ភ្នំពេញ៖​ ថ្មីៗ​នេះ​តារា​សម្តែង​ស្រី​ល្បី​ ដែល​អាច​សម្តែង​បាន​គ្រប់​ទម្រង់ និង​​ចេះ​ក្បាច់​គុន​​ល្បុក្កតោ​ខ្មែរ​កញ្ញា ពេជ្រ ចរណៃ បាន​​ធ្វើ​ឲ្យ​អ្នក​​​ប្រើប្រាស់​បណ្តាញ​សង្គម​ភ្ញាក់​ផ្អើល​ម្តង​ទៀត ជាមួយ​ការ​បង្ហោះ​​រូប ​១ សន្លឹក​ បង្ហាញ​អារម្មណ៍​នឹក​អាល័យ​នា​កាល​ដែល​​​ក្រុម​សមាជិក​សិស្ស​​គុន​ល្បុក្កតោ​​ ថត​កុន​ដុំ​រឿង ​«ព្រលឹង​ល្បុក្កតោ» ហើយ​​ពេល​នោះ​រូប​នាង​​​អវត្តមាន​​។

អ្វី​ដែល​កើត​ក្តី​ងឿង​ឆ្ងល់​ពី​សំណាក់​មហាជន​នោះ​​​គឺ​ថា ​ក្នុង​រូបថត ​១ សន្លឹក​​នោះ បែរ​ជា​គ្មាន​រូប​​​កញ្ញា ពេជ្រ ចរណៃ​ តែ​​ហេតុ​អ្វី​បាន​​​ជា​នាង​បង្ហោះ​​វា ហើយ​​ថែម​ទាំង​ក្លែម​សារ​មួយ​ឃ្លា​ដែរ​ថា​៖ «ថត​​នៅ​​សម័យ​នេះ តែ​រំឭក​ដល់​រាប់​រយ​ឆ្នាំ​មុន»។

តារា​​សម្តែង​​​ស្រី និង​ជា​ពិធីការិនី​​​រូប​​​ស្រស់​​វ័យ​​ ២៥ ឆ្នាំ​រូប ​​នេះ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ទាក់ទង​នឹង​រឿង​​នេះ​​ភ្លាមៗ​ថា៖ «តាម​ពិត​ទៅ​រូប​នេះ​យូរ​​​ហើយ​បង តែ​ខ្ញុំ​ទើប​តែ​យក​មក​​ផូស្ត​វា​ថ្មីៗ​នេះ ដោយសារ​ចង់​រំឭក​រឿង​​កាល​ពី​ពេល​ក្រុម​សិស្ស​គុន​ល្បុក្កតោ​ថត​កុន​ដុំមាន​​​ចំណង​ជើង​ថា «ព្រលឹង​ល្បុក្កតោ»​ ដែល​ជា​ការ​ថត​កុន​មួយ​មាន​តួ​សម្តែង ​គឺ​​សុទ្ធ​សឹង​ជា​សិស្ស​គុនល្បុក្ក​តោ​ខ្មែរ​​។ ពេល​នោះ នាង​​ខ្ញុំ​មិន​​បាន​ថត​ឡើយ ដោយសារ​តែ​នាង​​ខ្ញុំ​មាន​ជំងឺ​​បេះដូង​មិន​​អាច​​​ថត​​បាន​ ខណៈ​ដើម​​ឡើយ​​​​នាង​ខ្ញុំ​ក៏​ត្រូវ​គេ​ឲ្យ​​ថត​​​កុន​នេះ​ដែរ​»។

កញ្ញា ពេជ្រ ចរណៃ បាន​បន្ត​ថា៖ «កុន​នោះ​​​ ​គឺ​ជា​កុន​ដុំ​ដែល​មាន​រយៈពេល​ជាង ​១ ម៉ោង ហើយ​ក៏​ជិត​​ចាក់​បញ្ចាំង​តាម​រោង​កុន​​​នានា​ហើយ​ដែរ ក៏​ប៉ុន្តែ​ដោយសារ​​បញ្ហា​ជំងឺ​កូវីដ ១៩ បាន​រីក​​រាល​ដាល​ខ្លាំង​ ទើប​​ខាង​រោងកុន​ទាំង​​អស់​ត្រូវ​បាន​ផ្អាក​​បើក​​ការ​រក​ស៊ី ទើប​​រឿង​កុន​នោះ​​​ក៏​ត្រូវ​​ពន្យារ​​ពេល​ផង​ដែរ​។ ចំពោះ​​អត្ថន័យ​នៃ​​​កុន​រឿង​ «ព្រលឹង​ល្បុក្ក​តោ» នេះ​គឺ​មាន​​ន័យ​ចង់​និយាយ​​ពី​ដំណើរ​នៃ​ការ​កកើត​ក្បាច់​គុន​​ខ្មែរ​​ល្បុក្កតោ​នេះ នៅ​ក្នុង​ភូមិ​មួយ នា​សម័យកាល​​បុរាណ​ដ៏​យូ​រលង់​មក​ហើយ»។​

ក្រោយ​ឆ្លង​កាត់​ដំណាក់កាល​ស្ទើរ​អស់​ជីវិត​​លើ​គ្រែ​ពេទ្យ តារា​សម្តែង​ស្រី​ថ្ពាល់​ខួច កញ្ញា ពេជ្រ ចរណៃ ដែល​អាស្រ័យ​សទ្ធា​​សប្បុរសជន​ក៏​បាន​ថវិកា​វះ​កាត់​ជំងឺ​បេះដូង​ប្រហោង​​​ជោគជ័យ​អស់​រយៈពេល​ច្រើន​ខែ​​ និង​ក្រោយ​មក​ទៀត​​​ក៏​ត្រូវ​មហាជន​កោត​​សរសើរ​រឿង​​​​នាង​ប្រកាស​មិន​ទទួល​ថត​​ស្ប៉ត​​​ផ្សព្វផ្សាយ​ជាតិ​ស្រវឹង​ជា​សាធារណៈ​ក្នុង​បណ្តាញ​​សង្គម​​ថា៖ ​​«សូម​​ប្រកាស​​ថា ​​ខ្ញុំ​​មិន​ទទួល​ថត​ ឬ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ទេ។ តាំង​ពី​​ដើម​​​មក​ នាង​ខ្ញុំ​មិន​​ដែល​ទទួល​ថត​​ផ្សព្វផ្សាយ​​គ្រឿង​ស្រវឹង​នោះ​ទេ ប៉ុន្តែ​កន្លង​មក​​ខ្ញុំ​បាន​​ត្រឹម​តែ​បដិសេធ​​​​មិន​បើក​ចំហ​ដោយសារ​នៅ​​តែ​មាន​ការ​​ទាក់ទង​មក​​​ខ្ញុំ ដើម្បី​ឲ្យ​ថត​​ផ្សព្វផ្សាយ​​បែប​នេះ​ទៀត ទើប​​ខ្ញុំ​សម្រេច​ចិត្ត​ប្រកាស​ជា​សាធារណៈ​​ដូច្នេះ​​​តែ​ម្តង​ទៅ​តាម​បណ្តាញសង្គម»​៕