ភ្នំពេញៈ បង្កការ​ភ្ញាក់ផ្អើល​ផ្តើម​ពី​ការ​ផូ​ស្ត​រូបភាព​ចំនួន ២ សន្លឹក​ដែល​ចេញ​ពី​គណនី​ហ្វេសប៊ុក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​មង្គលការ​របស់​គូ​ស្នេហ៍​ជន​ពិការ​ភ្នែក​ទាំង​ប្តី​ប្រពន្ធ ដែល​ស្ថិត​នៅ​ម្តុំ​តំបន់​នៃ​គេហដ្ឋាន​របស់​លោក ជា សុផារ៉ា នោះ​ក៏បាន​បង្ហើរ​ឡើង​ជា​មួយ​សារ​ថា៖ «ចាប់ផ្តើម​ពិធី​កាត់​សក់។ លោក ពែកមី មក​ជួយ​ដោយ​មិន​យក​កម្រៃ​អ្វី​ទាំង​អស់»។

រូបថត​ទាំង ២ សន្លឹក ដែល​ផូ​ស្ត​នោះ ជា​សកម្មភាព​នៃ​ក្រុម​តារា​កំប្លែង​ល្បី នាយ ពែ​កមី និង​អ្នក​នាង​ខ្ញុង កំពុង​តែ​ច្រៀង​កាត់​សក់​បង្កក់​សិរី​សួស្តី ជ័យ​មង្គល​ទៅ​ដល់​គូ​ស្វាមី ជា​ជន​ពិការ​ភ្នែក​ទាំង​ប្តី​ប្រពន្ធ បាន​រៀបការ​កាល​ពី​ថ្ងៃ​ម្សិលមិញ ខណៈ​គេ​ឃើញ​វត្តមាន​មន្ត្រី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ច្រើន​រូប​ចូល​រួម​ផង​ដែរ។

កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​កោតសរសើរ​ខ្លាំង​នោះ គឺ​តារាចម្រៀង​ប្រពៃណី​ខ្មែរ​លោក ពែកមី ជាមួយ​ដៃគូ​គឺ​អ្នក​នាង ខ្ញុង បាន​ស្ម័គ្រចិត្ត​រួម​គ្នា​ទៅ​ច្រៀង​កាត់​សក់ ដោយ​មិន​គិត​ប្រាក់​ពី​ម្ចាស់​ដើមការ​ឡើយ ដោយ​អ្នក​ទាំង ២ ជួយ​ក្នុង​ចេតនា អាណិត​អាសូរ និង​ស្រឡាញ់​ទៅ​ដល់​បងប្អូន​ជនពិការ​គ្រប់​រូប។ នាយ ពែកមី បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ខ្ញុំ និង​អ្នក​នាង ខ្ញុង បាន​ស្ម័គ្រ​ដោយ​ចិត្ត​ស្មោះ​សម្រាប់​ការ​ច្រៀង​ក្នុង​ពិធី​កាត់​សក់​នេះ​ជូន​ដល់​ប្តី​ប្រពន្ធ​ជា​ជន​ពិការ​ភ្នែក​ទាំង ២។ ហើយ​នេះ​ក៏​ចង់​បញ្ជាក់​ដល់​ពួកគាត់​ថា កុំ​អស់​សង្ឃឹម បើ​ទោះបី​ជា​ពួកគាត់​មាន​ភាព​ពិការ​ភ្នែក​មិន​អាច​មើល​ឃើញ​អ្វី​នៅ​ជុំវិញ​ខ្លួន​ក្តី ក៏​នៅ​មាន​បងប្អូន​ខ្មែរ​រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​យ៉ាង​ច្រើន​ចូលរួម​លើក​ទឹកចិត្ត​ដោយ​ក្តី​ស្រឡាញ់ ខណៈ​រូបខ្ញុំ និង​នាង ខ្ញុង សុំចូល​រួម​ជួយ​ច្រៀង ដោយ​មិន​បាន​គិត​ពី​ប្រយោជន៍​ចង់​បាន​មុខ​មាត់​អ្វី​នោះ​ឡើយ»។

តាម​ធម្មតា​ការ​ច្រៀង​ក្នុង​ពិធីកាត់សក់​មួយរោងៗ ដែល​ក្រុម​តារា​កំប្លែង និង​ក្រុម​ចម្រៀង​ប្រពៃណី​របស់​នាយ ពែកមី ត្រូវ​ទៅ​សម្តែង​នោះ​អាច​មាន​តម្លៃ​ទៅ​តាម​ស្ថានភាព​នៃ​ក្រុម​គ្រួសារ​ម្ចាស់​ដើមការ​យ៉ាង​ហោច​ណាស់​ពី​តម្លៃ​រយ​ដុល្លារ​រហូត​ដល់​ពាន់​ដុល្លារ​ឯណោះ តែ​ឱកាស​ចូលរួម​លើក​ទឹកចិត្ត​បងប្អូន​ជន​ពិការ​នេះ នាយ ពែកមី និង​អ្នក​នាង ខ្ញុង មិន​យក​ប្រាក់​ឡើយ។

នាយ ពែ​កមី បញ្ជាក់ថា៖ «តាម​ធម្មតា ខ្ញុំ និង​ដៃគូ​នៃ​ក្រុម​ចម្រៀង​ប្រពៃណី​មង្គលការ​បែប​នេះ សម្រាប់​ការ​កាត់​សក់ បង្កក់​សិរី​សួស្តី ជ័យ​មង្គល​ទៅ​ដល់​គូស្វាមី​ភរិយា មួយ​រោង​វិញ នាពេល​បច្ចុប្បន្ន​នេះ​គឺ​មាន​តម្លៃ ៥០០ ដុល្លារ ហើយ​ព្រឹក​មិញ​នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ជូន​រង្វាន់​ខ្ញុំ​ចំនួន ១០០ ដុល្លារ នោះ ខ្ញុំ​ក៏បាន​ចង​ដៃ​ពួក​គាត់​បន្ថែម​ផង​ដែរ»។

គួរ​បញ្ជាក់ថា ក្នុងឱកាស​ពិធីមង្គលការ​បងប្អូន​ជនពិការ​បែបនេះ កាល​ឆ្នាំមុន នាយក​រដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន និង​លោក​ជំទាវ មាន​វត្តមាន​ចូលរួម ខណៈ​ឆ្នាំ​នេះ​លោក ខៀវ កាញារីទ្ធ ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់៕