The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពេជ្រ សោភា បណ្ដើរ​សង្សារ​បន្សាប​ពាក្យ​ចចាម​អារ៉ាម​បែក​បាក់

ពេជ្រ សោភា បណ្ដើរ​សង្សារ​បន្សាប​ពាក្យ​ចចាម​អារ៉ាម​បែក​បាក់

Content image - Phnom Penh Post
អ្នកនាង ពេជ្រ សោភា បណ្ដើរ​លោក​ ឆឹម សក្កដា ទៅ​ចូលរួម​ពិព័រណ៍ទូរស័ព្ទ​​​។ ហ្វេសប៊ុក

ពេជ្រ សោភា បណ្ដើរ​សង្សារ​បន្សាប​ពាក្យ​ចចាម​អារ៉ាម​បែក​បាក់

ភ្នំពេញៈ ក្រោយពី​ផ្ទុះ​ដំណឹង​បែកបាក់​ស្នេហា​ជាមួយ​គូ​កំណាន់​ចិត្ត​ជា​តារា​សម្ដែង​រូប​សង្ហា​លោក ឆឹម សក្កដា តាំង​តែ​ពី​ប៉ុន្មាន​ខែ​មុន អ្នក​មេម៉ាយ​ចាយ​សម្រស់​លើ​ឆាក​តន្ត្រី អ្នក​នាង ពេជ្រ សោភា តែង​តែ​ចេញ​មុខ​បក​ស្រាយ​ព្យាយាម​រំសាយ​ពាក្យ​ចចាម​អារ៉ាម​នេះ។

យ៉ាងណាមិញ ការបរិយាយ​តែ​មាត់​ហាក់​ពុំ​អាច​លុប​នូវ​មន្ទិល​ឲ្យ​ជ្រះស្រឡះ​ទាល់​តែ​សោះ ដោយ​សារ​មហាជន​មិន​ដែល​ឃើញ​អ្នក​ទាំង ២ បណ្តើរ​គ្នា​ចេញ​តាម​កម្មវិធី​ផ្សេងៗ ឬ​បង្ហោះ​រូប​ផ្អែម​ល្ហែម​ដូច​ពី​មុន ទើប​មជ្ឈដ្ឋាន​ជាច្រើន​រឹត​តែ​សន្និដ្ឋាន​ថា ស្នេហា​អ្នក​នាង ពេជ្រ សោភា និង​លោក ឆឹម សក្កដា គ្រាន់​តែ​រឿង​ប្រឌិត​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ប៉ុណ្ណោះ។

ជាថ្មី​ម្ដងទៀត អ្នកនាង ពេជ្រ សោភា ម្ដងនេះ​បានបង្ហាញ​រូប​ភាពរស់រវើក បណ្ដើរ​ម្ចាស់​ចិត្ត​ចូលរួម​កម្មវិធី​យ៉ាង​បើក​ចំហ អម​ដោយ​រូប​ថត​ផ្អែម​ល្ហែម​ជាថ្មី​ជា​សក្ខីភាព​ថា ចំណង​ស្នេហ៍​នាង និង​តារា​សម្ដែង ឆឹម សក្កដា នៅ​តែ​រឹងមាំ។

ក្រោយពី​បញ្ចប់​ចំណងអាពាហ៍ពិពាហ៍​កាលពី​ចុងឆ្នាំ ២០១៦ តារាចម្រៀង​ជើង​ចាស់​ជ្រក​ក្រោម​ទ្រនំ​ហង្សមាស អ្នក​នាង ពេជ្រ សោភា​ទើប​នឹង​លែ​ងលះ​ជាមួយ​ស្វាមី​មិន​យូរ​ប៉ុន្មាន ក៏​ចាប់​ផ្តើម​សាង​ស្នេហា​ថ្មី​ដោយ​បើក​ចំហ​ជាមួយ​កំលោះ​សង្ហា​ជា​តារា​សម្ដែង​លោក ឆឹម សក្កដា។

