ភ្នំពេញៈ ក្រោយពី​ក្តាប់បាន​ឱកាស​ក្លាយជា​តួឯក​ស្រី​ក្នុងការ​ថត​កុន​ភាគ​ដំបូង របស់​ផលិតកម្ម​ហង្សមាស ជាមួយ​នឹង​ដៃគូ​ចម្រៀង​ប្រុស​លោក នីកូ ដែល​កំពុង​ដំណើរការ​ថត​បណ្តើរៗ​ទៅ​ហើយ​នោះ ក៏​ស្រាប់​តែ​ឃើញ​អតីត​តារា​ចម្រៀង​ស្រី ស្រស់​សោភា​កញ្ញា ពេជ្រ សូលីកា បង្ហើរ​សារ​បែប​ទើស​ចិត្ត​ខ្លាំង​ទៅ​នឹង​អ្នក​រិះគន់​លើ​ខ្សែ​ភាពយន្ត​រឿង «អាពាហ៍​ពិពាហ៍​ចៃដន្យ» ដែល​ចោទ​ថា​ជា​កុន​ចម្លង​ពី​ថៃ។

ការចោទប្រកាន់ចំៗចេញពី​ក្រុម​ប្រិយមិត្ត​បណ្តាញ​សង្គមនិយម​ទំនោរ​រិះគន់ ចំពោះ​ស្នាដៃ​ភាពយន្ត​នានា ដែល​ពួកគេ​ធ្លាប់​ដឹង ឬ បាន​ទស្សនា​ភាពយន្ត ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ប្រទេស​ជិត​ខាង​ដូចជា​ថៃ ជា​ដើម​នោះ​បង្កើត​ជា​សារ​រិះគន់​ថា៖ «កុន​នេះ​គេ​បាន​ថត​រួច​ទៅ​ហើយ ម៉េច​បាន​ជា​ចម្លង​ពី​គេ​មក​ថត​ទៀត​អ៊ីចឹង? ម៉េច​មិន​ចេះ​រក​ស្នាដៃ​ណា ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​បាន​ទេ​ឬ?»។

បើតាម​មើលទៅ​ទំនងជា​មានការ​ទើសចិត្ត​ខ្លាំង​នឹង​ពាក្យ​ចោទប្រកាន់​ខ្លួន​ថា ចម្លង​ស្ទីល​សម្តែង​ពី​កុន​គេ​នោះ ទើប​អតីត​តារា​ចម្រៀង​ស្រី​ហង្សមាស ដែល​មិន​ទាន់​មាន​ឱកាស​មក​ជ្រក​ក្រោម​ទ្រនំ​ចាស់ ក្នុង​អាជីព​ចម្រៀង តែ​សំណាង​ល្អ ឆក់​បាន​លាភ​ធំ​ថតកុន​ជំនួស​វិញ​នោះ បង្ហោះ​សារ​តបត​អ្នក​រិះគន់​ថា៖ «Dear hater សូម​មេត្តា​ជ្រាប!​គ្រប់​គ្រាន់​នៅ? ខ្ញុំ​មិន​មែន​ថ្ម​ទេ ខ្ញុំ​ចេះ​ហត់!»។

យ៉ាងណា តារា​ស្រី​ធ្លាប់បានសម្រេច​ចិត្ត​ដើរ​ចេញពី​សិល្បៈ​ក្រោយពី​បែកធ្លាយ​រឿង​ឈឺចាប់​ត្រូវ​បាន​សង្សារ​លាក់​មុខ​ដក​យក​រថយន្ត​ទំនើប​ម៉ាក Lexus LS 460 ពណ៌​ទឹក​សមុទ្រ​តម្លៃ​ប្រហែល ១១ ម៉ឺន​ដុល្លារ ហើយ​ក៏​ប្តូរ​មក​ជិះ Lexus RX 300 ពណ៌​ស​ចាស់ តម្លៃ​ជិត ១ ម៉ឺន​ដុល្លារ វិញ​នោះ​ក៏​មិន​បាន​បក​ស្រាយ​លម្អិត​ពី​មូល​ហេតុ​នាំ​ឲ្យ​នាង​រង្កៀស​ចិត្ត​ឡើយ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ទាក់​ទង​ចូល​តែ​គ្មាន​អ្នក​ទទួល។

តែបើ​តាម​ការរៀបរាប់​ពី​តារា​សម្តែង និង​ចម្រៀង​ប្រុស​រូបសង្ហា លោក នី​កូ ដែលជា​តួឯក​ប្រុស​ក្នុង​កុន​ភាគ​រឿង «អាពាហ៍​ពិពាហ៍​ចៃដន្យ» ដែរ​នោះ​បាន​ពន្យល់​ហេតុ​លើ​ការ​ភាន់​ច្រឡំ​របស់​ប្រិយមិត្ត​ជា​ក្រុម​អ្នក​រិះគន់​ថា៖ «បង​ប្អូន​ដែល​រិះគន់​រឿង​នេះ​ថា​ជា​ការ​ចម្លង​ពី​ខ្សែ​ភាពយន្ដ​​ថៃ​នោះ​មិន​ត្រឹមត្រូវ​ឡើយ។ តាម​ពិត​ទៅ​រឿង​នេះ មាន​ប្រភព​ដើម​នៅ​ប្រទេស​ចិន ដែល​ក្រោយ​មក​មាន​ប្រទេស​កូរ៉េ ទិញ​សិទ្ធិ​យក​មក​សម្រួល​ថត​ជា​កុន​កូរ៉េ ហើយ​បន្ទាប់​ប្រទេស​ថៃ ក៏បាន​ទៅ​ទិញ​សិទ្ធិ​ថត​ដែរ។ ទំនង​ជា​ពួក​គាត់​មិន​បាន​ជ្រាប​ពី​ឫស​គល់​នៃ​រឿង ហើយ​បាន​ទស្សនា​តែ​ភាពយន្ត​ថៃ ទើប​ចោទ​ថា​ខ្មែរ​យើង​ចម្លង​ពី​ថៃ​បែប​នេះ»។

តារាចម្រៀង​ប្រុស​រូបសង្ហា ទើបតែ​ដូរ​ពី​ទ្រនំ​ចាស់​សាន់​ដេ មក​ទ្រនំ​ថ្មី​ហង្សមាស នី​កូ បាន​បន្ត​ថា៖ «ខ្មែរ​យើង ក៏បាន​ទិញ​សិទ្ធិ​ពី​ចិន​ថត​ដូចជា​ប្រទេស​ខាង​លើ​ដែរ យើង​មិន​បាន​ចម្លង​ពី​ថៃ​ទេ។ សូម្បី​តែ​អ្នក​និពន្ធ​រឿង​នេះ ក៏​យើង​បាន​រក្សា​នូវ​ឈ្មោះ​អ្នក​និពន្ធ​ចិន​ផង​ដែរ​គឺ​យើង​មិន​បាន​លួច​ចម្លង​គេ​ទេ»៕