ភ្នំពេញៈ ជីវិត​របស់​មនុស្ស​ម្នាក់ៗ​រមែង​ជួបប្រទះ​សេចក្តី​ក្តៅ​ក្រហាយ ខ្វាយ​ខ្វល់​នៅ​ក្នុង​ចិត្ត ដ៏​សន្ធឹក​សន្ធាប់​រាប់​ដង​មិន​អស់ ជា​ច្រើន​បែប​ច្រើន​យ៉ាង ខណៈ​ភាព​ក្តៅ​ក្រហាយ​ទាំង​អស់​នោះ គឺមាន​ឫស​គល់​កើត​ចេញ​មក​ពី​សេចក្តី​ប្រកាន់​នៃ​ខ្លួន​ឯង​រួម​មក​ជាមួយ​ផង​ដែរ។

សេចក្តី​ខាងក្រោម​នេះ​លោក​អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​នឹង​បរិយាយ​ពី​សេចក្តី​ប្រកាន់ ដែល​នឹង​នាំ​ឲ្យ​កើត​មាន​សេចក្តី​ទុក្ខសោក និង​ក្តៅ​ក្រហាយ​ដល់​មនុស្ស​លោក។ លោក​អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស បាន​ពន្យល់​ពី​អត្ថន័យ​នៃ​សេចក្តី​ប្រកាន់​ថា៖ «សេចក្តី​ប្រកាន់​ដែល​ពោល​មក​នេះ គឺ​ការ​ដែល​មនុស្ស​យើង​ទៅ​ចាប់​យក​មក​ហួង​ហែង​នូវ​អ្វី​ណាមួយ រហូត​ទាល់​តែ​ខ្លាំង​ហួស​ដូចជា ចាប់​យក​មនុស្ស​ទាំង​ឡាយ​ណា ឬ​របស់​ទាំង​ឡាយ​ណា ការងារ​ទាំង​ឡាយ​ណា ឋានៈ​ទាំង​ឡាយ​ណា ទាំង​ការ​ចេះ​ដឹង​ទាំង​ឡាយដល់​គំនិត​របស់​ខ្លួន​ជាដើម។ ទាំង​អស់​នេះ ជាការ​ហួងហែង​ប្រកាន់​មាំ​ខ្លាំង​ពេក​ទៅ​គឺ​នៅ​ក្នុង​សេចក្តី​ប្រកាន់​ថា​ជា​របស់​យើង។ សេចក្តី​ប្រកាន់​ដូច​នេះ​ឯង​ជាហេតុ​ជាដើម​ចម​នៃ​សេចក្តី​ក្តៅ​ក្រហាយ​និង​ទុក្ខ​សោក​ក្រៀម​ក្រំ ដែល​តែង​តែ​មាន​ក្នុង​មនុស្ស​ម្នាក់។ សេចក្តី​ប្រកាន់​នៅ​ក្នុង​អ្វី​ណាមួយ​ក៏​នឹង​ទុក្ខសោក​ក្តុកក្តួល​នៅ​ក្នុង​អ្វី​នោះ​មិន​ខាន​ឡើយ»។

លោក​អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស បាន​បន្តទៀតថា៖ «ប្រសិនបើ​មិនមាន​ការប្រកាន់​នៅក្នុង​អ្វី​ណា​ទេ ក៏​នឹង​មិន​មាន​ទុក្ខសោក មិន​មាន​កើត​ចេញ​នូវ​ភាព​ក្តុកក្តួល និង​មិន​មាន​ភាព​ក្តៅ​ក្រហាយ​ក្នុង​អ្វី​នោះ​កើត​ឡើង​បាន​ឡើយ។ ប្រសិន​បើ​កូន​ត្រូវការ​ឲ្យ​មាន​ជីវិត​រស់​នៅ ជា​សេចក្តី​សុខ​ពិតៗ​នោះ កូន​ត្រូវ​តែ​ព្យាយាម​លះ​លែង​ចោល​នៅ​ក្នុង​ចិត្ត​នូវ​អ្វីៗ​នោះ ដែល​នាំ​ឲ្យ​ថយ​ចុះ​នូវ​សេចក្តី​ប្រកាន់ ឬ​កូន​ត្រូវ​តែ​ចាំ​ទុក​នូវ​ពាក្យ​នេះ​គឺ​កុំ​ចង់​បាន​របស់​ដែល​អត់​មាន​អី ហើយ​ក៏​កុំ​ជាប់​ចិត្ត​ទៅ​នឹង​របស់​ដែល​មាន​គ្រប់​យ៉ាង ព្រោះ​ថា​អ្វីៗ​គឺ​សុទ្ធ​តែ​កើត​មក​ពី​ហេតុ អ្វីៗ​ដែល​កើត​ឡើង​សុទ្ធ​តែ​មាន​ភាព​ប្រែប្រួល​ទាំង​អស់។ កូន​កុំ​ទៅ​ទូល​ដុំថ្ម កុំ​ទទួល​នូវ​ភារៈ​អ្វី​ឲ្យ​ធ្ងន់​ហួស​ហេតុ​ពេក​អី។ ជាធម្មតា​នៃ​ភារៈ ដែល​រែក​ទូល គឺ​វា​រមែង​មាន​ភាព​ធ្ងន់ និង​អស់​ការ​នឿយហត់​តទៅ​ទៀត​ផង​ដែរ»។

