The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពុទ្ធឱវាទ​ ស្តីពីមនុស្ស​ព្រម​ទទួល​ភាព​ល្ងង់​ខ្លះ ​ក៏​ជា​រឿង​ល្អ​សម្រាប់​ខ្លួនឯង

ពុទ្ធឱវាទ​ ស្តីពីមនុស្ស​ព្រម​ទទួល​ភាព​ល្ងង់​ខ្លះ ​ក៏​ជា​រឿង​ល្អ​សម្រាប់​ខ្លួនឯង

Content image - Phnom Penh Post

ពុទ្ធឱវាទ​ ស្តីពីមនុស្ស​ព្រម​ទទួល​ភាព​ល្ងង់​ខ្លះ ​ក៏​ជា​រឿង​ល្អ​សម្រាប់​ខ្លួនឯង

ភ្នំពេញៈ ការ​ដែល​យើង​ធើ្វ​ខ្លួន​ជា​មនុស្ស​មាន​ទឹកចិត្ត​មាន​ការស្មោះត្រង់ និង​កើត​មាន​ការស្រឡាញ់​នូវ​ភាពយុត្តិធម៌​នោះ អ្នកដទៃ​គេ​ក៏​អាច​មើល​មក​ឃើញ​ថា យើង​ល្ងង់ មិន​ចេះ​​រកស៊ី មិន​ចេះ​ចង់​មាន ចង់បាន មិន​ចេះ​ឆក់​ឱកាស​។ កូន​អើយ​ព្រម​ឲ្យ​គេ​ថា​ចុះ ព្រម​ឲ្យ​គេ​ថា យើង​ល្ងង់​ក៏​ល្អ​ជាង​កូន​ជា​មនុស្ស​មិន​មាន​ទឹកចិត្ត មិនមាន​សុចរិត​ស្មោះ និង​មិនមាន​យុត្តិធម៌​។

បើ​តាម​សម្រង់​អត្ថបទ​ចេញ​ពី​សៀវភៅ «​ពាក្យពេចន៍​ម៉ែឪ​» របស់​អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុតសាវង្ស បាន​បកស្រាយ​អំពី​ការព្រម​ទទួល​ភាព​ល្ងង់​ពេល​ខ្លះ​អាច​ជា​រឿង​ល្អ​សម្រាប់​ខ្លួនឯង​ដែរ​ថា​៖ «​កូន​ត្រូវ​ធ្វើការ​ដោយស្មោះ​ត្រង់ មាន​ទឹកចិត្ត​ចំពោះ​អ្នកដទៃ ស្លូតបូត​ត្រឹមត្រូវ សូម្បី​មិន​សូវ​មានទ្រព្យ​លើស​ពី​ការប្រើប្រាស់​ដូច​គេ​ថា​ក៏ដោយ តែ​កូន​បាន​សប្បាយចិត្ត​។ គ្រួសារ​យើង​អាច​ខ្វះខាត​ខ្លះ ប៉ុន្តែ​មាន​ការកក់ក្តៅ​រស់នៅ​ឃើញ​មុខ​គ្នា​មិន​គិត​ខ្វល់ ឬ​រង្កៀស​ចិត្ត​ក្នុង​រឿង​អ្វី​ច្រើន​ឡើយ​»​។

រវាង​ការ​មាន​ទ្រព្យ​សម្បត្តិ​ដោយ​គ្មាន​ការ​កក់ក្តៅ និង​មាន​ការកក់ក្តៅ​គ្រាន់តែ​មិន​សូវ​មាន​ទ្រព្យ​ ២ ​យ៉ាង​នេះ តើ​កូន​ជ្រើសរើស​យក​មួយ​ណា​?

លោក​អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​មាន​មនុស្ស​មួយ​ចំនួន​មានមុខ​មានមាត់​ក្នុង​សង្គម​មាន​ពេលវេលា​ដើរ​ទាក់​យកចិត្ត​ថ្លើម​អ្នកដទៃ ជា​ជាង​មាន​ពេលវេលា​នៅ​ជាមួយ​គ្រួសារ​ខ្លួនឯង ឬ​ត្រូវ​ស្ទុះ​ទៅ​លិច ស្ទុះ​ទៅ​កើត ដើម្បី​រក្សា​ផលប្រយោជន៍​របស់​ខ្លួន​រហូត​ឥតមាន​ល្ហែ​ឲ្យ​ពេល​ទៅ​ផលប្រយោជន៍​ខាង​ក្រៅ​ផ្សេងៗ​ច្រើន​ជាង​ការ​ឲ្យ​ដល់​គ្រួសារ​ខ្លួន ឬ​ពុំ​នោះ​សោត​ត្រូវ​តែ​ប្រឹងប្រែង​ព្យាយាម ប្រចុប​ប្រចែង​ទៅ​នឹង​អ្នកតូច អ្នកធំ​ដើម្បី​ផលប្រយោជន៍​នោះ​។

