ភ្នំពេញៈ ពេលដែល​មនុស្ស​យើង​កើតមក​តែងតែ​ជួប​នូវ ឧបសគ្គ​គ្រប់​បែប​យ៉ាង ទាំង​អស់​នេះ​យើង​មិន​អាច​ចៀស​ផុត​បាន​ឡើយ មិន​ថា​គេច​ទៅ​នៅ​ទីណា​ទេ ទាំង​នេះ​មក​អំពី​ចិត្ត​បិសាច ដែល​ជាប់​តាម​ខ្លួន​ពោល​គឺ​លោភៈ ទោសៈ មោហៈ ជា​ប្រធាន​នៃ​សេចក្ដី​អាក្រក់ ដ៏​ពិស​ពុល​ជាង​អ្វីៗ​ទាំង​អស់។

សូម្បីតែ​ចង់​គេច​ឲ្យ​ផុត​អំពី​សេចក្ដី​ទុក្ខលំបាក​នោះ ក៏​មិន​ងាយ​ដែរ ដោយសារ​តែ​មិន​អាច​រក​ដំណោះ​ស្រាយ គេច​ឲ្យ​ផុត​បាន​ប្រសិន​បើ​មាន​ដំណោះ​ស្រាយ​វិញ រមែង​ដោះ​ស្រាយ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជីវិត​យើង​នឹង​បាន​សុខ​ត្រឹម​តែ​មួយ​ខណៈ​តែ​ប៉ុណ្ណោះ មិន​ថា អ្នក​ជំនាញ​ដោះស្រាយ​បញ្ហា​យ៉ាង​ណា​នោះ​ទេ គឺ​មិន​អាច​ដោះស្រាយ​បាន​ឡើយ បើ​មាន​វិធី​ដោះ​ស្រាយ​វិញ ដោះ​ស្រាយ​បាន​តែ ១ ជ្រុង​តែ​ប៉ុណ្ណោះ។

បើតាម​សម្រង់​សម្តី​ចេញពី​សៀវភៅ «រស់​ក្រោម​ម្លប់​ព្រះធម៌» របស់​ព្រះ​ភិក្ខុ ចិន្តកវី ទូច ចន្ថា ឲ្យ​ដឹង​បន្ថែម​ថា៖ «ចង់​និយាយ​ក្នុង​ទីនេះ ប្រាប់​អ្នក​អាច​ឲ្យ​បាន​ដឹង​ថា ទោះបី​ខំ​ប្រឹង​យ៉ាង​ណា​ក្តី ក៏​មិន​អាច​ដោះ​ស្រាយ​ឲ្យ​ផុត​ពី​សេចក្ដី​ស្លាប់​នេះ​បាន​ដែរ។ ដូច​គា​ថា ​ព្រះសម្មា​សម្ពុទ្ធ​ព្រះអង្គ​សម្ដែង​ថា ពួក​ជន​ណាៗ ទោះបី​ក្មេង​ក្ដី ចាស់​ក្ដី ពាល​ក្ដី បណ្ឌិត​ក្ដី អ្នក​មាន​ក្ដី អ្នក​ក្រ​ក្ដី ជន​ទាំង​អស់​នោះ តែង​មាន​សេចក្ដី​ស្លាប់​នៅ​ខាង​មុខ។ ភាជន៍​ដី​ដែល​ស្មូន​ឆ្នាំង​ធ្វើ​ហើយ ទោះបី​តូចក្ដី ធំក្ដី ឆ្អិន​ក្ដី​ឆៅ​ក្ដី ភាជន៍់​នោះ​មាន​កិរិយា​បែក​ធ្លាយ​នៅ​ទីបំផុត។ យ៉ាង​ណា​មិញ​ជីវិត​របស់​សត្វ​ទាំង​ឡាយ​ក៏​យ៉ាង​នោះ​ដែរ»។

