The Phnom Penh Post Search

Search form

ពុទ្ធឱវាទ​អំពី​ក្តី​ស្រឡាញ់ ការ​ហួងហែង និង​តណ្ហា

Content image - Phnom Penh Post

ពុទ្ធឱវាទ​អំពី​ក្តី​ស្រឡាញ់ ការ​ហួងហែង និង​តណ្ហា

ស្រឡាញ់​ពិត​ប្រាកដ

វត្ថុ​កាម​ក្ដី ស្នេហា​ក្ដី មិន​មែន​លំបាក​ក្នុង​ការ​បាន​មក​នោះ​ទេ ប៉ុន្តែ​វា​មិន​ងាយ​នឹង​រក្សា ណា​មួយ​មិន​ចេះ​គ្រប់ ទាំង​ដែល​មាន​សេចក្ដី​ត្រេកអរ​តិច តែ​មាន​ទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ត​ច្រើន រវល់​ច្រើន​ឥត​ប្រយោជន៍។

សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ក្នុង​ព្រះពុទ្ធ​សាសនា គឺ​សេចក្ដី​ជ្រះ​ថ្លា មេត្តា ករុណា ប្រាថ្នា​ឲ្យ​អ្នក​ដទៃ​ដែល​យើង​ស្រឡាញ់​នោះ​បាន​ល្អ មាន​សេចក្ដី​សុខ​ក្នុង​ព្រះធម៌ និង​រួច​ផុត​ចាក​ទុក្ខ​អំពី​វដ្ដ​សង្សារ។

ត្រូវ​ប្រយ័ត្ន សកម្មភាព​នៃ​សេចក្ដី​ស្រឡាញ់​ខុស​ទំនង ក្លាយ​​ទៅ​​ជា​ការ​បៀតបៀន​ទាំង​ខ្លួន​ឯង ទាំង​អ្នក​ដែល​យើង​ស្រឡាញ់ ទាំង​អ្នក​ដែល​ស្រឡាញ់​យើង​ច្រើន​ទៀត​ផង។

ត្រូវ​ប្រយ័ត្ន​បញ្ហា​ហួងហែង

ហួង​ហែង​ខ្លាំង​ពេក វា​នាំ​ឲ្យ​លំបាក​ទាំង​អស់​គ្នា គឺ​លំបាក​ទាំង​​យើង​អ្នក​ហួងហែង​គេ ទាំង​គេ​ដែល​ត្រូវ​យើង​ហួងហែង​នោះ​ឯង។

ការ​ហួង​ហែង​ដូចជា ការ​ឱបរឹត បើ​វា​តឹង​ពេក​ទៅ វា​ពិត​ជា​នាំ​ឲ្យ​លំបាក​ដក​ដង្ហើម​ណាស់ ម្ល៉ោះ​ហើយ ​រឿង​រ៉ាវ​វា​រឹត​តែ​ធំ​ឡើង ដល់​ថ្នាក់​នៅ​ជាមួយ​គ្នា​មិន​បាន សូម្បី​តែ​កូន ក៏​មិន​ចង់​នៅ​ជាមួយ​នឹង​ម៉ែឪ​ដែល​ហួង​ហែង​ពេក​នោះ​ដែរ។

ត្រូវ​ពិចារណា​ថា អ្នក​ណា​ៗ ក៏​គេច​មិន​ផុត​អំពី ចាស់ ឈឺ ស្លាប់ ព្រាត់​ប្រាស និង​ផលកម្ម​ដែរ ខ្លួន​យើង​ក៏​គេច​មិន​ផុត ហើយ​ដល់​ពេល​យើង​ស្លាប់​ទៅ យើង​នៅ​ហួង​ហែង​ស្អី​បាន​ទៀត។

ដូច្នេះ​ត្រូវ​ប្រញាប់​រៀបចំ​ឲ្យ​ហើយ​ស្រេច​គ្រប់​រឿង កុំចាំ​បាច់​ហួង​ហែង​វែង​ឆ្ងាយ ត្រូវ​រស់​នៅ​ប្រកប​ដោយ​បញ្ញា ពោល​គឺ​ព្យាយាម​អប់រំ​បញ្ញា មាន​ចិត្ត​សុខ​ស្ងប់ សប្បាយៗ​មុន​ពេល​ស្លាប់ ព្រោះ​មិន​មាន​អ្វី​សម្រាប់​ឲ្យ​ហួង​ហែង ដល់​ពេល​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត។

ចំពោះ​តណ្ហា រឹត​តែ​បាន រឹត​តែ​មិន​គ្រប់

កាល​បើ​នៅ​ត្រូវ​ការ​ច្រើន​ប៉ុន​ណា ក៏​ត្រូវ​តែ​រែក​ពុន​លី​សែង ឬ​ក៏​ត្រូវ​ទូល​ទៅ​នូវ​ភារៈទម្ងន់​​ធ្ងន់​ប៉ុណ្ណឹង​ដែរ។ ការ​ស្វែង​រក ​និង​ការ​បាន​មក មើល​ទៅ​ហាក់​ដូច​ជា​ហ៊ឹក​​ហ៊ាក់​ហ៊ឺហា​ខ្លាំង​ក្លា​មាំមួន​ណាស់ ប៉ុន្តែ នេះ​បាន​ត្រឹម​តែ​​ធ្វើ​ឲ្យ​ភាព​​ងាយ​​ស្រួល ក្លាយ​ទៅ​ជា​យ៉ាប់ ទៅ​ជា​រវល់​ច្រើន លំបាក​ច្រើន ដោយ​ទាំង​មិន​ចាំ​បាច់​អ្វីនោះ​ផង​ឡើយ។

