The Phnom Penh Post Search

Search form

ពុទ្ធឱវាទ​ស្តីពី​ ធម៌​គឺជា​គោល​ក្នុងការ​រស់នៅ​រួមគ្នា​បាន​ល្អ

Content image - Phnom Penh Post

ពុទ្ធឱវាទ​ស្តីពី​ ធម៌​គឺជា​គោល​ក្នុងការ​រស់នៅ​រួមគ្នា​បាន​ល្អ

ភ្នំពេញៈ ការ​មាន​ជីវិត​រស់នៅ​រួមគ្នា​ក្នុង​សង្គម តែង​តែ​មាន​បញ្ហា​កកើត​ឡើង​ក្លាយជា​ភាព​ពិសេស គឺការ​ប៉ះទង្គិច​គ្នា​ដោយ​វាចា ឬការ​ប្រើ​ពាក្យ​សម្តី​ចិត្តគំនិត​គិត​ខុសគ្នា និង​ការបៀត​បៀន​គ្នា ខណៈ​សង្គម​ដែល​មាន​នូវការ​បៀត​បៀន​គ្នា សង្គម​នោះ​គឺ​តែងតែ​រកបាន​សេចក្តីសុខ​ដោយ​លំបាក។

ការ​បដិបត្តិ​ខ្លួន​ដើម្បី​ឲ្យការ​រស់នៅ​រួមគ្នា​ក្នុង​សង្គម​ទទួល​បាន​មក​នូវ​សេចក្តីសុខ តាម​គន្លង​ធម៌​ព្រះពុទ្ធ​សាសនា មាន​ធម៌​ជា​គោល​នៅ​ក្នុងការ​រស់នៅ​រួមគ្នា​នៅក្នុង​សង្គម​ដោយ សង្គហវត្ថុ ៤ យ៉ាង​គឺការ​ធ្វើ​ទាន បិយវដ្ឋំ អត្ថចរិយា និង​សមានត្តតា សម្រាប់​ជួយ​សង្គ្រោះ​គ្នា​ទៅវិញ​ទៅមក តាម​សមគួរ និង​លទ្ធភាព មិន​ថា​រស់នៅ ទីណា​នោះ​គឺជា​សង្គម​មនុស្ស​មាន​តួនាទី​នៅ​ក្នុង​ការបំពេញ និង​បដិបត្តិ​ឲ្យ​ល្អ។

តាម​ពុទ្ធឱវាទ​ដែល​នៃ​គេហទំព័រ ៥០០០ ឆ្នាំ បរិយាយ​ពី​សង្គហវត្ថុ ៤ យ៉ាង​នោះ​ថា ៖ «ការឲ្យ​ទាន ការបែង​ចែក​ទ្រព្យសម្បត្តិ​ធនធាន និង​ចំណេះដឹង​របស់​ខ្លួន​ឲ្យ​ដល់​អ្នកដទៃ ដែល​កំពុង​ខ្វះខាត​ដូចជា នៅ​ពេល​មាន​អគ្គិភ័យ បាតុភូត​ធម្មជាតិ​កើត​ឡើង គិត​មិន​ចេញ ឬ​មិនមាន​គំនិត និង​មិនមាន​ចំណេះដឹង​ជាដើម។

មនុស្ស​នៅ​ក្នុង​សង្គម​តែង​មាន​ការ​ឲ្យ​មិន​អាច​អត់​បានទេ ទោះបី​អ្នកមាន​ឬ​អ្នកក្រ​ក៏ដោយ​ចាំបាច់​ណាស់ តែការ​ឲ្យ​ខុសៗ​ពីគ្នា​បុណ្ណោះ ដូចជា​អ្នកខ្លះ​ឲ្យ​តិច អ្នកខ្លះ​ឲ្យ​ច្រើន មិន​សំដៅ​ត្រឹមតែ​នៅ​ពេល​មាន អគ្គិភ័យ បាតុភូត​ធម្មជាតិ​នោះទេ សូម្បីការ​រស់នៅ​ជាមួយ​គ្នា​ជាប្តី​ជាប្រពន្ធ និង​បុត្រធីតា​ក៏មាន​ការ​ឲ្យ​ដែរ​រហូត​ទៅ​ដល់​សង្គម​ទាំងមូល»។

