ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ​តារាចម្រៀង​ស្រី​ចាស់វស្សា ដែល​ឈរ​នៅ​លំដាប់​កំពូល​លើ​ទ្រនំ​ហង្សមាស​បាន​យូរ​អ្នកនាង ពេជ្រ សោភា ត្រូវ​មហាជន​ជា​អ្នកគាំទ្រ​លាន់មាត់​ដោយ​ក្តី​មន្ទិល និង​កត់សម្គាល់​រឿង​នាង​លេង​ស្ទីល​ថ្មី ក្រោយ​លេច​រូបថត​បែប​សិចស៊ី​ដ៏កម្រ​ថត​ពី​ក្រោយ​ខ្នង​តាម​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម​។

ជាមួយ​នឹង​រូបថត​សិចស៊ី​មធ្យម​ដោយ​គ្រាន់តែ​បាន​ថត​បង្ហាញ​សាច់​សខ្ចី​ពីក្រោយ​ខ្នង​នោះ គឺជា​រូបថត​កម្រ​បានឃើញ​សម្រាប់​តារាចម្រៀង​ស្រី​ហង្សមាស អ្នកនាង ពេជ្រ សោភា ខណៈ​តារាស្រី​រូបនេះ​គេ​មិន​ធ្លាប់​ឃើញ​បង្ហោះ​ដូច្នេះ​នោះ​ឡើយ​តាម​បណ្តាញ​សង្គម​ពី​មុន​មក​។

គ្រាន់តែ​បាន​ឃើញ​រូបនោះ​ដែល​ផូស្ត​តាម​អ៊ីនស្តាក្រាម​ភ្លាម​ក៏​មាន​អ្នក​គាំទ្រ​លាន់មាត់​ថា​៖ «​អីយ៉ា​! Idol កំពុង​តែ​ដូរ​ស្ទីល​ថ្មី ឬ​មក​លេង​ខ្លួន បែប​សិចស៊ី​វិញ​ហើយ​ទេ​តើ​នៀក​! ពិត​ជា​ឆ្ងល់​ណាស់ អ្វី​ទៅ​ធ្វើឲ្យ​តារាចម្រៀង​ស្រី​វ័យ​សាមប្លាយ​រូប​នេះ ទើប​តែ​ហ៊ាន​ថត​ស្ទីល​បែប​សិចស៊ី​មធ្យម​បែប​នេះ​ហ្ន ឬ​មួយ​នេះ​គឺជា​ការដូរ​ស្ទីល​ថ្មី​របស់​គាត់​?»​។

អ្នកនាង ពេជ្រ សោភា តារាចម្រៀង​ស្រី​ដែល​ទទួល​បាន​ភាពល្បី​ស្របាលៗ​គ្នា​ទៅ​នឹង​តារាចម្រៀង​ស្រី​នានា​រួម​ជំនាន់​មាន​ដូចជា​អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា និង​អ្នកនាង មាស សុខសោភា ដែរ​នោះ​បង្ហើប​ប្រាប់ និង​បំភ្លឺ​រឿង​រូបនេះ​ថា​៖ «​អូ​!​អត់​មាន​ដូរ​ស្ទីល​អ្វី​នោះ​ទេ​បង​!​រូប​នោះ​គ្រាន់​តែ​ជា​ការបង្ហោះ​ប្រាប់​ពី​ដំណើរការ​នៃ​ការប្រែប្រួល និង​រក្សា​រូបរាង​ឲ្យ​មាន​សាច់ឈាម ស្រស់ថ្លា​ល្អ ក្រោយពី​ការប្រើប្រាស់​នូវ​អាហារ​បំប៉ន​សុខភាព​ប្រភេទ​ខូឡាជិន (Collagen) របស់​ក្រុមហ៊ុន​ខ្លួនឯង​មក​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​អត់​មាន​ចង់​ដូរ ឬ​លេង​ស្ទីល​ថ្មី​អ្វី​នោះ​ទេ​»​។

តារាចម្រៀង​ស្រី ពេជ្រ សោភា ដែល​កំពុង​តែ​ត្រូវ​មហាជន​មើលឃើញ​ថា មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​នឹង​តារាសម្តែង​ប្រុស​រូប​សង្ហា ឆឹម សក្កដា រូប​នេះ​បន្ត​ថា​៖ «​មួយ​រយៈ​នេះ ខ្ញុំ​ក៏​មាន​បើក​នូវ​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ សម្រាប់​នាំ​ចូល​ផលិតផល​អាហារ​បំប៉ន​សុខភាព​ប្រភេទ​ខូឡាជិន​ផ្តាច់​មុខ​របស់​ប្រទេស​ជប៉ុន​ផង​ដែរ​គឺ​ឈ្មោះ​ថា Amado Cambodia P-collagen​។ អាហារ​បំប៉ន​សុខភាព​ប្រភេទ​នេះ​ប្រើ​បាន​គ្រប់​វ័យ ជាពិសេស​នោះ​គឺ​ល្អ​សម្រាប់​សុខភាព​មនុស្ស​ចាស់ ដោយ​យើង​មាន​ប្រភេទ P-collagen, B Fiber, Ka NE Z»​។

កាលពី​ដើម​ឆ្នាំ​ដោយសារ​តែ​ក្តីស្រឡាញ់​ពេញចិត្ត​លើ​តារាចម្រៀង​ស្រី ដែល​មាន​ស្រុកកំណើត​មកពី​ខេត្ត​ព្រៃវែង និង​ធ្លាប់​មាន​ខ្សែជីវិត​លំបាក​ធ្លាប់​ជា​អ្នក​លក់​ទឹកអំពៅ និង​អំពៅសាង​នា​មុន​ពេល​បាន​ហក់​ចូលប្រឡូក​លើ​វិថី​សិល្បៈ​ចម្រៀង អ្នកនាង ពេជ្រ សោភា ត្រូវ​បាន​ក្រុម Fans កៀរគរ​គ្នា និង​រៃអង្គាសប្រាក់​ផ្ទាល់​ខ្លួន​បន្តិចបន្តួច​បង្កើត​បាន​ជា​ការរៀបចំ​នូវ​ព្រឹត្តិការណ៍​គួរ​ឲ្យ​ចងចាំ និង​បង្កើត​នូវ​ក្តីរំភើប​ចិត្ត​ឥតឧបមា​ដល់​តារាចម្រៀង​ស្រី​រូប​នេះ​ដែល​ពួកគេ​គាំទ្រ និង​ស្រឡាញ់​ចូលចិត្ត​ចាប់​តាំងពី​ដើម​មក​៕