ភ្នំពេញៈ ការកសាង​កម្លាំងចិត្ត​ឲ្យ​រឹងមាំ គឺជា​វិធី​អប់រំ និង​ទូន្មាន​ចិត្តជា​ប្រចាំ​ឲ្យ​មាន​សុទិដ្ឋិ​និយម និង​ការ​គិត​ដែល​មាន​ប្រយោជន៍​ដល់​ចិត្ត ធ្វើ​ឲ្យ​ស្ថានភាព​ផ្លូវចិត្ត​របស់​យើង​មាន​ភាព​រឹងមាំ អាច​ប្រឈម​មុខ​នឹង​បញ្ហា​ជីវិត​រស់​នៅ​ប្រកប​ដោយ​ទស្សន​វិជ្ជមាន។ ការ​កសាង​នូវ​កម្លាំង​ចិត្ត​រឹង​មាំ​គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស​គ្រប់​រូប និង​គ្រប់​វ័យ។

បើតាម​ការដកស្រង់​ចេញពី​សៀវភៅ​ឈ្មោះ «យុវជន និង​ការថែទាំ​សុខភាព​ផ្លូវចិត្ត» ដោយ​គេហទំព័រ ៥០០០ ឆ្នាំ នឹង​បង្ហើប​ឲ្យ​បាន​ដឹង​ពី​ការ​គិត​ប្រកប​ដោយ​ទស្សន​វិជ្ជមាន ផល​ល្អ និង​ផល​អាក្រក់​នៃ​ការ​គិត​ដោយ​ទស្សនៈ ឬ​ការ​គិត។

សម្រង់​សម្តី​ខាងលើ​ឲ្យ​ដឹងថា៖ «ការគិត​អាចបង្កើត​នូវ​សេចក្ដីស្រឡាញ់ ជា​ទឹកចិត្ត​សប្បាយ​រីករាយ ការ​គុំ​កួន ការ​ខូចចិត្ត។ល។ នៅ​ពេល​ដែល​យើង​គ្រប់គ្រង​អារម្មណ៍​របស់​យើង​បាន​ល្អ​ហើយ ចិត្ត​យើង​ស្ងប់​ស្ងាត់ ស្រស់​ស្រាយ ភ្លឺ​ថ្លា និង​សុទិដ្ឋិ​និយម»។

ដូចជា​ពុទ្ធភាសិត​មួយ​ល្បះ​បាន​ពោលថា ចិត្ត​ដែល​គេ​ទូន្មាន ឬ​គ្រប់គ្រង​បានល្អ​ហើយ​រមែង​នាំមក​នូវ​សេចក្ដី​សុខ ដែល​នេះ​យើង​ហៅ​វិធី គិត​ដោយ​ទស្សន​វិជ្ជមាន។ យើង​អាច​ចែក​ជា ៤ ប្រភេទ​នៃ​ការ​គិត​គឺមាន​ការ​គិត​ដែល​ឥត​ប្រយោជន៍ ការ​គិត​ដែល​មាន​ប្រយោជន៍ ការគិត​ប្រកប​ដោយ​សុទិដ្ឋិ​និយម និង​ការ​គិត​ដោយ​ទុទិ្ទដ្ឋិនិយម»។

នៅពេលដែល​យើង​មាន​អារម្មណ៍​វិជ្ជមាន ចិត្ត​របស់​យើង​ក៏​ស្ងប់ស្ងាត់ សាច់ដុំ​របស់​យើង​សម្រាក​ចុះ ហើយ​ទទួល​បាន​នូវ​អុកស៊ីសែន​គ្រប់គ្រាន់ សម្ពាធ​ឈាម​ទាប ហើយ​ប្រការ​សំខាន់​នោះ គឺ​អត្រា​ចង្វាក់​បេះដូង​បាន​ថយ​ចុះ ដែល​វា​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​គាំទ្រ ឲ្យ​រាងកាយ​យើង​មាន​សុខភាព​ល្អ​ប្រសើរ។