វា​ជា​ការ​​សាង​បញ្ហា សាង​រឿង​រវល់​ឥត​ប្រយោជន៍​ឲ្យ​ខ្លួន​ឯង​ទៅ​វិញ​ទេ នេះ​ឯង​កាមគុណ វា​មាន​ទាំង​​អស្សាទៈ គឺ​សុខ​សោមនស្ស វា​មាន​ទាំង​អាទីនវៈ​គឺ​ទោស ដែល​លំបាក​នឹង​យល់​ទៅ​បាន។

ដំណោះស្រាយ គឺ​ត្រូវ​ចេះ​ពិចារណា​នូវ​ប្រយោជន៍​ក្នុង​វត្ថុ​ប្រើ​ប្រាស់ និង​ត្រូវ​ដឹង​ថា អ្វី​ដែល​មិន​​ចាំ​បាច់​សម្រាប់​ជីវិត​នេះ ព្រោះ​ជីវិត​នេះ ចាំ​បាច់​ត្រូវ​ការ​យ៉ាង​រួសរាន់​នូវ​កុសលធម៌ ដើម្បី​កម្ចាត់​បង់​ហេតុ​នៃ​សេចក្ដី​ទុក្ខ ដូច​ជា​ភ្លើង​កំពុង​ឆេះ​ក្បាល ហើយ​ប្រញាប់​រំលត់​នូវ​ភ្លើង​នោះ ដូច្នោះ​ឯង។

អ្នក​ត្រូវ​ចេះ​សន្ដោស​ក្នុង​បច្ច័យ ៤ ជ្រើស​រើស​យក​អ្វីៗ​ដោយ​ស្មារតី មិន​កាន់​យក​តាម​តែ​ចំណង់​នៃ​កិលេស​កាម​របស់​អ្នក​នោះ​ឡើយ។

អ្នក​ទាំង​ឡាយ​ត្រូវចង​ចាំ​ថា កាម​គុណ​រឹត​តែ​ស៊ី រឹត​តែ​ឃ្លាន រឹត​តែ​បាន រឹតតែ​មិន​គ្រប់ ទាំង​ដែល​មិន​ចាំ​បាច់​បាន​អ្វីៗ​នោះ​ដោយ​សព្វ​គ្រប់​ទៀត​ផង។

ស្រឡាញ់សុខ ឬ​ស្រឡាញ់​សេចក្ដី​ទុក្ខ

សុខទុក្ខ​ផ្លូវ​ចិត្ត ប្រព្រឹត្ត​ទៅ​តាម​គំនិត គឺ​គិត​ត្រូវ​កើត​សុខ បើ​គិត​ខុស​កើត​ទុក្ខ។ សេចក្ដី​ទុក្ខ​ក្នុង​ចិត្ត​វា​មិន​ចេះ​តែ​តោង​យើង​ជាប់​ទៅ​នោះ​ទេ មក​ពី​យើង​ទេ​តើ​ដែល​ចេះ​តែ​ទូល​រែក​សេចក្ដី​ទុក្ខ​ដោយ​គំនិត​ល្ងង់​ខ្លៅ​ខ្លួន​ឯង។

រីឯ សេចក្ដី​សុខ​វិញ ក៏​មិន​ចេះ​រត់​ចេញ​ពី​ចិត្ត​យើង​ដែរ តែ​មក​អំពី​យើង មិន​ចេះ​ថ្នម មិន​ចេះ​ថែរក្សា​ទុក​ក្នុង​ចិត្ត​ឲ្យ​បាន​ល្អ បណ្តោយ​ឲ្យ​ក្ដី​ទុក្ខ​មក​នៅ​ជំនួស របៀប​ដូច​ស្រឡាញ់​ទុក្ខ ស្អប់​សុខ​អ៊ីចឹង។

ប្រយ័ត្ន​គំនិត​ប្រៀបធៀប

តាម​ពិត​ក្នុង​ពេល​ដែល​កំពុង​កើត​ទុក្ខ​នោះ គឺ​មិនមែន​ចិត្ត​ជា​បុណ្យ​ឡើយ ពេល​នោះអាច​ជា​ចិត្ត​ដែល​កំពុង​តែ​គិត​ខុស​ក្នុង​រឿង​អ្វី​មួយ ឬ​កំពុង​តែ​ប្រៀប​ធៀប​ខ្លួន​ឯង​នឹង​អ្នក​ដទៃ ដូច្នេះ សូម​ប្រយ័ត្ន​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​គិត​ប្រៀបធៀប​ឲ្យ​កើត​ទុក្ខ​ឯងៗ។

ជា​ធម្មតា​នៃ​ចិត្ត​ជា​បុណ្យ​​រមែង​ជា​សុខ​ទាន់​ពេល​នោះ​ឯង ហើយ​រមែង​មាន​វិបាក​ជា​សុខ ទៅ​តាម​គ្រា​ដែល​បុណ្យ​នោះ​ឲ្យ​ផល ដូច​ជា​ការ ដាំ​ពូជ​ដូច្នោះ​ដែរ៕

ប្រភព​ពី​វេបសាយ 5000-years.org

អត្ថបទគួរចាប់អារម្មណ៍