
ចម្លាក់តុក្កតាដកស្រង់ចេញពីរឿង Squid Game នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ AFP
ក្រុងអាក្រា: នៅចាំគ្រូបង្រៀនមកពីហ្គាណា ឈ្មោះ រីឆាត អាបព្យា អាកូតូ ដែលទើបបង្កការភ្ញាក់ផ្អើលចំពោះទឹកចិត្ដបង្រៀនមេរៀនកុំព្យូទ័រដល់សិស្សដោយការគូររូប និង មុខងារកុំព្យូទ័រលើក្ដារខៀនបានទេ?
ដោយកោតស្ញប់ស្ញែងនឹងទឹកចិត្ដស្រឡាញ់ការបង្រៀន មនុស្សម្នា និងក្រុមហ៊ុនផ្សេងៗនាគ្នាស្រាក់ដៃគ្នាបរិច្ចាគកុំព្យូទ័រយួរដៃ និង លើតុដល់សាលារៀនដែលលោកបង្រៀនឈ្មោះ Betenase M/A Junior High School នៅក្រុងសេគីឌូម៉ាស ភាគខាងត្បូងប្រទេសហ្គាណា។
ក្រុមហ៊ុន Microsoft បានសន្យាផ្ដល់បរិក្ខាសិក្សា ព្រមទាំងឲ្យលោកចូលប្រើកម្មវិធី Microsoft Certified Educator Program (MCE) ក្នុងការអភិវឌ្ឍជំនាញខ្លួនឯងផងដែរ។
ជាមួយបទពិសោធធ្វើដំណើរក្រៅប្រទេសជាលើកដំបូងទៅកាន់ប្រទេស សិង្ហបុរី ដើម្បីចូលរួមសន្និសីទ លោក អាកូតូ បានរៀបរាប់ប្រាប់អំពីដំណើររឿងនៅស្រុកកំណើត។

លោកត្រូវបានដកស្រង់សម្ដីថា៖ «ខ្ញុំចង់បង្រៀនសិស្សពីមេរៀន Microsoft Words តែខ្ញុំគ្មានកុំព្យូទ័រសម្រាប់បង្ហាញពួកគេ។ ខ្ញុំត្រូវរិះរកវិធីល្អបំផុត ដូច្នេះ ខ្ញុំក៏គូររូបអេក្រង់កុំព្យូទ័រលើក្ដារខៀនតែម្ដង»។
លោកបន្ដថា៖ «ខ្ញុំតែងតែធ្វើបែបនេះពេលបង្រៀនមុខវិជ្ជាកុំព្យូទ័រ។ ខ្ញុំគូររូបអេក្រង់កុំព្យូទ័រ ប្រព័ន្ធប្រើប្រាស់ ក្ដារចុច ម៉ោស មុខងារលើអេក្រង់ជាដើម។ សិស្សហាក់ដូចជាចាប់មេរៀននេះបាន»។
អាស៊ីស គូម៉ារ ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌល NIIT បានប្រាប់ CNN ថា៖ «យើងពិតជាស្ញប់ស្ញែងចំពោះទឹកចិត្ដគ្រូម្នាក់នេះណាស់ ដែលយើងបានសម្រេចជួយឧបត្ថម្ភសាលាទៅតាមលទ្ធភាព»។
លោក អាកូតូ បានបង្ហោះរូបភាពថ្មីៗលើហ្វេសប៊ុក។ លោកក៏បានបង្ហាញអារម្មណ៍ដឹងគុណយ៉ាងជ្រាលជ្រៅអ្នកមានចិត្ដធម៌ដែលរមែងជួយដល់សាលារៀន និងសិស្ស៕ HR