បើ​មនុស្ស​យើង​បានដឹង​អំពី ដំណើរការ​ប្រព្រឹត្ត​រប​ស់​សង្ខារធម៌ ហើយក៏​មិន​ប្រកាន់​ខ្ជាប់​ជាមួយ​តួខ្លួន កំពុង​តែ​មាន​មេរោគ គឺ​សេចក្ដី​អាក្រក់​ជាប់​មក​តាម​ខ្លួន​យើង​នោះ​ត្រូវ​យក​ធម៌​មក​ពិចារណា​មួយ​កន្លែង​ដើម្បី​ការពារ​សត្រូវ​ខ្លួន ឬ​ជា​ប្រដាប់​ការពារ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​គ្រោះ​កំណាច​ចិត្ត​គំនិត ដែល​យើង​បាន​គិត​ថា ជា​រឿង​ធំ។

ព្រះ​ភិក្ខុ ចិន្តកវី ទូច ចន្ថា មាន​សង្ឃដីកា បន្តទៀតថា៖ «ម្យ៉ាងវិញទៀត រឿង​ដែល​កើត​ចំពោះ​មុខ​យើង​បច្ចុប្បន្ន​នេះ​ វា​មិន​មែន​កើត​មក​ពី​ណា​ក្រៅ​អំពី​ខ្លួន​យើង​នោះ​ទេ ដែល​យើង​គិត​ថា មាន​គេ​ជា​សត្រូវ​យើង មាន​អ្នក​ដទៃ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ស្អប់ គួរ​ឲ្យ​ខ្ពើម​រអើម​នោះ​ទេ។ តែ​រឿង​ទាំង​អស់​នេះ បើ​យើង​មិន​បាន​គិត​ពិចារណា​ទេ​រមែង​នាំ​សត្រូវ​មក​យើង​រហូត ដូច​មាន​រឿងរ៉ាវ​កាល​ពី​សម័យ​ពុទ្ធកាល នាង​ឧត្តរា​ឧបាសិកា មាន​ចិត្ត​ប្រសើរ​ដ៏​ខ្ពស់​ក្នុង​ការ​ឲ្យ​អភ័យ ចំពោះ​អ្នក​ដែល​ប្រទូស្ដ​នឹង​ខ្លួន នាង​ជា​អរិយ សាវិកា និង​ជា​កំពូល​លើ​ឧបាសិកា​ទាំង​ឡាយ ដែល​បាន​ចាប់​យក។ ដូចជា​ក្នុង​អដ្ឋកថា​ធម្មបទ​កោធ​វគ្គ បាន​សម្ដែង​ថា នាង​សិរិមា​បាន​ប្រទូស្ដ​នឹង​នាង​ឧត្តរា ដោយ​ការ​យក​វែក​ធំ​ដង​ទឹក​ដោះ ដែល​កំពុង​ដាំ​ពុះ ចាក់​ទៅ​លើ​នាង​ប៉ុន្តែ​នាង​ឧត្តរា​បាន​ផ្សាយ​មេត្តា​ចិត្ត​ទៅ​រក​នាង​សិរិ​មា​ទាន់​ពេល។ នាង​ឧត្តរា បាន​គិត​ថា ព្រោះ​អាស្រ័យ​នាង ទើប​យើង​បាន​ថ្វាយ​ទាន សមាទាន​ឧបោសថ និង​បាន​ស្ដាប់​នូវព្រះធម៌»។

ភិក្ខុ​ចិន្តកវី ទូច ចន្ថា មាន​សង្ឃដីកា​បន្តថា៖ «ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សរសើរ នាង​ឧត្តរា ឧបាសិកា​ថា សាធុ! សាធុ! ឧត្តរា ការ​ឈ្នះ​សេចក្ដី​ក្រោធ យ៉ាង​នោះ ជា​ការ​សម​គួរ​ណាស់។ រួច​ហើយ​ព្រះអង្គ​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា គប្បី​ឈ្នះ​មនុស្ស​ក្រោធ​ដោយ​ការ​មិន​ក្រោធ គប្បី​ឈ្នះ​មនុស្ស​មិន​ល្អ​ដោយ​សេចក្ដី​ល្អ គប្បី​ឈ្នះ​មនុស្ស​កំណាញ់ ដោយ​ការ​ឲ្យ​ទាន គប្បី​ឈ្នះ​មនុស្ស​និយាយ​ឡេះ​ឡោះ​ដោយសារ​តែ​ពាក្យ​ពិត។ នាង​សិរិមា បាន​សម្រេច​សោតា​បត្តិផល ដោយ​ព្រះធម៌​ទេសនា​នេះ​ឯង»៕