The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពុទ្ធឱវាទ​ស្តីពី​មុខងារ ទម្ងន់ និង​ពេលវេលា​នៃ​អំពើ​កម្ម

ពុទ្ធឱវាទ​ស្តីពី​មុខងារ ទម្ងន់ និង​ពេលវេលា​នៃ​អំពើ​កម្ម

Content image - Phnom Penh Post

ពុទ្ធឱវាទ​ស្តីពី​មុខងារ ទម្ងន់ និង​ពេលវេលា​នៃ​អំពើ​កម្ម

ភ្នំពេញៈ ជន​ទាំងឡាយ​មួយចំនួន ដែល​មិនមែន​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា បាន​ត្រូវ​ទាក់​ទាញ​ដោយ​សារ​តែ​ទ្រឹស្តី​នៃ​កម្ម​ឲ្យ​ចូល​មក​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ព្រោះ​សេចក្តី​ពន្យល់​អំពី​ច្បាប់​នៃ​កម្ម​ណែនាំ​ឲ្យ​ដឹង​អំពី​ហេតុ ដែល​ឲ្យ​បុគ្គល​ម្នាក់ៗ​មាន​សភាព​ខុសៗ​គ្នា និង​ហេតុ​ដែល​បណ្តាល​ឲ្យ​បុគ្គល​ម្នាក់ៗ​មាន​ទុក្ខ​ផ្សេង​គ្នា​នៅ​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ។

អ្វីដែល​ហៅថា​កម្ម? ព្រះពុទ្ធ​មាន​ដីកា​ពន្យល់ថា ម្នាល​ភិក្ខុ​ទាំងឡាយ គឺ​ចេតនា ដែល​តថាគត​ហៅ​ថា «កម្ម»។ ​បើ​តាម អត្ថបទ​សម្រង់​សម្តី​ពី​គេហទំព័រ ៥០០០ ឆ្នាំ បាន​ឲ្យ​ដឹង​ពី​អត្ថន័យ​នៃ​កម្ម និង​បរិយាយ​ពី​កម្ម​ត្រូវ​បាន​ចាត់​តាម​លំដាប់​នៃ​មុខងារ ទម្ងន់ និង​ពេល​វេលា និង​កន្លែង ដែល​ត្រូវ​កើត​ឡើង ក្នុង​ជីវិត​មនុស្ស។

តាម​សម្រង់​សម្តី​គេហទំព័រ ៥០០០ ឆ្នាំ បាន​បរិយាយ​ថា៖ «ន័យ​របស់​កម្ម​ក្នុង​ពាក្យ​សាមញ្ញ​ធម្មតា​គឺ អំពើ ឬ​ការ​ធ្វើ​អ្វី​មួយ។ ប្រសិន​នៅ​ក្នុង​ន័យ​ជា​បច្ចេកទេស​កម្ម មានន័យ​ថា ចេតនា។ ខណៈ​ចេតនា​គឺជា​ធម្មជាតិ​នៃ​អ្នក​គិត ជា​អ្នក​ចាត់​ចែង អ្នក​សន្សំ ហើយ​ធម្មជាតិ​ដែល​ញ៉ាំង​ឲ្យ​មាន​យុត្តិធម៌ គឺ​ចិត្ត​ឲ្យ​ប្រព្រឹត្ត​អំពើ​ជា​កុសល​ឬ​ជា​អកុសល។ កាល​ណា​អ្នក​ធ្វើ​អំពើ​អ្វី​មួយ​តែង​តែ​មាន​ចេតនា​នៅ​ពី​ក្រោយ​អំពើ​នោះ ហើយ​ចេតនា​នោះ​ជា​សេចក្តី​ប្រឹង​ប្រែង​តាម​ផ្លូវ​ចិត្ត​ហៅថា​កម្ម។ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ពន្យល់​ថា កាល​ណា​បុគ្គល​ណាមួយ មាន​ចេតនា បុគ្គល​នោះ​រមែង​ធ្វើ​សកម្មភាព​តាម​កាយ វាចា និង​ចិត្ត។ អ្វី​មួយ​ដែល​អ្នក​ធ្វើ​មាន​កម្ម​នៅ​ជាប់​ជាមួយ​ផងដែរ។

