បាត់ដំបងៈ តារាចម្រៀង​វ័យក្មេង​ជា​អតីត​បេក្ខជន​ទទួល​បាន​ជយលាភី​ពី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Kid Cambodia រដូវកាល​ទី​ ១ ពេជ្រ ថៃ នៅតែ​មាន​សន្ទុះ​ខ្លាំង​ក្នុង​អាជីព​ជា​តារាចម្រៀង និង​កាន់តែ​មាន​ប្រជាប្រិយភាព ដោយសារ​តែ​សម្បូរ​វោហារ និង​ភាព​ក្រមិច​ក្រមើម​។

ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង​ថ្នាក់​ពិភពលោក​សម្រាប់​កុមារ​ដែល​ទទួល​បាន​ការបោះ​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​ពី​មហាជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មាន​ទាំង​ទេពកោសល្យ​ក្នុង​ការច្រៀង​គួបផ្សំ​ជាមួយ​ភាព​កំប្លុកកំប្លែង​ធ្វើឲ្យ​ទស្សនិកជន​សើច​បិទមាត់​មិន​ជិត ពេជ្រ ថៃ ដូចជា​មាន​ការកាក់កប​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​។

ទោះបី​ខ្លួន​នៅ​ក្មេង​តែ​អាច​ស្រូប​ចំណូល​ពី​វិស័យ​សិល្បៈ​ឲ្យ​ឪពុកម្ដាយ​ធ្លាយ​រហូត​ដល់​មីង ដែល​ទើប​តែ​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​កាលពី​ថ្ងៃទី​ ២៦ ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ​។

តារាចម្រៀង​វ័យក្មេង​រូប​នេះ​បានផ្តល់​បទសម្ភាស​មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍​ទាក់ទង​ជាមួយ​ផ្ទះ​ថ្មី​ដែល​ទើប​នឹង​ប្រារព្ធ​ពិធី​ហើយ​ថា​៖ «​ផ្ទះ​នឹង​ខ្ញុំ​ធ្វើឲ្យ​មីង ហើយ​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ហើយ​មួយ​ហើយ​។ អ៊ីចឹង​ពេល​ខ្ញុំ​ចង់​មក​គេង​នៅ​ផ្ទះ​ខាង​នេះ​ក៏​បាន​ផ្ទះ​ខាង​នោះ​ក៏​បាន​ដែរ​»​។

ពេជ្រ ថៃ បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ការចំណាយ​វិញ​អស់​ជាង​ ១ ​ម៉ឺន​ទេ តែ​មីង​គាត់​មិន​ឲ្យ​ខ្ញុំ​ចេញ​ទាំងអស់​ទេ​គឺ​គាត់​ជួយ​ចេញ​ខ្លះ​ដែរ​»​។

តារា​តូច​ច្រមក់​រូបនេះ​បាន​រំឭក​ដូច្នេះ​​ថា​៖ «​កាល​ប្រឡង​យើង​ត្រូវ​ចំណាយ​​អស់​ច្រើន ត្រូវ​ខ្ចីលុយ​គេ​ផង​ហើយ​ត្រូវ​លក់​គោ​អស់​ ២ ​នឹម​ទៀត ព្រោះ​ត្រូវ​ឡើង​ចុះ​ទៅ​មក​ភ្នំពេញ​ដើម្បី​ប្រឡង អ៊ីចឹង​ហើយ​បាន​ត្រូវ​ចំណាយ​អស់​ច្រើន តែ​នៅពេល​នេះ​ខ្ញុំ​បាន​សងលុយ​គេ​រួច​ហើយ​»​។

ដោយ​ទទួល​ស្គាល់​ថា​ខ្លួន​មាន​ជីវភាព​ធូរធារ​គ្រាន់បើ​ហើយ​នោះ ពេជ្រ ថៃ ជា​តារាចម្រៀង​ប្រុស​វ័យក្មេង​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​អាជីព​ជា​តារាចម្រៀង​ក៏​មាន​រថយន្ត​ជិះ​ផ្ទាល់ខ្លួន​ដែរ​ដោយ​មាន​កូនប្រុស​របស់​ម្តាយមីង​ជា​អ្នក​ជូន​ទៅ​មក​ពេល​ទៅ​បំពេញ​ការងារ​នៅតាម​ខេត្ត​ក៏​ដូចជា​នៅ​ភ្នំពេញ​ជាដើម​។

ក្នុង​ឆ្នាំ​នេះ​ដែរ តារាចម្រៀង​មាឌតូច ចូលចិត្ត​ធ្វើឲ្យ​អ្នកទស្សនា​សើច​សប្បាយ​មិន​ចេះ​ជិនណាយ ពេជ្រ ថៃ កំពុង​តែ​រៀន​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​រៀន​ត្រៀម​សម្រាប់​ប្រឡង​សិស្ស​ពូកែ​អក្សរសាស្ត្រ​ខ្មែរ​ផង​ដែរ​។

សម្រាប់​ពិធីបុណ្យ​ចូល​ឆ្នាំ​ខាងមុខ​នេះ ពេជ្រ ថៃ ក៏​មាន​បទចម្រៀង​ចំនួន​ ៣ ​បទ​ដែល​បទ​ទី ១ ចាប់​ដៃគូ​ជាមួយ​លោក Step និង​អតីត​បេក្ខភាព​រួម​ជំនាន់​ប្រកួត ឡុង លីគ័ង្គ «​បុកបាស​» បទ​ទី ២ ចាប់​ដៃគូ​ជាមួយ ឡុង លីគ័ង្គ រួម​ជាមួយ​ម្ចាស់​ពាន​រដូវកាល​ទី​ ២ ទេព ពិសិដ្ឋ​ «​នំ​បញ្ចុក​យាយ​ខ្ញុំ​» និង​បទ​ចុង​ក្រោយ​នៅ​មិន​ទាន់​ចេញ MV នៅ​ឡើយ​ទេ​។

បន្ទាប់ពី​បាន​ទទួល​ជយលាភី​ក្នុង​ការប្រឡង​រយៈពេល​ជិត​ ២ ​ឆ្នាំ​មក​សម្ទុះ​នៃ​ការគាំទ្រ​ពី​មហាជន​របស់​តារា​វ័យក្មេង​​រូបនេះ គឺ​នៅតែ​មាន​ជា​បន្តបន្ទាប់ និង​មាន​ការចូលរួម​ក្នុង​ការប្រគំ​តន្ត្រី​ធំៗ​ស្ទើរ​តែ​គ្រប់​កម្មវិធី​ផង​ដែរ​៕

ពេជ្រ ថៃ​