ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀង និងសម្តែងស្រីស្រស់ ពេជ្រ សូលីកា និងស្វាមី មិនទាន់រៀបការ បានត្រឹមតែភ្ជាប់ពាក្យកាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ ព្រោះតែបច្ចុប្បន្ន ពោះនាងកាន់តែធំ ជិតសម្រាលបុត្រដំបូង ហើយក៏សម្រេចលុបចោលពិធីមង្គលការ កំពុងតែសកម្មទង្វើសប្បុរសធម៌ដោយការវេចខ្ចប់បាយម្ហូបដាក់ប្រអប់ យកទៅចែកជូនដល់បុគ្គលិកដឹកជញ្ជូនអីវ៉ាន់ និងក្រុមគ្រូពេទ្យនៅក្រុងភ្នំពេញជាការលើកទឹកចិត្តផងដែរ ក្រោយពីស្ងប់រឿងពិបាកនៅក្នុងចិត្ត សឹងតែកើតជំងឺស្រេ្តសមកនោះ។
តារាសម្តែង និងចម្រៀងអ្នកនាង ពេជ្រ សូលីកា ដែលអាចបញ្ចប់អាជីពមួយនេះនាពេលខាងមុខ តាមរយៈការកសាងគ្រួសារមួយនៅលើទឹកដីអូស្ត្រាលី ហើយនឹងសម្រាលកូនទី១ នៅខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះហើយមើលទៅនោះ ខណៈមហាជនក៏និយាយដែរថា ពេជ្រ សូលីកា ទំនងជានឹងដើរតាមគន្លងនៃអតីតតារាស្រីមួយចំនួនមានប្តីទៅរស់នៅអូស្ត្រាលីដែរ មានដូចជា អ្នកនាង ដាញ់ ម៉ូលីកា អ្នកនាង អឿន ដាលីស និងអ្នកនាង សុខ ច័ន្ទណានូ ជាដើម។
គួររំឭកផងដែរថា អ្នកនាង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអតីតសង្សាររបស់អ្នកនាង ថៃ នារីសុជាតា គឺលោក គឹម ហាន ទាំងមានភាពចម្រូងចម្រាស ហើយពេលនេះ នាងក៏បានពពោះកូនដំបូងជាង ៥ ខែ ទៅហើយនោះ ដោយបានលុបចោលនូវគម្រោងចូលរោងការ នៅឆ្នាំ ២០២០ នេះ ព្រោះតែពោះកាន់តែរីកធំ ហើយម្តាយបង្កើតជាប់គុកទៀតផងនោះ។
ប៉ុន្តែទង្វើល្អៗរបស់តារាស្រី កំពុងមានពោះពុងនេះ ក៏ត្រូវគេឃើញផងដែរ ខណៈពេលប្រទេសមានវិបត្តិជាមួយជំងឺឆ្លងកូវីដ ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណា ហើយក៏ប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ចគ្រួសារបងប្អូនខ្មែរផងដែរនោះ ទើបប្តីប្រពន្ធ ១ គូនេះ ប្រកាសចែកជូនបាយម្ហូបដល់បងប្អូនខ្មែរ ជាពិសេសអ្នកមានមុខរបរជាអ្នកដឹកជញ្ជូនអីវ៉ាន់ក្នុងទីក្រុងភ្នំពេញចំនួន ១៥០ កញ្ចប់ និងក្រុមគ្រូពេទ្យចំនួន ២០០ កញ្ចប់ នៅមន្ទីរពេទ្យខ្មែរ-សូវៀត ដោយជូនក្នុងម្នាក់ៗបាយ ១ ប្រអប់ ទឹកសុទ្ធ ២ ដប ព្រមទាំងចែកជូនជាថវិកាចំនួន ១០ ដុល្លារទៀតផង ពីហាងអាហារខ្លួនដែលមានឈ្មោះថា «Bai Sra»។
អ្នកនាង ពេជ្រ សូលីកា បានប្រកាសតាមហ្វេសប៊ុកចែកបាយម្ហូបប្រអប់ចំនួន ១៥០ កាលពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២០ ជាមួយសារដ៏វែងអន្លាយនោះថា៖ «នាងខ្ញុំសូមជម្រាបសួរដល់ពុកម៉ែ បងប្អូនទាំងអស់គ្នា ថ្ងៃនេះ ខ្ញុំសូមជូនដំណឹងដល់បងៗ ជាអ្នកដឹកជញ្ជូនអីវ៉ាន់ នៅក្នុងរាជធានីភ្នំពេញ មិនថាអ្នកមានឯកសណ្ឋានប្រចាំក្រុមហ៊ុន ឬមិនមានឯកសណ្ឋាននៅក្រុមហ៊ុនណាក្ដី នាងខ្ញុំ សូមជូនដំណឹងដល់ពួកគាត់ទាំងអស់គ្នាឲ្យជ្រាបថា នាងខ្ញុំ និងក្រុមគ្រួសារបានធ្វើបាយម្ហូបចំនួន ១៥០ ប្រអប់ ព្រមទាំងភេសជ្ជៈ ក្នុងនោះក៏មាន ជែលលាងដៃ សម្លាប់មេរោគ ជូនពួកគាត់ផងដែរ ក្នុងគោលបំណងលើកទឹកចិត្តពួកគាត់»។
សារនោះក៏បន្តថា៖ «ដោយចំនួនមានកំណត់ត្រឹមតែ ១៥០ នាក់តែប៉ុណ្ណោះ ពួកយើងធ្វើតាមលទ្ធភាពអាចធ្វើបាន ឆ្លៀតឱកាសនេះ នាងខ្ញុំ និងក្រុមគ្រួសារ សូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ សូមឲ្យបងប្អូនប្រជាជនខ្មែរទាំងអស់ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក សូមឲ្យជួបប្រទះសេចក្ដីសុខ ជាពិសេសសូមឲ្យចៀសផុតពីជំងឺរាតត្បាតផ្សេងៗ និងសុខភាពល្អទាំងអស់គ្នា»៕