The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពុទ្ធឱវាទ​ ស្តីពី​កាមគុណដែល​មាន​ចំនួន ៥ ​ប្រការ

ពុទ្ធឱវាទ​ ស្តីពី​កាមគុណដែល​មាន​ចំនួន ៥ ​ប្រការ

Content image - Phnom Penh Post

ពុទ្ធឱវាទ​ ស្តីពី​កាមគុណដែល​មាន​ចំនួន ៥ ​ប្រការ

ភ្នំពេញៈ ម្នាល​ភិក្ខុ​ទាំងឡាយ សមណៈ ឬ​ព្រាហ្មណ៍​ជា​អ្នក​ដែល​មាន​ចិត្ត​ងោក​ជ្រប់ លង់ស៊ប់ ជា​អ្នក​មិន​ឃើញ​នូវ​ទោស​មិន​មាន​ប្រាជ្ញា​ជា​គ្រឿង​រលាស់​ខ្លួន​ចេញ «​បច្ចវេក្ខណញ្ញាណ​» តែងតែ​បរិភោគ​កាមគុណ​ទាំង​ ៥ ដោយ​សមណៈ ឬ​ព្រាហ្មណ៍​ទាំងនោះ បណ្ឌិត​គប្បី​ជ្រាប​យ៉ាង​នេះ​ថា​ជា​អ្នក​ដល់​នូវ​សេចក្តី​មិន​ចម្រើន​ដល់​នូវ​សេចក្តី​វិនាស​ជា​អ្នក​ត្រូវ​មារ​មាន​ចិត្ត​បាប​នឹង​ធ្វើ​តាម​សេចក្តី​ប្រាថ្នា​បាន​។ តើ​កាមគុណ​ទាំង ៥ ​ប្រការ រួមមាន ១. រូបា រូប ២. សទ្ទា សំឡេង ៣. គន្ធា ក្លិន ៤. រសា រស និង​ ៥. ផោដ្ឋព្វា ផ្សព្វ នោះ​មាន​ន័យ​សេចក្តី​ដូចម្តេច​ខ្លះ​?

បើ​តាម​ការដកស្រង់​ចេញ​ពី​សៀវភៅ «​ជំនួយ​សុខភាព​ផ្លូវចិត្ត​ភាគ​ ៤» រៀបរៀង​ដោយ​សាមណេរ ធម្មាលង្ការោ ចាន់ សុជន បរិយាយ​ថា​៖ «​រូបា គឺ​រូប​ទាំងឡាយ​ដែល​គប្បី​ឃើញ​ដោយ​ចក្ខុ​ជា​ទីប្រាថ្នា​ជា​ទីពេញចិត្ត​ជា​ទីគាប់ចិត្ត​មាន​ភាព​គួរ​ឲ្យ​ស្រឡាញ់​ប្រកប​ដោយ​កាម​គួរ​រីករាយ ១ សទ្ទា ឬ​សំឡេង​ដែល​គប្បី​ដឹង​ដោយ​សោតៈ​ជា​ទីប្រាថ្នា​ជា​ទី​ពេញចិត្ត​ជា​ទី​គាប់ចិត្ត មាន​ភាព​គួរ​ឲ្យ​ស្រឡាញ់ ដោយ​កាម​គួរ​រីករាយ​ ១​។ រសា ឬរស​ដែល​គប្បី​បាន​ដឹង​ដោយ​ជីវ្ហា ជា​ទីប្រាថ្នា​ជា​ទី​ពេញចិត្ត ជា​ទី​គាប់ចិត្ត មាន​សភាព​គួរ​ឲ្យ​ស្រឡាញ់ ប្រកប​ដោយ​កាម​គួរ​រីករាយ ១ ផោដ្ឋព្វា​គឺជា​របស់​ជា​គ្រឿង​ប៉ះពាល់​ដោយ​កាយប្រសាទ​ដែល​មាន​រឹង ឬ​ទន់​ជាដើម​គឺ​គប្បី​ដឹង​ដោយ​កាយ​ជា​ទីប្រាថ្នា ជា​ទី​ពេញចិត្ត​ជា​ទី​គាប់ចិត្ត មាន​ភាព​គួរ​ឲ្យ​ស្រឡាញ់​ដោយ​កាម​គួរ​ឲ្យ​រីករាយ​ ១​។ គន្ធា ឬ​ក្លិន​ទាំងឡាយ​ជា​ទីពេញចិត្ត​តាម​ផ្លូវ​ច្រមុះ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ១ ដោយ​ទាំង​នេះឯង​គឺ​កាមគុណ​មាន ៥ ​យ៉ាង​នោះ​»​។

ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជន ​ក្នុង​លោក​នេះ​ជា​អ្នក​មិន​ចេះ​ដឹង​មិន​បាន​ឃើញ​ពួក​ព្រះអរិយៈ មិន​បាន​សិក្សា​នៅក្នុង​ធម៌​សប្បុរស រមែង​ពិចារណា​ឃើញ​នូវ​រូប​ថា​ជា​ខ្លួន​ខ្លះ នូវ​ខ្លួន​ថា​មាន​រូប​ខ្លះ នូវ​រូប​ថា​មាន​ក្នុង​ខ្លួន​ខ្លះ នូវ​ខ្លួន​ថា មាន​ក្នុង​រូប​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំងឡាយ​ពាក្យ​ហៅថា បុថុជ្ជន អ្នក​មិន​ចេះដឹង ជាប់​ដោយ​ចំណង​គឺ​រូប​ជាប់​ដោយ​ចំណង​ទាំង​ក្នុង​ទាំង​ក្រៅ ជា​អ្នក​មិន​ឃើញ​នូវ​ឆ្នេរ គឺ​វដ្តៈ មិន​ឃើញ​នូវ​ត្រើយ​គឺ​ព្រះនិព្វាន​រមែង​ចាស់​ទាំង​ជាប់​ចំណង​ស្លាប់​ទាំង​ជាប់​ចំណង​ចេញ​ចាក​លោក​នេះ​ទៅ​កាន់​លោក​ខាងមុខ ឬ​ទាំង​នៅ​ជាប់​ចំណង​។

វត្ថុកាម​ដែល​នាំ​ឲ្យ​បុរស​ទាំងឡាយ​ជាប់​ជំពាក់​ជាងគេ ព្រះអង្គ​ទ្រង់​សម្តែង​ថា​៖ «​តថាគត​រក​មិនឃើញ​នូវ រូប សំឡេង ក្លិន រស សម្ជស្ស សូម្បី តែ​មួយ​ដែល​គ្រប​សង្កត់​នៃ​ចិត្ត​បុរស​ហើយ​ក៏​ស្ថិត​នៅ​ដូចជា រូប​សំឡេង ក្លិន រស សម្ជស្ស របស់​ស្ត្រី​នោះ​ឡើយ​»៕

អត្ថបទគួរចាប់អារម្មណ៍