ទន្ទឹមនេះដែរ ការគិត​ដោយ​វិជ្ជមាន គឺជា​មធ្យោបាយ​មួយ​កាត់បន្ថយ​ការតាន​តឹង​ចិត្ត​ក៏មាន​ប្រសិទ្ធភាព​បំផុត។ សម្រង់​សម្តី​ដដែល​នេះ បន្ត​ឲ្យ​ដឹង​ពី​ផល​ល្អ​នៃ​ការ​គិត​ប្រកប​ដោយ​ទស្សនវិជ្ជា​មាន​ថា៖ «ដើម្បី​កសាង​កម្លាំង​ចិត្ត​រឹងមាំ និង​បណ្ដុះ​នូវ​ទស្សន​វិជ្ជមាន យុវវ័យ​យើង គួរ​ខំ​ហ្វឹកហាត់ ជា​ប្រចាំ និង​គ្រប់គ្រង​អារម្មណ៍​អវិជ្ជមាន​របស់​យើង​ឲ្យ​បាន​ប្រសើរ​តាម​វិធីសាស្ត្រ​មូលដ្ឋាន​មួយ​ចំនួន​ដូចជា ការ​ព្យាយាម​កាត់​បន្ថយ​ការគិត​ដែល​ពុំ​ចាំបាច់ និង​គំនិត​អវិជ្ជមាន​ទាំង​ឡាយ ដែល​ផុស​ឡើង​ជា​ប្រចាំ​ក្នុង​អារម្មណ៍​យើង។ ហ្វឹកហាត់​អប់រំ​ចិត្ត​ឲ្យ​ស្ងប់ និង​កសាង​ទស្សន​សុទិដ្ឋិ​និយម​តាមរយៈ​ការ​សិក្សា​កម្រង​ទស្សនៈ​របស់​ព្រះពុទ្ធ​ដែល​ជា​ទស្សនវិជ្ជា​ដ៏ល្អ​ប្រសើរ​បំផុត​មាន​ចំណាស់ និង​ជា​ប្រពៃណី​ដ៏​យូរលង់​ណាស់​មក​ហើយ​នៅ​ប្រទេស​កម្ពុជា​យើង​ក្នុង​វិស័យ​អប់រំ​សីលធម៌ ចរិយា​ធម៌ និង​ការ​អប់រំ​ចិត្ត ឲ្យ​មាន​អារម្មណ៍​សន្តិភាព។ ការ​បណ្ដុះ​ភាព​រឹងមាំ​ក្នុង​ចិត្ត ដើម្បី​បង្កើត​ការ​ជឿ​ទុក​ចិត្ត​ចំពោះ​ខ្លួន​ឯង និង​ឲ្យ​តម្លៃ​ខ្ពស់ ក៏​ដូចជា​ការ​គោរព​ខ្លួនឯង​ផ្ទាល់»។

ខណៈ​ផល​មិនល្អ​ក៏ត្រូវ​បាន​គេ​បន្ថែម​ឲ្យ​ដឹង​ដែរ​ថា៖ «ពេលដែល​យើង​មានគំនិត​អវិជ្ជមាន​នៅ​ក្នុង​អារម្មណ៍ វា​អាច​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ជាច្រើន​ដល់​សុខភាព​របស់​យើង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត»។

ឧទាហរណ៍ ពេល​យើង​ព្រួយបារម្ភ ក្រោធ​ខឹង ច្រណែន ស្អប់ខ្ពើម គុំកួន ជាដើម អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ​បង្កើត​ឲ្យ​យើង​មាន​ការ​តាន​តឹង​ចិត្ត ធ្វើ​ឲ្យ​សាច់​ដុំ​ឡើង​តឹង បេះដូង​ដើរ​ញាប់ បណ្ដាល​ឲ្យ​ដំណើរ​ឈាម​មាន​ចលនា​ប្រែប្រួល​ខុស​ធម្មតា គឺ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​លើ​រាងកាយ​ដូចជា ឈឺក្បាល ឈឺ​ក អស់​កម្លាំង​កាយ ថប់​ក្នុង​អារម្មណ៍ ពិបាក​ដក​ដង្ហើម។ល»៕