រីឯ​បិយវដ្ឋំ គឺ​មានន័យ​ថា​ជាការ​ពោល​វាចា ពីរោះ​ពិសា​ពាក្យ​សុភាព និង​ផ្អែម​ល្ហែម​ទៅ​កាន់​បុគ្គល​ដទៃ ដែល​កំពុង​ជួប ទុក្ខ មានការ​បាត់បង់​បុគ្គល​ជាទី​ស្រឡាញ់​ជាដើម។

Content image - Phnom Penh Post
រូបតំណាងឲ្យ​ការ​ធ្វើ​ទាន​ផ្នែក​មួយ​នៃ​ធម៌​ជាគោល​។ អង្គការ ពអក

បុគ្គល​គ្រប់រូប នៅ​ពេល​មាន ទុក្ខ​រមែង​បាត់បង់​ស្មារតី​តែ​នៅ​ពេល​ទទួល​ពាក្យ​ពីរោះ​ពី​អ្នកដទៃ រមែង​រំសាយ សេចក្តី​ទុក្ខ​នោះ​បាន។ អស់​លោក​មិត្ត​អ្នកអាន​ដឹង​ហើយ​ថា ពាក្យ​ពីរោះ​ពិសា គ្រប់​សង្គម​មនុស្ស​តែងតែ​ស្រឡាញ់​ចង់បាន និង​ត្រូវការ​គ្រប់​ក្រុម​គ្រួសារ ព្រមទាំង​មនុស្ស​នៅ​ក្នុង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ជួយ​សង្គ្រោះ​គ្នា​ដោយ​ពាក្យសម្តី»។

ចំពោះ​សង្គហវត្ថុ​ទី ៣ គឺ​អត្ថចរិយា​នោះ​ត្រូវ​បាន​បរិយាយ​ថា៖ «ការប្រព្រឹត្ត​ជា​ប្រយោជន៍ ជួយ​កិច្ច​ការងារ គឺ​ការធ្វើ​នូវអំពើ​មាន​ប្រយាជន៍​សម្រាប់​ខ្លួនឯង​ផង​សម្រាប់​អ្នកដទៃ​ផង​ដូចជា​ការសិក្សា​រៀនសូត្រ​តាមផ្លូវ​លោក និង​ផ្លូវធម៌​រមែង​ធ្វើ​ឲ្យ​កើត​ជា​ប្រយោជន៍​សម្រាប់​ជា​គ្រួសារ សង្គម និង​ប្រទេស​ជាតិ​ទាំងមូល​ទៀតផង​ដែរ និង​ប្រព្រឹត្ត​ជា​ប្រយោជន៍​វា​បង្ហាញ​នូវ​តម្លៃ​របស់​មនុស្ស និង​ជា​គំរូ​ដ៏ល្អ​ដល់​អ្នកដទៃ»។

ចំណែក​ទី ៤ គឺ​សមានត្តតា មានន័យ​ថា៖ «ភាពជា​បុគ្គល​មាន​ខ្លួន​ស្មោះ​ស្មើ​មិន​យក​ប្រៀប​លើ​គ្នា ជួយគ្នា​ដោះស្រាយ​បញ្ហា ដែល​កើត​ឡើង ថែម​ទាំង​មិន​ប្រកាន់​ខ្លួន មិន​លើក​តម្កើង​ខ្លួនឯង មិនមាន​មានៈ និង​មាន​ទិដ្ឋិ មើលងាយ​អ្នកដទៃ​ថា​អ្នកនេះ​មិនបាន​ស្មើ​ខ្លួន​មិន​សម​ឲ្យ​ខ្លួន​ទៅ​សេពគប់ ថា​អញ​ជាអ្នក​មាន​យស​ស័ក្តិធំ មិនគួរ​ទៅ​និយាយ​ចំពោះ​អ្នក​មាន​យសស័ក្តិ​តូចៗ​ថា អញ​ជា​អ្នកចេះ មិនគួរ​ទៅ​និយាយ​ជាមួយ​អ្នក​ល្ងង់​ទេ។ ប្រសិន​បើ​នៅ​ក្នុង​ប្រទេស ប្រជាពលរដ្ឋ​មាន​សង្គហវត្ថុ​គ្រប់ៗគ្នា​នោះ​ពិត​ជា​ធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​មាន​សុខសន្តិភាព​ល្អ»៕

អត្ថបទគួរចាប់អារម្មណ៍