ​ពន្លឺ​ដ៏​ភ្លឺស្វាង និង​សេចក្តី​ចម្រើន​ទៅ​ដោយ​សេចក្ដី​ស្ងប់។

ចំពោះ​សិក្ខាបទ ទី ៣ មិត្ត​ល្អ​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ជា​ប្រយោជន៍​ដល់​មិត្ត​សម្លាញ់។ ការ​មិន​បៀត​បៀន​គ្នា គឺជា​ការ​មិន​បៀត​បៀន​ទាំង​ខ្លួន​ឯង​ទាំង​អ្នក​ដទៃ ជាហេតុ​នៃ​សេចក្ដី​សុខ ចំណែក​ការ​បៀត​បៀន​គ្នា​ជាហេតុ​នៃ​ការ​ភ័យ​ខ្លាច មិន​ស្ងប់​ក្នុង​ជីវិត ព្រោះ​តែ​អាស្រ័យ​សេចក្ដី​នេះ បុគ្គល​អ្នក​ប្រាថ្នា​ឲ្យ​ការ​រស់​នៅ​មាន​សេចក្ដី​ល្អប្រសើរ ត្រូវ​តែ​កុំ​ធ្វើ​អំពើ​ដែល​បៀត​បៀន​ផ្សេងៗ ព្យាយាម​រក្សា​ខ្លួន​ដោយ​ស្មារតី ត្រេកអរ​នៅ​ក្នុង​សេចក្ដី​ដែល​មិន​ប្រមាថ»។

រីឯ​សិក្ខាបទ​ទី ៤ និង​ទី៥ វិញ​ក៏ត្រូវ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា៖ «សិក្ខាបទ​ទី ៤ មិត្ត​គប្បី​សិក្សា​ថា អាត្មា​អញ​ត្រូវ​សង្គ្រោះ​មិត្ត​សម្លាញ់​ដោយ​មិន​លើក​តម្កើង​ខ្លួន គឺ​ត្រូវ​តែ​ធ្វើជា​មនុស្ស​ស្មើ​ប្រកប​ទៅ​ដោយ​ចរិយា​ថ្លៃថ្នូរ។ ជីវិត​សព្វ​ថ្ងៃ​មាន​សេចក្ដី​ដឹង​ខ្លួន ដឹង​អារម្មណ៍​ដឹង​រឿង គឺជា​នាទី​នៃ​សភាវ​ធម៌​ពិត​ម្យ៉ាង បាន​ទៅ​ដល់​វិថី​ចិត្ត ដែល​ប្រព្រឹត្ត​ត​គ្នា​មិន​ដាច់ ពាក្យ​ថា​ប្រព្រឹត្ត​ត​គ្នា​មិន​ដាច់ គឺ​វិថី​ចិត្ត​តាម​ទ្វារ​ណាមួយ​ក្នុង​ទ្វារ ៦ ដែល​បាន​កើត​ឡើង​ហើយ​ក៏​រលត់​ទៅ វិថី​ចិត្ត​ក្នុង​ទ្វារ​ដទៃ​កើត​ឡើង​ជាថ្មី​បន្ត​អំពី​វិថី​ចិត្ត​មុន និង​មាន​ការ​កើត​រលត់​បន្ត​គ្នា​រហូត។ ខណៈ​សិក្ខាបទ​ទី ៥ មិត្ត​ល្អ​គប្បី​សិក្សា​ថា អាត្មាអញ​មិន​ត្រូវ​បោក​បញ្ឆោត​មិត្ត​ដោយ ការ​និយាយ​កុហក​ឲ្យ​ខុស​ពី​សេចក្ដី​ពិត​ទៅ​ដល់​មិត្ត​សម្លាញ់​ខ្លួន​នោះ​ឡើយ»៕