ភ្នំពេញ៖ ​ក្រោយ​ពី​វិល​​​ចូល​មក​​​ទ្រនំ​​ផលិតកម្ម​​​​ហង្សមាស​​វិញ​ មិន​ទាន់​បាន​​​​ប៉ុន្មាន​ផង​នោះ ​​​តារា​​ចម្រៀង​​​ស្រី​​​​ស្រស់ សម្រស់​កាន់​តែ​​​ស្អាត​ផូរផង់​ សាច់​សខ្ចី​កញ្ញា ពេជ្រ សូលីកា ឧស្សាហ៍​​បង្កើត​​ភា្ញក់​ផ្អើល និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​​តែ​ម្តង ជា​ពិសេស​រឿង​បង្ហាញ​វត្តមាន​មុខ​មាត់​បុរស​ជា​គូស្នេហ៍​ថ្មី​។​

ស្រប​ពេល​ក្នុង​​រដូវកាល​​បុណ្យ​ភ្ជុំបិណ្ឌ​តាម​ទំនៀម​​​​ខ្មែរ​ ស្រាប់​តែ​កញ្ញា ពេជ្រ សូលីកា អតីត​​​​​ម្ចាស់​​ហាង​បាយ «​អូន​​អ៊ូក​» រំលេច​​រូបថត​នាំ​បុរស​រូប​សង្ហា​ម្នាក់​ទៅ​​​អុច​ធូប​សំពះ​ព្រះ​ក្នុង​ព្រះវិហារ​ ហាក់​ដូច​ជា​គូ​ស្នេហ៍​​ថ្មី​ថ្មោង​​បណ្តើរ​គ្នា​​ទៅ​ធ្វើ​បុណ្យ​នា​ពេល​​ថ្មី​ៗ​នេះ​​ ​ក៏​ត្រូវ​​​​មហាជន​​​លើក​​​យក​មក​ជជែក​គ្នា​មួយ​រំពេច​ថា៖ «អ៊ីយ៉ា! ​​កញ្ញា​ ពេជ្រ សូលីកា គ្រាន់​តែ​វិល​ចូល​មក​ច្រៀង​នៅ​​ផលិតកម្ម​ហង្សមាស​វិញ​ភ្លាម ក៏​មាន​ម្ចាស់​ចិត្ត​​ថ្មី​​ភ្លែត​តែ​ម្តង! ​តើ​​បុរស​សង្ហា​រូប​នេះ​ ជា​អ្នក​ណា​ទៅ​ហ្ន? ជា​អ្នក​​​សិល្បៈ ឬ​នៅ​ក្រៅ​សិល្បៈ​?»។​

មុន​នេះ​បន្តិច​មាន​ការ​​ភ្ញាក់​ផ្អើល​ម្តង​​ហើយ រឿង​ការ​​​​ទម្លាយ​​​​បណ្តុំ​រូបថត​ Pre-Wedding​ ជា​ច្រើន​សន្លឹក​​បាន​​​ធ្វើ​ឲ្យ​​មហាជន​លាន់​មាត់​គ្រប់​គ្នា​​ថា៖ «អុញ​​នោះ​!​ ស្ងាត់ៗ ស្រាប់​តែ​ឃើញ​តារា​ចម្រៀង​ស្រី​​កញ្ញា​ ពេជ្រ សូលីកា មក​ទម្លាយ​រូបថត Pre-Wedding ជា​ច្រើន​សន្លឹក​ហាក់​ចង់​បង្ហើប​ប្រាប់​ឲ្យ​មហាជន​បាន​​ដឹង​​ថា នាង​កំពុង​តែ​ត្រៀម​ខ្លួន​ចូល​​រោង​​​​​ការ​​ហើយ​មើល​ទៅ​ហ្ន? ខណៈ​​តារា​ស្រី​ស្អាត​រូប​​នេះ​ ខណៈ​ពេល​​កន្លង​​មក​ក៏​ល្បី​ដែរ​ថា ​មាន​ក្រុម​កន្លង់​ច្រើន​​ណាស់​ កំពុង​​​តាម​​​​សុំ​​ធ្វើ​ជា​ម្ចាស់​បេះដូង​​​នោះ!»។​

តែ​ចំពោះ​បណ្តុំ​រូបថត Pre-Wedding ទាំង​នោះ ត្រូវ​បាន​​គេ​ដឹង​ថា តារា​ចម្រៀង​ស្រី​ជ្រក​ទ្រនំ​​ផលិតកម្ម​ហង្សមាស កញ្ញា ពេជ្រ សូលីកា ក្នុង​​ពេល​ថ្មីៗ​នេះ គឺ​នាង និង​លោក មូល សារ៉ាវ៉ាន់ ដែល​ជា​​ពិធីករ​​​ទូរទស្សន៍ PNN គឺ​បាន​ថត​ព្រីវីឌីង​ឲ្យ​​ស្ទូឌីយោ​មួយ​មាន​ឈ្មោះ​ថា «Image Hunter Photography»​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​

ដោយ​ឡែក​ចំពោះ​វត្តមាន​មុខ​មាត់​​​បុរស​​សង្ហា​ថ្មី ​ដែល​បាន​បង្ហាញ​​​ក្នុង​រដូវ​បុណ្យ​​ភ្ជុំ​បិណ្ឌ​នេះ ក៏​មិន​ត្រូវ​បាន​​​តារា​ចម្រៀង​ស្រី ពេជ្រ សូលីកា បក​ស្រាយ​ឲ្យ​​ដឹង​ថា ត្រូវ​ជា​អ្វី​នឹង​ខ្លួន​ឡើយ​ផង​ដែរ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​​ក៏​​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​នាង​បាន​ទេ​ពេល​​ទំនាក់ទំនង​តាម​ទូរស័ព្ទ​​។

តារា​ចម្រៀង​ស្រី ដែល​មហា​ជន​ធ្លាប់​យល់​ច្រឡំ​ថា នាង​ក៏​មាន​ទំនាក់​ទំនង​ជាមួយ​​នឹង​តារា​ចម្រៀង​ប្រុស​សំឡេង​​ផ្អែម លោក ណុប សម្បត្តិនីកូ ហៅ នីកូ បាន​​លើក​​​ទូរស័ព្ទ​ ហើយ​ក៏​បាន​ឆ្លើយ​​យ៉ាង​ខ្លី ​ខណៈ​​ពេល​សួរ​​រឿង​បណ្តើរ​បុរស​សង្ហា​​នោះ​​ថា៖ «សុំ​ទោស​ផង​បង! ​ពេល​នេះ ​ខ្ញុំ​កំពុង​តែ​រវល់​​ថត​ ហើយ​ចាំ​ទំនេរ​​ ចាំ​នាង​ខ្ញុំ​តេ​ទៅ​បង​វិញ» ក្រោយ​ពី​​​បាន​ប្រាប់​ឲ្យ​​ដឹង​ថា​​សារព័ត៌មាន​ និង​ចង់​សុំ​ការ​បក​ស្រាយ​​​នូវ​ចម្ងល់​​ខាង​លើ​ ហើយ​នាង​ក៏​បាន​បិទ​​ទូរស័ព្ទ​មួយ​​​រំពេច និង​​ផ្ញើសារ​​​តប​​​​ថា៖ «Call u later, I''m busy»​៕