ភ្នំពេញ៖​ ប្រហែល​ជា​មក​ពី​សម្ព័ន្ធភាព​សិ្នទ្ធស្នាល​​រវាង​តារា​មួយ​គូ​វ័យ​ប្រហាក់​ប្រហែល​គ្នា​​មួយ​ជា​តារា​ចម្រៀង​ស្រី​កំពូល​នៅ​ហង្សមាស​ និង​ម្នាក់​ជា​តារា​សម្តែង​ប្រុស​​កំពុង​តែ​ល្បី​​មាន​ភាព​រលូន​​ល្អ​ និង​បាន​ប្រមាណ​ជិត ​២ ​ឆ្នាំ ​​ទៅ​ហើយ​ទើប​​អ្នក​គាំទ្រ​​មាន​ការ​ភ្ញាក់​ខ្លាំង​នៅ​ពេល​ឃើញ​​តារា​ចម្រៀង​​ស្រី​​​កាន់​តែ​​ស្រស់​​​ស្អាត​ ពេជ្រ សោភា ​បង្ហើរ​សារ​មួយ​ឃ្លា​​​ដែល​ហាក់​ដូចជា​ចង់​​បង្កប់​ន័យ​​ប្រាប់​ពី​ដំណឹង​​ល្អ​នៃ​សម្ព័ន្ធភាព​​​​ស្នេហ៍​របស់​ខ្លួន​នោះ​​។​

គ្រាន់​តែ​តារា​​ចម្រៀង​​ស្រី​ល្បី និង​ជា​គ្រូ​បង្វឹក​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក The Voice Cambodia អ្នកនាង ពេជ្រ សោភា ​​បាន​បង្ហើរសារ​មួយ​ឃ្លា​ខ្លី​អម​ទៅ​​នឹង​រូបថត​​​កៀក​កិត​ជាមួយ​​តារា​ប្រុស​​ ឆឹម សក្កដា ​ថា៖ «​ជិត​ដល់​ថ្ងៃ​ហើយ ថែ​រាង​សិន ខ្លាច​អត់​ស្អាត» តាម​​អ៊ីនស្តាក្រាម​ភ្លាម​នោះ ក៏​មាន​មហាជន​​យ៉ាង​ច្រើន​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ក៏​ចូល​ទៅ​ចុច ​Likes និង ​Comments សួរ​នាំ​ដេញ​ដោល​បញ្ជាក់​ន័យ​ឲ្យ​កាន់​តែ​ច្បាស់​ពី​សារ​នេះ​មួយ​រំពេច។​

ក្រៅ​ពី​ចុច ​Likes ​នោះ​ក៏​មាន​ការ​ចោទ​​សួរ​សឹង​តែ​ដូច​គ្នា​ជា​ច្រើន​បាន​លើក​​ឡើង​ដើម្បី​ចង់​បាន​ចម្លើយ​ត្រឡប់​​​វិញ​ពី​តារា​ចម្រៀង​ស្រី អ្នកនាង ពេជ្រ សោភា តែ​ម្តង​ថា៖ «ជិត​ដល់​​ថ្ងៃ​រៀបការ​មែន ​ឬ​​អាយដល? ស្រឡាញ់​គ្នា​យូរៗ មុខ​ដូចគ្នា​! ​អបអរ​សាទរ​ផង ​ចង់​ឃើញ​​ថ្ងៃ​ពិសេស​នេះ​យូរ​​ហើយ!»។​

ចំណោម​សំណួរ​មាន​ន័យ​ដដែលៗ ដោយសារ​ចង់​ដឹង​ជា​ដំណឹង​​ពិត​របស់​តារា​ចម្រៀង​​ស្រី ធ្លាប់​មាន​ប្រវត្តិ​ជា​​អ្នក​លក់​​ទឹក​អំពៅ​អ្នកនាង ពេជ្រ សោភា មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ​​រូប​នេះ យ៉ាង​​​ណា​នោះ​ គឺ​គេ​ក៏​មិន​បាន​​​ឃើញ​មាន​សារ​តប​ប្រាប់​វិញ​ទេ។​

ដោយ​​ឡែក​​តារា​ចម្រៀង​​ស្រី​ ​បច្ចុប្បន្ន​និយម​បក​ស្រាយ​បទ​ចម្រៀង​រ៉េប និង​ញាក់​ៗ គ្រាន់​តែ​បាន​បក​ស្រាយ​ប្រាប់​មក​​ភ្នំពេញ​ប៉ុស្តិ៍ ​ដោយ​ខ្លី​ប៉ុណ្ណោះ​ពាក់ព័ន្ធ​នឹង​សារ​ខាង​លើ​នោះ​ ដោយសារ​នាង​ជាប់​រវល់​នឹង​ការងារ ​Live​ វីដេអូ​លក់​ផលិតផល​អាហារ​បំប៉ន​សុខភាព​ខ្លួន​ថា៖ «​​សារ​​របស់​ខ្ញុំ​ ដែល​ទើប​នឹង​បង្ហោះ​នោះ​ ​គឺ​ចង់​ប្រាប់​ថា ជិត​ដល់​ថ្ងៃ​ខួប​​កំណើត​របស់​ក្មួយ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ ហើយ​ដោយសារ​​​ខ្លាច​មិន​ស្អាត​​នោះ ទើប​ខ្ញុំ​ត្រូវ​ថែរក្សា​រាង​»។​​

ចំពោះ​សម្ព័ន្ធភាព​នៃ​ស្នេហា​រវាង​តារា​ចម្រៀង​​ស្រី ពេជ្រ សោភា និង​លោក​ ឆឹម សក្កដា ហាក់​មាន​ភាព​រលូន​​ល្អ​​មក​ហើយ​ផង​ដែរ​ បើ​ទោះ​បីជា​​មិន​ទាន់​​បាន​បញ្ជាក់​ច្បាស់​លាស់​ពី​សម្ព័ន្ធភាព​រវាង​ខ្លួន និង​តារា​សម្តែង​​ប្រុស​ឈាន​ដល់​កម្រិត​ណា​ក្តី តែ​គេ​ឃើញ​តារា​ចម្រៀង​ស្រី​ល្បី អ្នកនាង ពេជ្រ សោភា ហាក់​​​​​បាន​បង្ហាញ​តម្រុយ​​ខ្លះ​​​ហើយ​សម្រាប់​បុរស​រូប​សង្ហា​លោក​​ ឆឹម សក្កដា៕