ចំពោះ​មុខងារ​នៃ​កម្ម​មាន ៤ យ៉ាង​គឺ​ទី ១-ជន​កម្ម កម្ម​ដែល​ឲ្យ​ផល​ឲ្យ​សត្វ​បដិសន្ធិ ឬ​ជា​ការ​ទទួល​សោយ​ផល ទោះ​ល្អ​ក្តី អាក្រក់​ក្តី មិន​អាច​ចៀស​ផុត​ពី​ផល​នោះ។ទី ២- ឧបត្ថម្ភកកម្ម កម្ម​ដែល​ជា​​ជំនួយ​ដែល​គាំទ្រ​ឲ្យ​ម្ចាស់​កម្ម​សោយ​ផល​នៃ​កម្ម​ដទៃ​នោះ មិន​ឲ្យ​ផល​ដោយ​ខ្លួន​វា​ទេ។ទី ៣- ឧបបីឡកកម្ម​គឺ​កម្ម​ដែល​ទប់​មិន​ឲ្យ​កម្ម​ដទៃ​ទៀត ផ្តល់​ផល​ឲ្យ​ទៅ​ម្ចាស់​កម្ម ជាបណ្តោះ​អាសន្ន កម្ម​ដទៃ​នោះ​មិន​សាបសូន្យ​ទៅ​ណា​ទេ អាច​ឲ្យ​ផល​ទៅ​ថ្ងៃ​ក្រោយ​បាន​ដែរ កាល​ណា​កម្ម​ដែល​រារាំង​នោះ​វារ​លត់​ទៅ។ ទី ៤- ឧបឃាត​កកម្ម គឺ​កម្ម​ដែល​បំផ្លាញ​កម្ម​ដទៃ​ឲ្យ​វិនាស កុំ​ឲ្យ​មាន​តទៅ​ទៀត ហើយ​ក៏​ឲ្យ​ផល​មក​ដោយ​ខ្លួន​ឯង​ផង​ដែរ» ។

សត្វលោក​ដែល​ទទួលផល​ល្អ ឬ​អាក្រក់​ក្នុង​ជីវិត ក៏​ព្រោះតែ​មានកម្ម​ជាហេតុ​ប៉ុណ្ណោះ គ្មាន​ទាក់​ទង​នឹង​អ្វី​ផ្សេង​ទៀត​ទេ។ អ្នក​ធ្វើ​អំពើ​ដោយ​ចេតនា​អាក្រក់ នឹង​ទទួល​ផល​អាក្រក់ អ្នក​ធ្វើ​អំពើ​ដោយ​ចេតនា​ល្អ នឹង​ទទួល​ផល​ល្អ។ មនុស្ស​ម្នាក់ៗ​តែង​ធ្វើ​នូវ​កម្ម​ដែល​ជា​កុសល​ផង ជា​អកុសល​ផង បើ​ដូច្នេះ​តើ​ពេល​ណា ជាតិ​ណា ផល​នៃ​កម្មណា គេ​នឹង​ត្រូវ​ទទួល? បើ​គ្មាន​អ្នក​កាត់​ក្តី​ឲ្យ​ទោស ឬ​រង្វាន់​ទេ​នោះ តើ​អ្វី​ជា​អ្នក​ចាត់​ចែង​ឲ្យ​សត្វ​លោក​ទទួល​ផល​នៃ​កម្ម​របស់​ខ្លួន?

ខណៈ​សម្រង់​សម្តី​ពី​គេហ​ទំព័រ ៥០០០ ឆ្នាំ បន្ត​ឲ្យ​ដឹង​ពី​កម្ម ត្រូវ​ចាត់ចែង​ទៅតាម​ទម្ងន់​របស់​វា​មាន ៤ បែប​គឺ​ទី ១- អនន្តរិយកម្ម កម្ម​ធ្ងន់​ផ្នែក​អកុសល ឬ​គរុកម្ម កម្ម​ខ្លាំងក្លា​ផ្នែក​កុសល ទី ២- អាសន្នកម្ម កម្ម​ទាន់​ហន់ ក្នុង​ពេល​រៀប​ស្លាប់ ទី ៣- អាចិណ្ណកម្ម កម្ម​ទម្លាប់​កម្ម​ស្រាល និង​ចំណុច​ទី ៤-កតត្តាវា​បនកម្ម កម្ម​ដែល​ឲ្យ​ផល​ចុង​ក្រោយ។

មិនតែប៉ុណ្ណោះ កម្ម​ក៏​អាច​ឲ្យ​ផល​ទៅតាម​ពេល និង​ទីកន្លែង ៤ ផងដែរ​គឺ​ទី ១- ទិដ្ឋធម្ម​វេទ​និយកម្ម បច្ចុប្បន្ន​ជាតិ នៅ​ក្នុង​កន្លែង ដែល​កំពុង​រស់​នៅ ទី២- ឧបបជ្ជវេទ​និយកម្ម ជាតិ​បន្ទាប់​នៅ​កន្លែង ដែល​កើត​ជា​ថ្មី ទី ៣-អបរាបរិយ​វេទនិយកម្ម ជាតិ​ក្រោយៗ​បន្ត​អំពី​ជាតិ​បន្ទាប់​នៅ​កន្លែង ដែល​មាន កំណើត​ថ្មី និង​ទី ៤-អហោ​សិកម្ម គឺជា​កម្ម​ដែល​មិន​មាន​ឱកាស​ឲ្យ​ផល​វិញ»៕

អត្ថបទគួរចាប់អារម្មណ៍