ដូច្នេះ​ឯង​ដែល​គាត់​គិត​ថា​ខ្លួន​គាត់​ឆ្លាត​បាន​ជា​ភ្លេច​ថា ព្រោះ​ការ​ឆ្លាត​របស់​ខ្លួន​នោះ​ឯង​បាន​ធ្វើឲ្យ​ខ្លួនឯង​មិន​មាន​ពេល​បរិភោគ ឬ​ជា​ការបរិភោគ​ខុស​ពេល​មិនមាន​ពេលដេក មិន​មាន​ពេល​សម្រាក និង​មិន​មាន​ពេលវេលា​ឲ្យ​ដល់​គ្រួសារ​គ្រប់គ្រាន់​ធ្វើឲ្យ​គ្រួសារ​ខ្វះ​នូវ​ភាពកក់ក្តៅ​»​។

កូន​អើយ​ពិតមែន​ហើយ​ថា នៅក្នុង​សង្គម​គ្រួសារ​មួយ​ចាំបាច់​ត្រូវ​មាន​ប្រាក់ ប៉ុន្តែ​ក៏​មិនមែន​ឲ្យ​តែ​មាន​ប្រាក់​គឺ​មាន​សុភមង្គល មាន​ភាពកក់ក្តៅ​នៅ​ក្នុង​ចិត្ត ឬ​ក្នុង​ជីវិត​ទៅ​បាន​សព្វគ្រប់​នោះ​ទេ​។

សង្កេត​ឃើញ​ស្ត្រី​ជា​ភរិយា​ច្រើន​ណាស់​ដែល​មិន​ខ្វះ​ទ្រព្យសម្បត្តិ ហើយ​មាន​សុទ្ធតែ​ជា​របស់​ល្អ​របស់​ថ្លៃៗ ប៉ុន្តែ​បែរ​ជា​មាន​ភាព​ខុសប្រក្រតី ដោយសារ​មាន​មុខ​អាប់​ស្រពោន ព្រោះ​តែ​ខ្វះ​ភាព​កក់ក្តៅ​ពី​ស្វាមី​ខ្លួន​នោះ​ឯង​។

លើស​ពី​នេះ​លោក​អគ្គបណ្ឌិត ប៊ុត សាវង្ស ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​៖ «​មនុស្ស​ដែល​តែងតែ​គិត​ថា ខ្លួនឯង​ជា​មនុស្ស​ឆ្លាត តែ​បែរជា​ខ្លួន​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ដេក​សម្រាក​នៅ​ផ្ទះ​ខ្លួនឯង​ដោយសារ​ត្រូវ​ចេញ​ចោល​ប្រពន្ធ​ចោល​កូន​ជារឿយៗ​។

មាន​អ្នក​ខ្លះ​មាន​ភាព​ស្មោះត្រង់​មួយ​ទល់​នឹង​មួយ តែ​ក៏​មាន​អ្នកខ្លះ​ខ្វះ​នូវ​ធម៌​សន្តោស ចិត្ត​ល្មោភ​លោភលន់ រកស៊ី​ទុច្ចរិត និង​អ្នក​ខ្លះ​ទៀត​ខ្វះ​ភាពយុត្តិធម៌​នៅក្នុង​សង្គម​គ្រួសារ​ខ្លួនឯង​។​ល​។ កូន​អើយ​នៅក្នុង​រឿង​ទាំងអស់​នេះ ប្រសិន​បើ​គេ​ថា​កូន​ល្ងង់​មែនទែន ព្រោះ​តែ​មិន​ចេះ​ឆ្លាត​ដូចជា​គេ គឺ​ថា​វា​ជា​រឿង​ល្អ​ណាស់​វិញ​ទេ​សម្រាប់​កូន​ខ្លួនឯង​នោះ​។

ដូច្នេះ​កូន​ត្រូវ​ចេះ​ត្រឹម​តែ​អ្វី​ជា​ការងារ​របស់​កូន​ចុះ​ដោយ​មាន​ទឹកចិត្ត សុចរិត​ស្មោះត្រង់​នឹង​គ្រួសារ​មាន​ការកក់ក្តៅ​ទៅ​គឺ​កូន​ត្រូវ​រស់នៅ​ប្រកប​ដោយ​សេចក្តី​សុខ​សប្បាយ​នាពេល​ណា​ក្បាល​កូន​ដល់​ខ្នើយ កូន​នឹង​គេង​លក់​ស្រួល មិន​ចាំបាច់​យក​ដៃ​គង​ថ្ងាស​រិះរក​គិត​នេះ ឬ​គិត​រក​រឿង​នោះ​ឡើយ ណា​កូន​សម្លាញ់​»៕

អត្ថបទគួរចាប់អារម្មណ៍