ក្រុង​តាខ្មៅ: មិនមែនជា​ជីតា ឬ​ឪពុក​ជាប់សាច់​សាលោហិត​នឹង​គ្នា​អ្វី​សូម្បីតែ​បន្ដិច តែ​ជា​ទំនាក់​ទំនង​ដែល​កើត​ចេញ​ពី​បទពិសោធ​ក្នុង​ឆាក​ជីវិត​កំ​ព្រី​កំព្រា​របស់​ខ្លួន​ឯង​ផ្ទាល់ ដែល​ឪពុកម្ដាយ​បាន​ចែក​ឋាន​តាំង​ពី​តូច​ក្រូច​ឆ្មារ កញ្ញា ពេជ្រ ចរណៃ ទួញ​យំ​សោក​សង្វេគ​ដោយ​ក្ដី​អាណិត​អាសូរ​ចំពោះ​ជីវិត​ដ៏​ទុរគត​របស់​លោក​តា​ម្នាក់ កំពុង​រងា​ញ័រ​ញាក់​ក្នុង​ជម្រក​ខ្ទម​រខេក​រខាក ខណៈ​ដៃ​លើក​ប្រណម​អរគុណ​ទាំង​មមីមមើ មិន​ដឹង​ថា កូន​ចៅ​នរណា​មក​យំ​ក្រសោប​ឱប​កាយ និង​ជួយ​យក​អាសា​ខ្លួន​ក្នុង​គ្រា​កាន់​តែ​ដុន​ដាប​នេះ។

លោកតា ជ្រី​ង អាយុ ៨៨ ឆ្នាំ​រស់នៅ​អាស្រ័យ​សំយាបផ្ទះ​អ្នកជិតខាង​ក្នុងភូមិ​ប្រាសាទ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ដ​កណ្ដាល​រស់​នៅ​ឯកា​ដោយ ពឹង​លើ​របរ​ដើរ​ត្រុកៗ រើស អេត​ចាយ​ដើម្បី​ចិញ្ចឹម​ក្រពះ។

ដោយ​មើលឃើញ​ពីស​កម្មភាព​ដើរ​រើស​សម្បក​ដប​ក្នុង​សភាព​ល្ហិតល្ហៃ​របស់លោក​តា​ជរា ខណៈ​ពេល​កំពុង​ថត​សម្ដែង​ភាព​យន្ដ​ស្ថិត​នៅ​ភូមិ​សាស្ដ្រ​ស្រុក​ពញាឮ អ្នក​សិល្បៈ​បាន​បាត់បង់​ភាព​កក់​ក្ដៅ​ពី ដើម​ទ្រូង​ឪពុក​ម្ដាយ​រូប​នេះ ក៏​ចាប់​ផ្ដើម​ឈឺ​ឆ្អាល និង​តាម​ពី​ក្រោយ​ដំណើរ​របស់​លោកតា​រហូត​ដល់​ខ្ទម​កម្សត់។

ស្ថិតក្នុង​សម្លៀកបំពាក់​ឈុត​សម្ដែង​រ៉ូ​ប​ពណ៌​ខៀវ​បែក​ស្វាយ​តុបតែង​មុខ មាត់​ស្អាត​ខ្ញង់ កញ្ញា ពេជ្រ ចរណៃ ជា​តារា​សម្ដែង និង​គ្រូ​គុន​ខ្មែរ​ល្បុក្កតោ បាន​និយាយ​ថា៖ «ក្នុង​ភូមិ​លោក​តា​រស់​នៅ​នោះ​មាន ៧ គ្រួសារ សុទ្ធ​តែ​ក្រីក្រ។ ប៉ុន្ដែ​លោក​តា​ជួប​ការ​លំបាក​ខ្លាំង​ជាង​គេ។ គាត់​ធ្លាក់​ខ្លួន​ឈឺ​អត់​បាន​ដើរ​រើស​សម្បក​កំប៉ុង​ទៀត​ទេ។ អត់​បាយ​ក្រហាយ​ទឹក ហើយ​គាត់​ត្រូវ​ទទឹក​ទឹក​ភ្លៀង​រហូត​ដោយសារ​ដំបូល​ខ្ទម​ធ្លុះធ្លាយ។ គាត់​អត់​បាន​សម្រាន្ដ​ហើយ​ខោអាវ និង​មុង​ភួយ​របស់​គាត់​សើម​ជោក​ទាំង​អស់»។