រយៈពេល​សាង​ស្នេហ៍​គ្រា​ដំបូង​របស់​អ្នក​ទាំង ២ ពិតជា​មាន​ភាព​ផ្អែមល្ហែម ស្អិត​ល្មួត​បេះ​មិន​ចេញ ដោយ​មហាជន​តែង​តែ​សង្កេត​ឃើញ​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​រូប​នេះ​ឧស្សាហ៍​បណ្តើរ បុរស​សង្ហា​លោក ឆឹម សក្កដា ទៅ​ចូលរួម​កម្មវិធី​នានា​នៅ​ក្នុង​សង្គម​ក៏ដូចជា​ទៅ​ចូលរួម​ការ​ប្រគំ​តន្ត្រី ហើយ​ថែម​ទាំង​រំលេច​នូវ​រូប​ភាព​ស្និទ្ធស្នាល​ហាក់បី​ដូចជា​ស្វាមី​ភរិយា​ថ្មីថ្មោង​ទើប​រៀបការ​ផ្អើល​បណ្តាញ​សង្គម។

វេលា​ស្នេហ៍​កំពុងតែ​ផ្អែមល្ហែម​ខ្លាំង អ្នកនាង ពេជ្រ សោភា បង្ហើប​ឲ្យ​ដឹងថា នឹងមាន​គម្រោង​ចូល​រោង​ជ័យ​នៅ​រយៈពេល​មិន​យូរ​ប៉ុន្មាន​ខាង​មុខ​ដែល សកម្មភាព​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មហាជន​ក៏​ដូចជា​បណ្តា​អ្នកគាំទ្រ​របស់​អ្នក​នាង​មាន​ការ​ចាប់​អារម្មណ៍​នឹង​គាំទ្រ សង្ឃឹម​ថា អ្នក​ទាំង ២ នឹង​មាន​ដំណឹង​ល្អ​ឆាប់ៗ។

ផ្ទុយទៅវិញ បន្ទាប់ពី​បាន​សាង​ភាព​ផ្អែមល្ហែម​អស់​រយៈពេល​យូរ​គួរសម តារាចម្រៀង​ស្រី​សម្បូរ​វោហារ​ក្រមិច​ក្រមើម​រូប​នេះ ហាក់​ដូចជា​ឃ្លាត​ឆ្ងាយ​ពី​គូស្នេហ៍​លោក ឆឹម សក្កដា ដោយ​លែង​សូវ​បណ្តើរ​គ្នា​យ៉ាង​ត្រសង​ដូច​ពី​មុន រហូត​ធ្វើ​ឲ្យ​មហាជន​ខ្លះ​ដាក់​ការ​សង្ស័យ​ថា ស្នេហា​ពេជ្រ សោភា និង​លោក ឆឹម សក្កដា ជា​រឿង​ក្លែង​ក្លាយ ក្នុង​គោល​បំណង​បង្កើត​ព័ត៌មាន​ឲ្យ​ល្បី​មួយ​ឆាវ​ប៉ុណ្ណោះ។

ដោយ​ទ្រាំ​មិនបាន​នឹង​ដំណឹង​លេចឮ​អស់ទាំង​នេះ នៅ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អ្នកនាង ពេជ្រ សោភា​ក៏បាន​បង្ហោះ​រូបភាព​ផ្អែម​ល្ហែម​ឡើង​វិញ។

ក្រៅពី​កាយវិការ​បណ្ដើរគ្នា​ទៅ​ចូលរួម​ពិព័រណ៍​ទូរស័ព្ទ​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ ពីថ្ងៃ​ទី ៣ ខែ​វិច្ឆិកា អ្នក​នាង ពេជ្រ សោភា បាន​បរិយាយ​សារ​យ៉ាង​ច្បាស់ៗ​ថា៖ «ថា​មើល ឈប់​និយាយ​នូវ​រឿង​ដែល​ថា ពួក​យើង​បែក​គ្នា ខ្ញុំ​មិន​ចង់​ផុស​រូប​ជាមួយ​គាត់​ច្រើន​ទេ ព្រោះ​យើង​ខ្លាច​ជ្រេញ​ហាហា​ហា»។

ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ តាម​ទូរស័ព្ទ តារាចម្រៀង ដែល​លេចធ្លោ​ជាមួយ​បទ​មាន​ក្បាច់​រាំ​ប្លែកៗ​លំនាំ​តាម​សត្វ​នោះ អ្នក​នាង បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា៖ «ខ្ញុំ​អត់​ដែល​ខ្វល់​ពីអ្វី​ដែល​គេ​បាន​ចោទ​ប្រកាន់​រឿង​ទាំង​អស់​នោះ​ទេ (រឿង​ព័ត៌មាន​ថា អ្នក​ទាំង ២ បែក​បាក់​គ្នា)»៕

អត្ថបទគួរចាប់អារម្មណ៍