ភ្នំពេញៈ តើ​អ្វី​ទៅជា​ស្វាមី? ពាក្យ​ស្វាមី​ស្មើនឹង​ពាក្យ​ប្ដី​ដែរឬទេ បើ​ប្រើ​ទៅ​តាម​ឋានៈ​របស់​មនុស្ស? ចុះ​ហេតុអ្វី​បាន​ជា​មនុស្ស​ស្រី​ចាំបាច់​ជ្រើស​រើស​ស្វាមី?

ពិត​មែនហើយ​បើតាម​ពាក្យចាស់​លោក​ថា ធ្វើស្រែ​ក៏ត្រូវ​តែ​រើស​ពូជស្រូវ​ល្អ​ដែរ ទើបបាន​ផល​ល្អ និង​បាន​ផល​ច្រើន។

ម្យ៉ាង​វិញ​ទៀត​បើ​ធ្វើ​ខុស​មួយ​ឆ្នាំ​អាច​គង់​ត្រូវ​ឆ្នាំ​ក្រោយ តែ​ការ​ជ្រើស​រើស​ស្វាមី បើ​ខុស​ម្តង​ហើយ គឺថា​ខុស​មួយ​ជីវិត​ពិបាក​នឹង​កែកុន​វិញ​ណាស់។ ដូច្នេះ​អ្នកជា​ស្ត្រី​គួរ​តែ​ចេះ​ជ្រើស​ស្វាមី​ដោយ​ប្រុង​ប្រយ័ត្ន ក្រែង​លោ​ប៉ះចំ​លើ​ស្វាមី​ខ្លះ​ណា​មាន​នៅ​ក្នុង​ជំពូក​ស្វាមី​ទាំង ៧ ដូច​មាន​ខាង​ក្រោម​តាម​ការ​បក​ស្រាយ​ពី​គេហទំព័រ ៥០០០ ឆ្នាំ។

ជំពូក​ទាំងនោះ​ត្រូវបាន​បកស្រាយ​ដូច្នេះ​ថា៖ «ទី ១ វធ​កា​ស្វាមី​គឺ​សំដៅ​ស្វាមី​ដូច​ពេជ្ឈឃាត ដែល​រង់​ចាំ​តែ​​រក​រឿង​វាយ​តប់ និង​សម្លាប់​ភរិយា​ខ្លួន ចិត្ត​មិន​ត្រា​ប្រណី​គឺ​ដូច​ពេជ្ឈឃាត​ដែល​គ្មាន​ភាព​ត្រា​ប្រណី ចំពោះ​អ្នក​ទោស​របស់​ខ្លួន។ រីឯ​ទី ២ ចោរ​ស្វាមី សំដៅ​ស្វាមី​ដូចជា​ចោរ មិន​ត្រង់​នឹង​ភរិយា​ខ្លួន ចាំតែ​លួច​បំបាត់​ទ្រព្យ​សម្បត្តិ ឬ លាក់​លៀម​រឿង​អ្វីៗ​នឹង​ប្រពន្ធ ហាក់​ដូចជា​ចោរ ដែល​រង់​ចាំ​តែ​លួច​ទ្រព្យ​គេ និង​លាក់​បំបាំង​រឿង​អាក្រក់​របស់​ខ្លួន​មិន​ឲ្យ​គេ​ដឹង។ ទី ៣ អយ្យា​ស្វាមី សំដៅ​ស្វាមី​ដែល​មាន​លក្ខណៈ​ដូចជា​ចៅ​ហ្វាយ​គឺ​ចាំ​តែ​ចង្អុល​បញ្ជា បើ​ខុស​ស្ដី​បន្ទោស ប្រើ​ប្រពន្ធ​ធ្វើការ​ដូចជា​ខ្ញុំ​បម្រើ​របស់​ខ្លួន​អ៊ីចឹង»។

ចំណែក ៤ ជំពូក​ផ្សេងទៀត​ក៏ត្រូវ​បាន​បរិយាយ​ថា៖ «ទី៤ បិតា​ស្វាមី​សំដៅ​ស្វាមី​លក្ខណៈ​ដូចជា​ឪពុក មាន​ចិត្ត​ស្រឡាញ់​ថ្នាក់​ថ្នម​ប្រពន្ធ​ដូច​កូន និង​ចេះ​មើល​ការ​ខុស​ត្រូវ រវាំង​មិន​ឲ្យ​កូន​ធ្វើ​ខុស ការពារ​កូនៗ​គ្រប់​ទិស​ទី។ ជំពូក​ទី ៥ ជេដ្ឋា​ស្វាមី​សំដៅ​ស្វាមី​ប្រៀប​ដូច​បង​ប្រុស ស្រឡាញ់​ថែទាំ​ប្រពន្ធ ដូច​បង​ប្រុស​ស្រឡាញ់​ប្អូន និង​ការពារ​ប្អូន។ ទី ៦ សខី​ស្វាមី សំដៅ​ស្វាមី​ដូចជា​មិត្តភក្តិ គឺថា​ទុក​ភរិយា​ខ្លួន​ស្មើ​នឹង​មិត្តភក្តិ​ហើយ​ពេល​ជួប​គ្នា​ក៏​រីករាយ បាន​អ្វី​ក៏​ចែក​រំលែក​គ្នា​តាម​នាទី​មិត្ត​គោរព​មិត្ត រួម​សុខ​រួម​ទុក្ខ។ ចំណែក​ទី ៧ ទាសា​ស្វាមី សំដៅ​ស្វាមី​ដូច​ទាសា ស្ដាប់​បង្គាប់​ភរិយា ធ្វើការ​គ្រប់​បែប​យ៉ាង​មិន​ឲ្យ​ភរិយា​ខ្លួន​ព្រួយ​បារម្ភ​ឡើយ»។

ស្វាមី​ជំពូក​ទី ១ ទី ២ និង​ទី ៣ មិនល្អ​ឡើយ ខណៈ​អស់លោក​ជា​ស្វាមី​គួរ​ចៀសវាង​ចេញ​កុំ​ប្រព្រឹត្ត ហើយ​អាច​រើស​យក​ណាមួយ​នៅ​ក្នុង​ចំណោម​ជំពូក ៤ ផ្សេង​ទៀត​បាន៕