ភ្នំពេញ: រំពេច​ពី​ឱកាស​មាស​ឱកាស​ប្រាក់​របស់ តារាចម្រៀង​មុខស្រស់ លោក នី​កូ ដែល​សម្រេចបាន​ឱកាស​ឡើងទៅ​ជាន់​កាំជណ្តើរ​ផលិតកម្ម​ហង្ស​មាស ជួបជុំ​ប្រុស​បង្កើត លោក ណុប ប៉ា​យ៉ា​រិ​ទ្ធ ភ្លាមៗ​នោះ​ដែរ ​អ្នកគាំទ្រ​តារាចម្រៀង ​នី​កូ ក៏​នឹក​ដល់​ដៃគូ​សម្តែង​ឥតខ្ចោះ​របស់​លោក​ គឺ​កញ្ញា ពេជ្រ សូលី​កា ថា តើ​ នី​កូ អាច​ទាញ​នាង​ចូល​បានដែរ​ទេ បើ​ហង្ស​មាស​ក៏​ចាប់អារម្មណ៍​លើ​រូប​សម្ផស្ស​​នាង​ដែរនោះ។

គួរ​រ​រំឭក​ថា ពេជ្រ សូលី​កា ជា​ដៃគូ​ចម្រៀង​សម្ដែង​ជាមួយ​លោក នី​កូ ដ៏​សាក​សម​ជាងគេ​ក្នុងចំណោម​តារា​យុវវ័យ តាំងពី​ពួកគេ​ធ្លាប់​ជ្រកកោន​នៅ​ផលិតកម្ម ​M ជាមួយគ្នា​ម្លេះ។ តែថ្មីៗនេះ​លោក នី​កូ បាន​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ​ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស ទើប​ធ្វើ​ឲ្យ​​អ្នកគាំទ្រ​តារាចម្រៀង​ទាំង ២ ចង់ឃើញ​តារា​ស្រី​ស្អាត ​និង​ប្រុស​សង្ហារ​រូបនេះ​ចាប់ដៃ​គូរ​គ្នា​សាជាថ្មី​ឡើងវិញ​ម្ដងទៀត នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស។

​អ្នកគាំទ្រ​ពួកគេ​បង្ហាញ​ការ​ជឿជាក់ថា «អ្នក​ទាំងពីរ​ នឹងមាន​ភាពលេច​ធ្លោរ​ជាថ្មី​ឡើងវិញ​ជាមិនខាន»។

ទន្ទឹម​នោះដែរ​ក៏មាន​មតិ​ជាច្រើន លើកឡើង​ក្នុង​ភាព​អន្ទះសារ​ចង់ដឹងថា «តើ​ហង្ស​មាស នឹង​ព្រម​ទទួលយក ពេជ្រ សូលី​កា សារជាថ្មី​ដែរ ឬទេ បើ​មុននេះ ស្រី​ស្អា​ត​រូបនេះ​ក៏​ធ្លាប់ធ្វើ​ឲ្យ​ហង្ស​មាស បាក់មុខ​ម្តង​ហើយ​នោះ?»។

តាម​ប្រភពពី​អ្នក​ជិតដិត​បំផុត​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​បង្ហើប​ឲ្យ​ដឹងថា៖ «ហង្ស​មាស នៅតែ​ចាប់​អារម្មណ៍​លើ​ស្រី​ស្អាត​រូបនេះ​អ៊ី​ចឹង​ទៅលើ​រូប​សម្រស់​ ហើយ​ថា​បើ​ ពេជ្រ​ សូលី​កា ចូល​ថត​ភាពយន្ដ​នឹង​ល្បី​ជាថ្មី​មិន​ខាន»។

តែ​យ៉ាងណា បុគ្គ​លិ​ត​ធ្វើការ​នៅ​ផលិតកម្ម​ហង្ស​មាស​ម្នាក់​អះអាងថា៖ « ហង្ស​មាស​មិន​មាន​គម្រោង​យក​ ពេជ្រ​ សូលី​កា ចូល​ធ្វើជា​អ្នកចម្រៀង​សារជាថ្មី​ឡើយ​ព្រោះថា ពេលនេះ​តារាចម្រៀង​ដែលមាន​នៅក្នុង​ដៃ​ហង្សមាស​​គឺមាន​សមត្ថភាព​ច្រើនណាស់​ អ៊ីចឹង​គេ​ខ្លាច​យក ពេជ្រ​​ សូលី​កា ទៅជា​ន់​ដាន​ចាស់»។

កញ្ញា ពេជ្រ សូលីកា និង​លោក នីកូ។ រូបថត ហ្វេសប៊ុក

តារាចម្រៀង ពេជ្រ សូលី​កា ​ធ្លាប់ធ្វើ​ឲ្យ​ផលិតកម្ម​រស្មី​ហង្ស​មាស​ខកចិត្ត​ដោយសារតែ​បទ​ចម្រៀង​របស់​នាង​ដែល​ថត​ជា MV ហើយ​ជាមួយលោក ​​ឆន សុវណ្ណ​រាជ នោះ​ត្រូវ​លុបចោល​ទាំងអស់​ព្រោះ សូលី​កា ទៅ​ចុះ​កុងត្រា​ជាន់គ្នា​នៅ​ផលិតកម្ម​​រ៉ុក​ ដោយ​ចម្រូងចម្រាស។

យ៉ាងណា​ក្រៅពី​ផលិតកម្ម​ហង្ស​មាស​នោះ ពេជ្រ ​សូលី​កា នៅមាន​ផលិតកម្ម ២ ផ្សេងទៀត​ដែល​ចាប់អារម្មណ៍​លើ​រូប​នាង​គឺ​សាន់​ដេ​ និង​ថោ​ន​។

ប៉ុន្តែ​តារាចម្រៀង​​លេច​ធ្លោ​ខាង​សម្ផស្ស​​ជាង​សំនៀង កញ្ញា ពេជ្រ​ សូលី​កា បែរជា​​លេច​វត្តមាន​សិល្បៈ ដោយ​ច្រៀង​ដោយ​គ្មាន​ផលិតកម្ម​​ទៅវិញ។

ទន្ទឹម​នឹង​នោះ ​​ថៅកែ​ស្រី ហាង​បាយ​អូនអ៊ូក រូបនេះ​​​មាន​ភាព​ហ៊ឺហា​រ​ខ្លាំង​ទាំង​ការលេង​ម៉ូដ​រថយន្ដទំនើបៗនិង​ប្រើប្រាស់​សម្ភារៈ​ម៉ាក​ល្បីៗ មិន​ចាញ់កំពូលតារាចម្រៀង​ល្បី​ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម​ធំៗ​ឡើយ​​៕

តារាចម្រៀង ពេជ្រ សូលីកា ថត​ឲ្យ​សម្អាង​ការ​។ រូបថត ហ្វេសប៊ុក