ភ្នំពេញៈ មនុស្ស​យើង​ត្រូវ​ដឹងថា ការលេង​ស្រី​គឺជា​គ្រោះថ្នាក់​មួយ​សម្រាប់​យើង​គ្រប់​គ្នា ដែល​ជា​ទោស​អាច​ឲ្យ​កើត​ជំងឺ​កាម​រោគ អេដស៍ ស្វាយ​ជាដើម​រហូត​ដល់​ខ្លួន​ក្សិណក្ស័យ​ចាក​ប្រពន្ធ​កូន​ជាទី​ស្រឡាញ់​ផង​ដែរ។

ខាងក្រោម​នេះ​ជា​ន័យ​សេចក្តី​ដកស្រង់​ពី​សៀវភៅ «ចិញ្ចឹម​កូន​តាម​គន្លង​ធម៌» នៃ​គេហទំព័រ ៥០០០ ឆ្នាំ ដែល​បក​ស្រាយ​ពី​អំពើ​អបាយ​មុខ ៤ ប្រការ​នាំ​ឲ្យ​កើត​មាន​សេចក្តី​វិនាស​ដូច្នេះ​ថា៖ «មនុស្ស​ដែល​មាន​ឈ្មោះ​ថា មាន​ចរិយា​សម្បត្តិ​គឺ ជា​ក្រុម​មនុស្ស​បាន​វៀរចាក​នូវ​អំពើ​អបាយ​មុខ​ពោល​ប្រធាន​នៃ​សេចក្ដី​វិនាស ៤ ប្រការ​គឺ​ការ​លេង​ស្រី ការ​សេព​ស្រា ការ​លេង​ល្បែង និង​ការ​សេព​គប់​បាប​មិត្ត។ បើ​មិន​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ ក៏​ជា​ហេតុ​នាំ​ឲ្យ​ញៀន​ញ៉ាម​នូវ​ក្តី​ត្រេក​ត្រអាល​ដោយ​រាគៈ ត្រូវ​កាម​គុណ​ដឹក​មុខ ហ៊ាន​រហូត​ចាប់​រំលោភ​កុមារី​មិន​ទាន់​គ្រប់​អាយុ ឬ​ចាប់​រំលោភ​សេព​សន្ថវៈ លើ​ប្រពន្ធ​កូន​អ្នក​ដទៃ​ក៏​អាច​ទៅ​បាន​រហូត​ដល់​ថ្នាក់​ត្រូវ​ជាប់​គុក ជាប់​ខ្នោះ ច្រវាក់​យូរ​ខែ យូរ​ឆ្នាំ​ទៅ​តាម​ទង្វើ​ខ្លួន​បាន​ធ្វើ។ នេះ​ដោយសារ​តែ​ការ​លេង​ស្រី ជា​ហេតុ​នាំ​ឲ្យ​រឿង​ញៀន​ញ៉ាម​ក្នុង​កាមា​រម្មណ៍។ បើ​យើង​មិន​លេង​ស្រី​នោះ តើ​រឿង​ហេតុ​ទាំង​អស់​នោះ​កើត​ឡើង​បាន​ដែរ​ឬទេ? យើង​អាច​យល់​បាន ហើយ​ឆ្លើយ​យ៉ាង​ងាយ​ថា រឿង​នោះ​មិន​អាច​កើត​ឡើង​បាន​ទាល់​តែ​សោះ ព្រោះ​យើង​បាន​ប្រព្រឹត្ត​ចរិយា​ដ៏​ល្អ​គឺ​ការ​មិន​លេង​ស្រី​នោះ​ឯង»។

