ភ្នំពេញៈ ជា​តារាចម្រៀង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​តាមរយៈ​ចង្វាក់​ញាក់​កន្ត្រាក់​អារម្មណ៍​អ្នកនាង ពេជ្រ សោភា តារាចម្រៀង​ជ្រក​ក្រោម​ទ្រនំ​ហង្សមាស​កំពុងតែ​មមាញឹក​នឹង​ការងារ​សិល្បៈ​រួមទាំង​ការសម្តែង និង​ការថត​នូវ​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ​ជាច្រើន​។

ទន្ទឹម​នឹង​ការ​រវល់​ខ្លាំង​នេះ​អ្នកនាង ពេជ្រ សោភា ក៏​ត្រូវ​បាន​ហ្វេន និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ការធ្វើ​ការងារ​សង្គម ចុះ​ចែក​នូវ​សម្ភារ​សិក្សា​ដូចជា​កាតាប និង​សៀវភៅ និង​ទឹកចិត្ត​សប្បុរសធម៌​សាងសង់​សាលា​ដល់​ក្មេងៗ​នៅ​លើ​ទឹកដី​ខេត្ដ​កំពត​។

តារាចម្រៀង​ជ្រក​ក្រោម​ទ្រនំ​ហង្សមាស​អ្នកនាង ពេជ្រ សោភា បាន​ប្រាប់​ឲ្យ ភ្នំពេញ-ប៉ុស្តិ៍ ដឹង​ថា​៖ «​ធ្វើឡើង​ដោយ​ចិត្ត​ខ្លួនឯង មិនមែន​ចង់​បាន​មុខមាត់​អី​ទេ ហើយ​អ្វី​ដែល​សំខាន់​គឺ​ចង់​ធ្វើ​សាលា​ឲ្យ​ក្មេង​ចង់​ឲ្យ​ពួកគាត់​មាន​សាលា​សមរម្យ​អី​ដែរ​ព្រោះ​នៅ​ទីនោះ​ដាច់ស្រយាល ក្មេងៗ​គឺ​រៀន​នៅ​សាលាឆាន់​របស់​លោក​ (​សង្ឃ​) ​ហ្នឹង​។ អ៊ីចឹង​ដល់​ពេល​វត្តមាន​កម្មវិធី​អ៊ីចឹង​ពួកគាត់​អត់​បាន​រៀន​ទេ​»​។

ដោយ​ធ្លាប់​ជា​កុមារ​ឆ្លងកាត់​ការលំបាក​អ្នកនាង ពេជ្រ សោភា បាន​រំឭក​ថា​៖ «​ដោយសារ​តែ​ខ្ញុំ​កាលពី​ក្មេង​ធ្លាប់​រៀន​នៅ​សាលា​នៅ​ស្រុក​អ៊ីចឹង​ជាទូទៅ ធ្លុះធ្លាយ អ៊ីចឹង​ធ្លាប់​យល់​ពី​អារម្មណ៍​ហ្នឹង​ហើយ​។ ខ្ញុំ​ធ្វើ​នេះ​ទៅ​តាម​សមត្ថភាព​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​»​។

នៅ​ថ្ងៃទី ៣ ខែ​មេសា​ខាង​មុខ​នេះ​អ្នកនាង ពេជ្រ សោភា នឹង​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​នោះ​ផ្ទាល់​ដើម្បី​រៀប​គម្រោង​សាងសង់​សាលារៀន​បើ​ទោះបី​ជា​ផ្លូវ​ពិបាក​ក្នុង​ការធ្វើ​ដំណើរ​យ៉ាងណា​ក៏ដោយ​។ សម្រាប់​ការសាងសង់ អ្នកនាង​បាន​ឲ្យ​ដឹង​ថា​គឺ​មើល​ទៅ​តាម​ទិដ្ឋភាព​ជាក់ស្តែង​ថា​អាច​ស្ថាបនា​បាន​អគារ​ចំនួន​មួយ​ខ្នង ឬ​ ២ ​ខ្នង​ព្រោះ​នៅ​ទីនោះ​កុមារ​ទាំងអស់​មាន​ចំនួន​ប្រមាណ ៥០ ទៅ ៦០ ​នាក់​។

ចំណែក​ការបង្ហោះ​សារ​ថា​៖ «​ឈប់​ស្រឡាញ់​ឡាន​ហើយ​» អ្នកនាង ពេជ្រ សោភា បាន​បកស្រាយ​ថា​៖ «​ឡាន​របស់​ខ្ញុំ​ខូច​ហើយ​ខ្ញុំ​ក៏​នឹង​ប្តូរ​ឡាន​ថ្មី​នៅពេល​ខាង​មុខ​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការជួយ​កុមារ​ទាំងនេះ​ជាមុនសិន​»​។

ទាក់ទង​នឹង​ការជួយ​កុមារ​នេះ​កន្លង​ទៅ​តារាចម្រៀង​រូបនេះ​បាន​ជួយ​ក្មេងៗ​ជាច្រើន​ដូចជា​កុមារ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ជា កុមារកំព្រា និង​កុមារ​ដែល​ត្រូវបាន​គេ​រំលោភបំពាន និង​ចុងក្រោយ​កុមារ​ដែល​គេ​ចាក់​សាំងដុត ព្រោះ​តែ​លួច​លុយ​មួយ​ម៉ឺន​រៀល​។ ប៉ុន្តែ​អ្នកនាង​បាន​អះអាង​ថា​មិន​ដែល​បង្ហោះ​រូបភាព ឬ​វីដេអូ​ទាំងនោះ​លើ​បណ្តាញ​សង្គម​ទេ ទើប​តែ​លើក​នេះ​សម្រេច​ចិត្ត​បង្ហោះ​ស្វែង​ជំនួយ​ពី​សប្បុរសជន​ជួយ​កុមារ​នៅ​កំពត​៕