The Phnom Penh Post Search

Search form

ពុទ្ធឱវាទ​ស្តីពី​​ មង្គល​ទាំង ៣៨ ប្រការ​ដែល​មនុស្ស​ប្រតិបត្តិ

Content image - Phnom Penh Post

ពុទ្ធឱវាទ​ស្តីពី​​ មង្គល​ទាំង ៣៨ ប្រការ​ដែល​មនុស្ស​ប្រតិបត្តិ

ភ្នំពេញៈ ពេល​យើង​ធ្វើ​អ្វីមួយ តែងតែ​ចង់បាន​ផលប្រយោជន៍​ក្នុងការ​ខំ​ប្រឹង​ប្រែង​ចំពោះ​ការងារ​ទាំង​អស់ មិន​ថា​តិច ឬ​ច្រើន​ឡើយ​ឲ្យ​តែ​បាន​ផល​ជា​មង្គល​សម្រាប់​ជីវិត។ តែ​មង្គល​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​ពិត​ប្រាកដ​នោះ​មិន​ចាំ​បាច់​រក​នៅ​ទីណា​ទេ​គឺ​ស្ថិត​នៅ​ខ្លួន​យើង។

បើតាម​ការបកស្រាយ​ក្នុង​សៀវភៅ​មាន​ចំណងជើង​ថា «សិក្ខាបទ​មនុស្ស​ល្អ» ដោយ​គេហទំព័រ ៥០០០ ឆ្នាំ ឲ្យ​ដឹង​ពី​មង្គល​ទាំង ៣៨ ប្រការ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​បាន​នូវ​សេចក្ដី​សុខ​យ៉ាង​ពិត​ប្រាកដ មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​ទេ​ឲ្យ​តែ​ចេះ​សាង​មង្គល​ទាំង​អស់​នេះ​ហើយ រមែង​បាន​សេចក្ដី​សុខ​ពិត​ប្រាកដ និង​មាន​ផល​ច្រើន​ទៀត​ផង។

មង្គល ៣៨ ប្រការ​នោះ គឺជា​កិរិយា​ប្រព្រឹត្ត​មាន៖ «១-កិរិយា​មិន​សេពគប់​បុគ្គល​ពាល​ទាំង​ឡាយ ២-កិរិយា​សេព​គប់​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ ៣-កិរិយា​បូជា​ដល់​បុគ្គល​គួរ​បូជា​ទាំង​ឡាយ ៤-កិរិយា​នៅ​ក្នុង​ប្រទេស​ដ៏​សមគួរ ៥-ភារៈ​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​ការ​មុន ៦-កិរិយា​តម្កល់​ខ្លួន​ដោយ​ប្រពៃ ៧-ភារៈ​នៃ​បុគ្គល​បាន​ស្ដាប់​បាន​រៀន​ហើយ​ដោយ​ច្រើន ៨-សិល្ប៍-សាស្ត្រ​គឺ​សេចក្ដី​ឆ្លៀវ​ឆ្លាត​ក្នុង​ហត្ថកម្ម ៩-វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ ១០-វាចា​ដែល​បុគ្គល​ពោល​ត្រឹម​ត្រូវ ១១-កិរិយា​បម្រើ​នូវ​មាតា ១២-កិរិយា​បម្រើ​នូវ​បិតា ១៣-សេចក្ដី​សង្គ្រោះ​ដល់​បុត្រ និង​ភរិយា ១៤-ការងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់ ១៥-កិរិយា​បរិច្ចាគ​ទាន ១៦-កិរិយា​ប្រព្រឹត្ត​នូវ​ធម៌ (កុសល-កម្មបទ ១០) ១៧-សេចក្ដី​សង្គ្រោះ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស ១៨-ការងារ​ទាំង​ឡាយ​ដែល​មិន​មាន​នូវ​ទោស ១៩-កិរិយា​មិន​ត្រេកអរ​ក្នុង​បាប និង​កិរិយា​វៀរចាក​បាប»។

ន័យ​សេចក្តី​ពី​សៀវភៅ​ខាងលើ​បន្តថា៖ «២០-សេចក្ដី​សង្រួម​ចាក​កិរិយា​ផឹកទឹក​ស្រវឹង ២១-សេចក្ដី​មិន​ប្រមាថ​ក្នុង​ធម៌​ទាំង​ឡាយ ២២-សេចក្ដី​គោរព​ដល់​បុគ្គល​ដែល​គួរ​គោរព ២៣-កិរិយា​ប្រព្រឹត្ត​បន្ទាប​ខ្លួន​ឲ្យ​ទន់ភ្លន់ ២៤-សេចក្ដី​សន្ដោស​ចំពោះ​វត្ថុ​តាម​មាន​បាន ២៥-កតញ្ញុតា ការ​ដឹង​នូវ​គុណ​ដែល​បាន​ធ្វើ​ហើយ ២៦-កិរិយា​ស្ដាប់​នូវ​ធម៌​តាម​កាល ២៧-សេចក្ដី​អត់​ធន់ (ខន្ដិសំវរៈ) ២៨-ភាវៈ​នៃ​បុគ្គល​ដែល​ប្រដៅ​បាន​ដោយ​ងាយ ២៩-កិរិយា​បាន​ឃើញ​បាន​ជួប​នូវ​សមណៈ​អ្នក​ស្ងប់​រម្ងាប់​បាន​នូវ​បាប​ទាំង​ឡាយ ៣០-កិរិយា​សន្ទនា​នូវ​ធម៌​តាម​កាល​វេលា ៣១-កិរិយា​ព្យាយាម​ដុត​នូវ​បាប​ធម៌​នៅ​ក្នុង​សណ្ដាន ៣២-កិរិយា​ប្រព្រឹត្ត​នូវ​ព្រហ្ម​ចរិយា​ធម៌៣៣-កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំង​ឡាយ ៣៤-កិរិយា​ជាក់​ច្បាស់​នូវ​ព្រះនិព្វាន (អរហត្ត​ផល) ៣៥-ចិត្ត​ដែល​លោក​ធម៌​ពាល់​ត្រូវ​ហើយ​មិន​កម្រើក​ញាប់​ញ័រ ៣៦-មិន​មាន​សេចក្ដី​សោក​សៅ ៣៧-ការ​ប្រាស​ចាក​នូវ​កិលេស​ទាំង​ពួង និង​ចំណុច ៣៨-សភាព​នៃ​ចិត្ត​ដែល​មាន​ភាព​ក្សេម​ក្សាន្ត»៕

អត្ថបទគួរចាប់អារម្មណ៍