សម្រង់​ចេញ​សេចក្តី​ពី​សៀវភៅ «ចិញ្ចឹម​កូន​តាម​គន្លង​ធម៌» ដដែល​បន្តថា៖ «ការសេព​ស្រា​ក៏​ជា​ទោស​មួយ សម្រាប់​បុរស​ស្ត្រី​ក្នុង​លោក​យើង​នេះ ដោយ​ថា​មនុស្ស​ពេញ​ចិត្ត​ស្រា យក​ស្រា​ជាទី​ពឹង ឃើញ​ថា មាន​តែ​ស្រា​ទេ ដែល​ជា​មិត្តភក្តិ​ជានិច្ច​កាល​គ្រប់​ពេល​មនុស្ស​នោះ​ថា​ខ្វះ​សតិ បាត់បង់​ស្មារតី និង​បញ្ញា​យក​ទោស​ជា​គុណ ឬ​យក​គុណ​ជា​ទោស។ ហើយ​កាល​ណា​សុរា​ជ្រាប​ចូល​ដល់​ពោះ​ភ្លាម​ឃើញ​ថា អញ​អស្ចារ្យ​ជាង​គេ ខ្លាំង​ជាង​គេ​ក្លាយ​ទៅ​ជា​អ្នក​ក្លាហាន​ខាង​ផ្នែក​កាប់​ចាក់ ទាត់​ធាក់ កាច​ឃោរ​ឃៅ​យង់​ឃ្នង ហ៊ាន​ប្លន់ ហ៊ាន​លួច ហ៊ាន​សម្លាប់ ហ៊ាន​ចាប់​រំលោភ សូម្បី​ឪពុក​ម្ដាយ​របស់​ខ្លួន​ក៏​ហ៊ាន​គំរាម​កំហែង ប្រមាថ ឬ​ហ៊ាន​សម្លាប់​គាត់​ទៀត​ផង។ មនុស្ស​ដែល​ពុំ​មាន​សតិបញ្ញា​ស្មារតី​គ្រប់គ្រង​ខ្លួន ឈ្មោះ​ថា ជា​មនុស្ស​វិកល​ចរិត ឬ​ហៅថា​វិបល្លាស​ខ្វះ​សតិ​ក្នុង​ខ្លួន។ ព្រោះ​ហេតុ​នោះ មនុស្ស​យើង​ត្រូវ​វៀរចាក​ការ​សេព​សុរា​បាន​ជា​ដាច់​ខាត ទើប​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ចរិយា​សម្បត្តិ​ល្អ»។

ការលេង​ភ្នាល់​ក៏​ជា​ទោស​ត្រូវ​វៀរចាក​ជាដាច់ខាត​ផងដែរ ព្រោះថា មនុស្ស​ខ្លះ​ដែល​ងប់​វង្វេង​ក្នុង​វង់​ល្បែង​ភ្លេច​អស់​ពី​ការ​សិក្សា​រៀន​សូត្រ ការ​កសាង​អំពើ​ល្អ ជា​ពិសេស​ខ្លួន​បាន​បង្ហាញ​ខ្លួន​ថា ជា​មនុស្ស​មិន​ត្រឹម​ត្រូវ។

ម្យ៉ាងទៀត​អ្នកលេង​ល្បែង​រមែង​មិន​ជាទី​សណ្ដាប់ ជឿទុកចិត្ត​អ្នកដទៃ​ឡើយ ពេល​និយាយ​សម្ដី​សាប​ដូចជា​ទឹក រហូត​ដល់​ចូល​ទៅ​កាន់​ទី​ជំនុំ​ចំណោម​ខ្លួន​ដែល​មិន​មែន​ជា​អ្នក​ក្លាហាន។ ចំពោះ​ល្បែង​បៀ ល្បែង​ស៊ី​សង មាន​ការ​ចាក់​បាល់ ជា​ដើម​គឺ​សុទ្ធ​តែ​ជា មេ​នៃ​សេចក្ដី​វិនាស​សម្រាប់​យើង ហើយ​ព្រោះ​ហេតុ​នោះ មនុស្ស​ដែល​ត្រូវ​ជា​ប្ដី​ប្រពន្ធ​គេ​ត្រូវ​វៀរ​ចាក​ឲ្យ​បាន​នូវ​ល្បែង​ភ្នាល់​គ្រប់​ប្រការ កុំ​លូត​លាស់​ឲ្យ​សោះ។

ជា​ចុងក្រោយ​នៃ​សម្រង់​សេចក្តី​ពី​សៀវភៅ «ចិញ្ចឹម​កូន​តាម​គន្លង​ធម៌» បន្ថែមថា៖ «ការ​សេពគប់​មិត្ត​ក៏មាន​សារៈ​សំខាន់​ផង​ដែរ នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ បើ​មិត្ត​ប្រកប​ដោយ​ធម៌ (មិត្ត​សុចរិត) នោះ​នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដី​សុខ ប៉ុន្តែ​បើ​មិត្ត​នោះ​ប្រកប​ដោយ​អធម៌ (មិត្ត​ទុច្ចរិត) នោះ ក៏​នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដី​វិនាស​ជា​មិន​ខាន​ដែរ»៕