ភ្នំពេញ៖ ទើបតែគេឆ្ងល់ថា ហេតុអ្វីបានជាតារាចម្រៀងស្រីចាស់វស្សានៅហង្សមាស មានរូបសម្រស់កាន់តែផូរផង់ ស្រស់ស្អាតជាងមុន បង្ហើបរឿងតំណែង CEO នោះ ឥឡូវក៏ស្រាប់តែចេញច្បាស់់ក្រឡែតថា អ្នកនាង ពេជ្រ សោភា ទំនងជាកាន់តំណែងនេះ ជាមួយនឹងក្រុមហ៊ុនលក់ផលិតផលរក្សាសម្រស់នាំមកពីប្រទេសកូរ៉េខាងត្បូង។
នេះបើតាមសារជាចុងក្រោយរបស់តារាចម្រៀងស្រីមានស្រុកកំណើតមកពីខេត្តព្រៃវែង អ្នកនាង ពេជ្រ សោភា បានបង្ហោះសារតាមហ្វេសប៊ុកខ្លួនថា៖ «SP Bella 016877778 ម្ចាស់ clinic បានលក់សិទ្ធិផ្តាច់មុខឲ្យខ្ញុំ គ្រប់ផលិតផលទាំងអស់ដែលមានក្នុង clinic ហើយគេមិនបំពានលើការសហការគ្នានេះឡើយ។ គាត់បានផ្ញើឆាតដែលអ្នកទាំងអស់គ្នាឆាតទៅគាត់ឲ្យខ្ញុំមើល ចង់ប្រាប់ទៅអ្នកទាំងអស់គ្នាដែលឆាតទៅគាត់ថា គាត់មិនបំពានសិទ្ធិក្នុងការសហការផ្តាច់មុខនេះទេ។ ឆាតទៅគាត់ក៏គាត់រុញឲ្យមកទាក់ទងខ្ញុំដែរ។ បើចង់បាន order ពីខ្ញុំមក»។
បើតាមលិខិតបញ្ជាក់ពីម្ចាស់ក្រុមហ៊ុននៅប្រទេសកូរ៉េខាងត្បូង នោះ ឈ្មោះថា Zion Co., ltd. ហើយក្រុមហ៊ុននៅកម្ពុជាមានឈ្មោះថា Zion Cosmetics Cambodia ដែលមានតារាចម្រៀងស្រីល្បីនៅទ្រនំហង្សមាស ពេជ្រ សោភា ជាតំណាងតែម្តង។ កាលពីរសៀលម្សិលមិញនេះ ភ្នំពេញប៉ុស្តិ៍ទំនាក់ទំនងសួរបញ្ជាក់រឿងការបើកក្រុមហ៊ុន ឬអ្នកនាងពិតជាCEO ក្រុមហ៊ុននោះ ឬយ៉ាងណាពីតារាចម្រៀងស្រី ពេជ្រ សោភា ដែរដោយអ្នកនាងបានលើកទទួលទូរស័ព្ទ តែមួយភ្លែតឆ្លើយថា៖ «ខ្ញុំសុំពេល ១-២ នាទី សិនដើម្បីនិយាយជាមួយម្តាយនាងខ្ញុំសិន ចាំបងតេមកខ្ញុំម្តងទៀតបានទេ?» ខណៈការទំនាក់ទំនងជាច្រើនដងលើកក្រោយទូរស័ព្ទរបស់អ្នកនាងគ្មានអ្នកលើកទទួលនោះឡើយ។
តារាចម្រៀងលំដាប់កំពូលទ្រនំហង្សមាស ដែលឈរជើងបានយូរអ្នកនាង ពេជ្រ សោភា ត្រូវមហាជនកើតសេចក្តីមន្ទិលងឿងឆ្ងល់ ខណៈស្ងាត់ៗក៏ស្រាប់តែអ្នកនាង ពេជ្រ សោភា បង្ហើបរឿងពាក្យជាភាសាអង់គ្លេស ៣ តួ គឺអក្សរ CEO ដែលមានន័យថាជាមុខតំណែងធំមួយរបស់ក្រុមហ៊ុន។ តារាចម្រៀងស្រី ដែលមានប្រជាប្រិយភាពល្បីល្បាញស្របាលៗគ្នានឹងតារារួមជំនាន់ ដូចជា ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ដែរនោះក៏បង្ហោះសារថា៖ «ពាក្យថា CEO ជាអ្វី? ហើយ C នាមជាអី? E នាមជាអី? O នាមជាអី? ៣ តួអក្សរនេះ មានន័យណាស់ CEO កុំយកពាក្យបាក់ទឹកចិត្តឲ្យមនុស្សកំពុងបាក់ទឹកចិត្តស្តាប់ កុំនិយាយរឿងប្តីមើលងាយប្រពន្ធឲ្យអ្នកបាក់ទឹកចិត្តស្តាប់ កុំនិយាយរឿងម្តាយក្មេកមើលងាយឲ្យអ្នកបាក់ទឹកចិត្តស្តាប់ បើខ្ញុំនិយាយត្រង់ណាខុស នាងខ្ញុំសុំទោសផង»៕