ភ្នំពេញៈ ជា​ប្រក្រតី​មនុស្ស​យើង ច្រើន​តែ​សម្លឹង​មើល​អ្នកដទៃ​ពិចារណា​វែកញែក​គ្នា​ពី​អ្នកដទៃ និង​ច្រើន​តែ​បាន​មើលឃើញ​នូវ​កំហុស​របស់​គេ​តែប៉ុណ្ណោះ​។ សភាព​បែប​នេះ​ព្រោះ​មក​អំពី​គុណភាព​របស់​ចិត្ត​ក្នុង​ពេល​សម្លឹងមើល​។ បើ​អ្នក​សម្លឹង​មាន​ចិត្ត​លម្អៀង​ទៅក្នុង​ផ្លូវ​ដែល​មិន​ល្អ​ស្រេច​ជាមុន​ហើយ​ការ​សម្លឹង ក៏​រមែង​ឆៀង​ទៅ​រកតែ​ចំណុច​ខ្វះខាត​របស់​គេ​ប៉ុណ្ណោះ គឺ​មើល​រំលង​នូវ​សេចក្ដី​ល្អប្រសើរ​របស់គេ​ទាំងអស់​តែ​ម្តង​។

ការសម្លឹង​មើល​នេះ ប្រសិនបើ​មាន​ចិត្ត​លម្អៀង​ទៅក្នុង​សេចក្ដី​ស្រឡាញ់ ដោយ​មាន​ការនិយម​រាប់អាន​គ្នា​ឯង​មកវិញ​នោះ ការ​សម្លឹង​គឺ​ក៏​រមែង​ឆៀង​ទៅ​រកតែ​ចំណុច​ល្អ​របស់​គេ សូម្បីតែ​ចំណុច​ល្អ​នោះ​មាន​តិច​ក៏​ឃើញ​ច្រើន ហើយ​លើក​យក​មក​រៀបរាប់​ពណ៌​នា​វែងឆ្ងាយ រីឯ​ចំណុច​ខ្វះខាត​វិញ​សូម្បីតែ​មើលឃើញ​ហើយ​ក៏​រំលង​ចោល​ទៅ មិន​យក​ចិត្ត​ទុកដាក់​ឡើយ​។ ទោះ​ជា​ការសម្លឹង​មើល​អ្នក​ដទៃ​ដោយ​មិន​លម្អៀង​យ៉ាងណា​ក៏ដោយ ក៏​មិន​ប្រសើរ​ដូច​ជា​ការ​សម្លឹង​មើលខ្លួន​ឯង​ដែរ​។

តាម​សម្រង់​ចេញ​ពី​សៀវភៅ «​ពន្លឺ​ធម៌​ព្រះពុទ្ធ​» បរិយាយ​​ថា​៖ «​ជាការពិត​ដែល​ថា​មាន​មនុស្ស​មិនតិច​នាក់​ទេ មាន​ការសប្បាយចិត្ត​ក្នុង​ការចាំ​ចាប់​កំហុស​អ្នកដទៃ ឬ​ថា​មាន​សេចក្ដី​សុខ​ក្នុង​ការប្រជុំ​គ្នា និយាយ​និន្ទា​ពី​អ្នកនេះ អ្នកនោះ ព្រមទាំង​ខាត​ពេល​ក្នុង​ការតាមដាន​រឿងរ៉ាវ​ព្រម​ខូច​ពេល​ក្នុង​ការរង់ចាំ​មើល​ផល​ចាញ់​ឈ្នះ​របស់​គេ ព្រម​ឲ្យ​ពេលវេលា​សម្លាប់​ជីវិត​របស់​ខ្លួន ដោយ​គ្រាន់តែ​ប្ដូរ​យក​បាន​នូវ​ការ​សប្បាយចិត្ត​បន្តិចបន្តួច ឬ​ដោយ​គ្រាន់តែ​បាន​ស្រណុក​មាត់​នៅ​ក្នុង​ការនិយាយ​ពី​គេ​តែ​ប៉ុណ្ណោះ​។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា បុគ្គល​ណា​ល្ងង់​ហើយ​បាន​ដឹង​ថា​ខ្លួនឯង​ល្ងង់ បុគ្គល​នោះ​អាច​នឹង​ក្លាយ​ជា​បណ្ឌិត រីឯ​បុគ្គល​ណា​ល្ងង់​តែង​សម្គាល់​ខ្លួន​ថា​ជា​បណ្ឌិត​បុគ្គល​នោះ​ពិតជា​បុគ្គល​ល្ងង់ ព្រោះ​បើ​មិន​ព្រម​រៀន​ដឹង​ពី​អ្នកដទៃ ដោយ​គិត​ថា​ខ្លួនឯង​ឆ្លាត​ហើយ ដូច្នោះ​គេ​ទើប​ជា​បុគ្គល​ល្ងង់​រហូត​ទៅ​»​។

អ្នកណា​យ៉ាង​ម៉េច​អ្នកណា​ធ្វើ​អ្វី​នៅឯណា​គឺ​ដឹង​សព្វ​ដឹង​គ្រប់​ល្អិតល្អន់​ហ្មត់ចត់ ថែម​ទាំង​ចេះ​វែកញែក​ទៀត​ផង ថា​វា​គួរតែ​យ៉ាង​នេះ​វា​គួរតែ​យ៉ាង​នោះ​គឺ​តាំងខ្លួន​ជា​អ្នកជំនាញ​ក្នុង​គ្រប់​រឿង​។ នៅក្នុង​ពេល​ដែល​អង្គុយ​វែកញែក​ពី​រឿង​អ្នកដទៃ​នោះ​រឿង​របស់​ខ្លួនឯង​ និង​រឿង​ក្នុង​ក្រុមគ្រួសារ​របស់​ខ្លួន​​ក៏​កំពុង​តែ​នៅ​ដោះស្រាយ មិន​ចេញ​នៅ​ខ្វះខាត​ប្រាក់​ណា​មួយ​អត់​ការធ្វើ រីឯ​ប្ដី​ប្រពន្ធ​ខ្លួនឯង​មិន​សូវ​ត្រូវ​គ្នា​។​ល​៕