The Phnom Penh Post Search

Search form

ពុទ្ធឱវាទ​ស្តីពី​ បុត្រ​ធីតា​លោក​អ្នក ​ព្រះពុទ្ធ​ចែង​ថា​កូន​មាន ៣ ពួក

Content image - Phnom Penh Post

ពុទ្ធឱវាទ​ស្តីពី​ បុត្រ​ធីតា​លោក​អ្នក ​ព្រះពុទ្ធ​ចែង​ថា​កូន​មាន ៣ ពួក

ភ្នំពេញៈ កាល​កូន​នៅ​តូច​មាន​ដៃ​ជើង​ទៅ​លួច​របស់​គេ ដូចជា​ផ្លែឈើ​ជា​ដើម យើង​មិន​ហាម​ឃាត់​កូន​ទេ ថែម​ទាំង​សប្បាយ​ជា​មួយ​កូន​ទៀត រហូត​កូន​ក្លាយ​ជា​អ្នក​ពូកែ​លួច​មាន​ឈ្មោះ​ថា ចោរ ធ្វើ​ឲ្យ​យើង​អាប់​មុខ​ខូច​កិត្តិយស គឺ​ដោយសារ​យើង​ជា​អ្នក​បង្រៀន​ឲ្យ​កូន​ខូច។

កាល​បណ្ដោយ​ចិត្ត​កូន​ខ្លាំង​ពេក ធ្វើ​ឲ្យ​ពួកគេ​ភ្លេច​រាល់​ទង្វើ​ដែល​គេ​បាន​ធ្វើ នឹង​ភាព​ប្រមាថ​ចំពោះ​កិច្ច​ការ​ដែល​កូន​បាន​ធ្វើ​តាំង​ពី​តូច​ឲ្យ​នៅ​ជា​ទម្លាប់​មួយ​ដោយ​ទម្រើស​ចិត្ត​កូន​នឹង​មាន​ភាព​រឹង​រួស មិន​យល់​ពី​ចិត្ត​អ្នកដទៃ​រហូតដល់​ធំ​ពេញ​វ័យ​នៅ​តែ​មាន​ភាព​មិន​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ដោយសារ​តែ​ឪពុក​ម្ដាយ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភាព​ទម្រើស​កូន និង​ភាព​ស្រឡាញ់​កូន​ខ្លាំង​ពេក ដោយ​មាន​មោហៈ​មក​បិទ​បាំង​មិន​យល់​ភាព​ខុស​ឆ្គង​នៃ​កូន​របស់​ខ្លួន បែរ​ជា​ទៅ​ចោទ​អ្នក​ដទៃថា មក​នាំ​កូន​របស់​ខ្លួន​ខូច​ទៅ​វិញ។