ទោះបីជា​បុរស​ចំណាស់​នេះ​មិនមែនជា​សាច់ឈាម​អ្វី​នឹង​តារា​សម្ដែង​វ័យ ២៤ ឆ្នាំ​រូបនេះ​យ៉ាងណា​ក៏ដោយ ក៏​កញ្ញា ចរណៃ បន្ដ​ចំណាយ​ពេល​ជាច្រើន​ថ្ងៃ​មើល​ថែទាំ និង​ផ្ដល់​ថ្នាំ​សង្កូវ រហូត​ដល់​សុខភាព​លោក​តា​បាន​ធូរ​ស្បើយ។

ក្រៅពី​សិល្បៈ ចរណៃ ឆ្លៀត​ធ្វើ​ការងារ​មនុស្សធម៌។ ហ្វេសប៊ុក

ដ្បិត​សុខភាព​បាន​ប្រសើរ ការជួយ​ដល់​តា​ចាស់​វ័យ ៨៨ ឆ្នាំ នៅតែ​បន្ដ ដោយ​អ្នកគ្រូ​ក្បាច់គុន​ល្បុក្កតោ​ក្រមា​មាស​នៅ​វត្ដ​ថាន់​រូបនេះ លើក​ដៃ​ប្រណម​កៀរគរ​សុំ​ជំនួយ​ពី​សប្បុរស​ជន គួប​នឹង​ថវិកា​ផ្ទាល់​ខ្លួន ត្រៀម​រៀបចំ​សាង​សង់​ផ្ទះ​សមរម្យ​ជូន​លោកតា​សម្រាប់​ជ្រក​ភ្លៀង និង​បាំង​កម្ដៅ​ថ្ងៃ។

កញ្ញា​ប្រាប់ថា៖ «យ៉ាងយូរ ៣-៤ ថ្ងៃ​ផ្ទះ​តូច​នឹងធ្វើ​ការ​សាងសង់​រួចរាល់។ ផ្ទះ​នោះ​សង់​លើ​ផ្ទៃដី​របស់​ម្ចាស់​ដី ដោយ​គាត់​ក៏មាន​ទឹក​ចិត្ដ​អាណិត​លោក​តា​ដែរ។ យើង​ក៏មាន​កិច្ច​សន្យា​តិចតួច​ដោយ​ធានា​ថា លោក​តា​អាច​រស់​នៅ​ក្នុង​ផ្ទះ​លើ​ដី​នោះ​រហូត​ដល់​អស់​អាយុ​ជីវិត»។

ជាមួយនឹង​ទឹក​ចិ​ត្ដមនុស្ស-ធម៌​ដើរ​ជួយ​ពលរដ្ឋ​ក្រីក្រ​ត្រូវការ​ជំនួយ​នៅតាម​សហគមន៍​ផ្សេងៗ តារា​សម្ដែង ដែល​ធ្លាប់​ជួប​គ្រោះ​កាច​ស្ទើរ​អស់់​អាយុ​ពី​បញ្ហា​ប្រឹស​បេះដូង កញ្ញា ពេជ្រ ចរណៃ ក៏​ទទួល​បាន​ការ​សង្គ្រោះ​ពី​សកម្មភាព​សមុទ្រ​ក្រោម​ទឹក​ប្រាក់​វះកាត់​ប្រមាណ ៤ ម៉ឺន​ដុល្លារ​ផង​ដែរ។

តារា​សម្ដែង ដែលមាន​ទាំង​សម្រស់ និង​ទឹក​ចិ​ត្ដ​ចំពោះ​ទុរគតជន​រូបនេះ បាន​សុំ​អំពាវនាវ​ថា៖ «សុំ​ឲ្យ​ពុក​ម៉ែ​បងប្អូន​សប្បុរស​ជន​ទាំង​អស់​ជួយ​ចែក​រំលែក​ក្ដី​ស្រឡាញ់ និង​ទាន​ដល់​ពលរដ្ឋ​ខ្វះខាត​នៅ​គ្រប់​ទីកន្លែង​ជាពិសេស សុំ​ជួយ​លោក​តា​កំពុង​ជួប​ការ​លំបាក​ខ្លាំង ដើម្បី​ជួយ​សង់​ផ្ទះ​ជូន​លោក​តា»៕