ភ្នំពេញ: ជាមួយនឹងរូបឆោមសម្ផស្សក៏ស្រស់ថ្លាខ្លាំងឡើង សចាំងដូចក្រមុំវ័យក្រោម ២០ ឆ្នាំ តារាសម្តែងឆ្លងកាត់ព្យុះជីវិតរងហិង្សាយ៉ាងអយុត្តិធម៌ពីអតីតសង្សារជាសែឧកញ៉ាល្បី កញ្ញា ពេជ្រ អាវីហ្សា ហាក់មានអារម្មណ៍ស្រស់ស្រាយឆ្ងាយពីរឿងជីវិតដ៏ខ្លោចផ្សា ដោយនាងតែងបង្ហាញវត្តមានមុខកាណុងកាមេរ៉ា និង បទចម្រៀងខារ៉ាអូខេផងដែរ។
តែយ៉ាងណា បុប្ផាចាយសម្រស់លើវិថីសិល្បៈ រមែងជួបរឿងខ្លោចផ្សារូបនេះ ហាក់មិនទាន់មានភាពក្លាហាន សង្វាតរកម្ចាស់ឃុំគ្រងបេះដូងកំព្រារបស់នាងនៅឡើយទេ។
ស្រីស្រស់សាច់សខ្ចី ដើមទ្រូងសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា បានបង្ហាញភាពស្រស់ស្រាយខ្លាំង ជាមួយនឹងរូបឆោមសម្ផស្សទាក់ភ្នែកបុរស គ្រាអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធឃ្លាំងលក់រថយន្ត តារាសម្ដែងសិចស៊ី នាងដេននី ក្វាន់ ថ្មីៗនេះ។
ក្នុងរូបឆោមសម្ផស្សដ៏ស្រស់ស្អាត ឆ្លុះសាច់ស ម៉ដ្ឋរលោងពីអាវប៉ាក់ពណ៌ក្រហមព្រឿងៗ ទាំងស្ត្រីជាតារាដូចគ្នាក៏ពោលពាក្យបែបច្រណែន កញ្ញា ពេជ្រ អាវីហ្សា ក្នុងគ្រានោះដែរ នាងក៏បានស្វាគមន៍នូវសំណួរអ្នកព័ត៌មាន ក្នុងចម្លើយក្បោះក្បាយផងដែរ។
ទាក់ទិននឹងការសម្រេចចិត្តលើខ្សែជីវិតទៅថ្ងៃអនាគត ក្នុងនោះតារាស្រីរូបនេះក៏បានបង្ហើបចម្លើយចំៗថា៖ «មកដល់ពេលនេះ គឺបេះដូងខ្ញុំនៅមិនមានជាប់ជំពាក់ និងបុរសណាម្នាក់នោះទេ»។
យ៉ាងណាមិញ ស្រីស្រស់ពេជ្រ អាវីហ្សា ដែលជាសះពីរបួសផ្ទៃមុខដ៏សខ្ចី និងរាងកាយរឹតតែស្អាតជាងមុននោះ បានបង្ហើបឲ្យដឹងផងដែរថា៖ «សព្វថ្ងៃមានបុរសៗច្រើ នទាំងក្នុងនិងក្រៅស្រុក ទាក់ទងសុំស្រឡាញ់ ប៉ុន្តែសម្រាប់ខ្ញុំ ចម្លើយអ្វីក៏មិនបានផ្តល់ទៅឲ្យខាងណាដែរ»។
ក្នុងភាពដ៏រឹងមាំបង្ហាញពីជំហរបេះដូង មិនសាទរស្នេហា ដែលកំពុងតម្រង់ជួរគ្នាមុខមាត់ទ្វារបេះដូងនេះ ស្រីស្រស់ ពេជ្រ អាវីហ្សា ដែលធ្លាប់រងភាពខ្លោចផ្សាខ្លាំង ពីលទ្ធផលស្នេហាជាមួយបុរសវ័យក្មេងសម្បូរទ្រព្យ ឈ្មោះ ហ៊ា ហេង ដែលបានប្រើហិង្សាមកលើរូបនាង នាំឲ្យបង់អស់រូបឆោមសម្ផស្សនោះ នាងក៏បានបន្តថា៖ «ការសម្រេចចិត្តលើកនេះ មិនមែនក្រឡេកឃើញក៏សម្រេចចិត្តភ្លាមៗទេគឺត្រូវការពេលវេលាច្រើនណាស់មុននឹងសម្រេច ព្រោះខ្លាចដើរជាន់គន្លងចាស់ទៀត»។
មនុស្សជាច្រើនក៏ដឹងដែរថា នាងពេជ្រ អាវីហ្សា មុននេះក៏ធ្លាប់មានសង្សារបុរសវ័យក្មេងសម្បូរទ្រព្យជាប់សែឧកញ៉ាផង តែស្នេហាលើបង្គងទ្រព្យស្តុកនោះមិនបានឲ្យនាងមានក្តីសុខនោះឡើយ ទាំងផ្លូវកាយ និងផ្លូវចិត្ត ក្រៅពីប្រចណ្ឌនាងខ្លាំង ក៏បានបង្កហិង្សាលើនាងខ្លាំង។ គួររំឭកដែរថា ហេតុការណ៍ផ្ទុះហិង្សាមកលើតារាស្រីកញ្ញា ពេជ្រ អាវីហ្សា បានកើតឡើងនៅរាត្រីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅឯក្លិបកម្សាន្តស្កាយ ទឹកដីខេត្តព្រះសីហនុ ខណៈនាង និងក្រុមគ្រួសារទៅសម្រាកលម្ហែកាយនៅទីនោះ។
យ៉ាងណាមិញ មូលហេតុដែលនាំឲ្យអតីតជាសង្សារឈានដល់ការប្រើហិង្សាមកលើរូបនាង មិនត្រូវបានទម្លាយឲ្យពិស្ដារឡើយ ដោយមានត្រឹមតែព័ត៌មានថា ករណីប្រើហិង្សាបែបនេះគឺកើតឡើងជាច្រើនដងមកហើយដែរ។
ទំនងដោយសារការចងចាំ អនុស្សាវរីយ៍ អ្នកមានទ្រព្យស្តុក ក្នុងភាពជូរចត់នោះហើយ ទើបពេលនេះ កញ្ញា ពេជ្រ អាវីហ្សា ក៏បានប្រាប់អ្នកព័ត៌មានថា៖ «ខ្ញុំមិនចង់បានសង្សារជាកូនអ្នកមានដូចមុនទៀតឡើយ។ ខ្ញុំសុំពេលបិទបេះដូងមួយរយៈព្រោះតែខ្លាចជួបដូចរឿងចាស់»។
តារាសម្ដែងរូបនេះក៏បញ្ជាក់ថា៖ «ពេលនេះ ពិតជាមិនខ្វះបុរសទាំងក្នុង និងទាំងក្រៅស្រុកតាមស្រឡាញ់ខ្ញុំមែន»៕