បើតាម​ការ​ដក​ស្រង់​ចេញ​ពី​សៀវភៅ «ចិញ្ចឹម​កូន​តាម​គន្លង​ធម៌» ដោយ ៥០០០ ឆ្នាំ នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា កូន​មាន ៣ ពួក​គឺ​អតិ​ជាតបុត្រ អនុ​ជាតបុត្រ និង​អវ​ជាតបុត្រ។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា៖ «ក្នុង​បណ្ដា​កូន​ទាំង ៣ ពួក​នេះ​លោក អធិប្បាយ​ថា កូន​ដែល​ជា​អតិ​ជាតបុត្រ​ជា​កូន​បុណ្យ ដោយ​ថា កូន​នេះ​មិន​មាន​ឪពុកម្ដាយ​ទូន្មាន​ទេ ខ្លួន​ចេះដឹង​នូវ​អំពើ​ខុស​ត្រូវ ដោយ​ខ្លួនឯង​រហូត​ខ្លួន​បាន​ដល់​ព្រះត្រៃ​សរណគមន៍​គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​ស​រណៈ​ជាទី​ពឹង​ទីរឭក នឹង​ជា​អ្នក​សមា​ទាន​សីល ៥ ជា​អ្នក​មិន​សម្លាប់​សត្វ មិន​លួច​ទ្រព្យសម្បត្តិ​គេ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម មិន​និយាយ​កុហក មិន​ផឹកទឹក​ស្រវឹង ឬ អាច​ជា​អ្នក​សមាទាន​សីល ៨ និង​សីល ១០ ឬ មាន​សទ្ធា​ដោយ​ខ្លួន​ឯង ចេញ​ប្រព្រឹត្ត​នូវ​នេក្ខម្មៈ​គឺ​ការ​បួស​ដើម្បី​បំពេញ​កុសល ដោយ​ខ្លួនឯង ដោយ​មិន​មាន​ឪពុក​ម្ដាយ ឬ បង​ប្អូន​បបួល​ដឹង​នាំ​ឡើយ។ កាល​ខ្លួន​បាន​ប្រព្រឹត្ត​នូវ​អំពើ​ល្អ​យ៉ាង​នេះ ក៏​អាច​បបួល​ដឹកនាំ​ឪពុក​ម្ដាយ​ឲ្យ​ដើរ​ក្នុង​គន្លង​ល្អ ដូចជា​ឲ្យ​គាត់​ដល់​ព្រះត្រៃ​សរណគមន៍​រក្សា​សីល ៥-៨-១០ ជាដើម។ នេះ​ឈ្មោះ​ថា ដឹកនាំ​គាត់​ឲ្យ​សទ្ធា សីល ចាគៈ និង​បញ្ញា ដើម្បី​ជា​ប្រយោជន៍​ក្នុង​លោក​នេះ និង​បរ​លោក។ កូន​ដែល​មាន​គុណធម៌​យ៉ាង​នេះ​ឈ្មោះ​ថា ជា​អតិ​ជាតបុត្រ»។

Content image - Phnom Penh Post
រូប​តំណាងបុត្រធីតា​ជាផ្នែក​នៃ​កូន​ទាំង ៣ ជំពូក​។ អង្គការពរក

តាម​ការ​ដក​ស្រង់​ចេញ​ពី​សៀវភៅ «ចិញ្ចឹម​កូន​តាម​គន្លង​ធម៌» ដោយ ៥០០០ ឆ្នាំ បន្ត​ពី​ពុទ្ធវចនៈ​ទៀត​ថា៖ «ចំណែក​អនុ​ជាតបុត្រ ជា​កូន​ដែល​ដើរ​តាម​គន្លង​ដំបូន្មាន​របស់​ឪពុកម្ដាយ។ ឪពុកម្ដាយ​ទូន្មាន​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ​ជា​សុចរិត​ក៏​ធ្វើ​តាម​មិន​ឲ្យ ខុស
ឆ្គាំឆ្គង​ឡើយ ជា​បុគ្គល​ងាយ​ទូន្មាន​ប្រៀន​ប្រដៅ​ហៅថា «សៅវ​ចបុគ្គល» បុគ្គល​ងាយ​ប្រដៅ។ នេះ​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា អនុ​ជាតបុត្រ។ អតិ​ជាតបុត្រ​និង​អនុ​ជាតបុត្រ​នេះ​ចាត់​ជា​កូន​បុណ្យ​ដែល​កើត​ក្នុង​ផ្ទៃ​របស់​យើង ធ្វើ​ឲ្យ​យើង​មាន​សេចក្ដីសុខ​រុងរឿង​ចម្រើន​កើត​សុភមង្គល​ក្នុង​គ្រួសារ។

ចំណែក​ពួក​កូន​ទី ៣ ជា​កូន​បាប​មិន​ចេះដឹង​ខ្លួនឯង​ថា ហើយ​មិន​ស្ដាប់​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុកម្ដាយ​គិត​តែ​ពី​រឿង​សប្បាយ ភ្លើត​ភ្លើន គេច​សាលា ដើរ​លេង​មាន​មិត្តភក្ដិ សុទ្ធ​តែ​ជា​អ្នក​ខិលខូច ខ្ជិល​ច្រអូស រហូត​ប្រព្រឹត្ត​អំពើ​ថោក​ទាប​មាន​លួច ប្លន់​ជាដើម និង​ឈ្មោះ ជា​បុគ្គល​ពាល ឬ ពាក្យ​ជើង​កាង។ ជំពូក​នេះ​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា អវ​ជាតបុត្រ​នេះ​ឯង»៕

អត្ថបទគួរចាប់អារម្មណ៍