មនុស្សម្នាក់ៗសុទ្ធតែ​ខំ​ស្វែងរក​សន្តិភាព និង​សុខដុមរមនា ពីព្រោះ​គេ​ចេះតែ​ខ្វះ​សេចក្តី​សុខ​នេះ​នៅ​ក្នុង​ជីវភាព​រស់​នៅ​សព្វថ្ងៃ ដោយ​មាន​ពេល​ខ្លះ គេ​ជួប​ប្រទះ​នឹង​ភាព​ឣន្ទះ​ឣន្ទែង សេចក្តី​ក្តៅ​ក្រហាយ ភាព​មិន​ស្រុះ​ស្រួល​គ្នា។

កាល​ណា​គេ​រង​នូវ​ទុក្ខ គេ​មិន​រក្សា​វា​ទុក​សម្រាប់​តែ​ខ្លួន​ឯង ប៉ុណ្ណោះ​ទេ គឺ​តែង​តែ​ចែក​វា​ទៅ​ឲ្យ​ឣ្នក​ដទៃ​ផងដែរ។ ទុក្ខ​នេះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​បរិយាកាស​នៅ​ជុំវិញ​មនុស្ស​រង​ទុក្ខ ហើយ​មនុស្ស​គ្រប់​គ្នា​ដែល​ចូល​មក​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​នេះ នឹង​ប្រែ​ទៅជា​ក្តៅ​ក្រហាយ​ឣន្ទះ​ឣន្ទែង​ដែរ​ដែល​របៀប​រស់នៅ​បែប​នេះ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស បរិយាយ​បន្ថែមថា៖ «ភារៈ​ដែល​ចិត្ត​ទទួល​រែកពុន ឬ​ប្រកាន់​ទុក​នេះ​វា​មិន​ងាយ​នឹង​ដាក់​ចុះ​បាន​ដោយ​ងាយ​ឡើយ ដូច្នេះ​ហើយ​ទើប​វា​ធ្វើ​ឲ្យ​ធ្ងន់​នៅ​ក្នុង​ចិត្ត និង​ក្តៅ​ក្រហាយ​ជានិច្ច​កាល។ បើ​ទោះបី​ថា​មាន​ភារៈ ឬ​ទូល​រែក​អ្វី​ដោយ​មិន​ប្រកាន់​ភារៈ​នោះ​ខ្លាំង​ពេក​ទេ ពេល​គួរ​ដាក់​ក៏​ដាក់ ពេល​គួរ​ទូល​រែក​ក៏​ទូល​រែក​ទៅ ធ្វើ​បាន​ដូច​នេះ​វា​គ្រាន់​ធូរ​ទ្រូង​ខ្លះ អាច​មាន​ជីវិត​ជា​សុខ​តាម​សមគួរ​ដែរ​ល្អ​ជាង​រែក​ទូល​គ្រប់​ពេល​វេលា។ ចំពោះ​សេចក្តី​ប្រកាន់​ក្នុង​ចិត្ត ដែល​ជា​ភារៈ​ធ្ងន់​ដូចជា​ពោល​ហើយ​នេះ បើ​ដាក់​ចុះ​បាន​ខ្លះ ក៏​នឹង​មាន​សេចក្តី​សុខ​ខ្លះ បើ​ដាក់​ចុះ​បាន​ទាំង​អស់​ក៏​នឹង​មាន​សេចក្តី​សុខ​ទាំង​អស់ នេះ​ជា​សច្ចធម៌៕