ភ្នំពេញ: ខណៈពេលមហា ជនបង្ហើរនូវពាក្យរិះគន់ចំៗនឹងទង្វើបែបខ្វះការប្រុងប្រយ័ត្ន ឬខ្វះការទទួលខុសត្រូវហើយខុសច្បាប់ចរាចរណ៍ របស់តារាសម្តែងស្រី ម៉ាក់ សែនសូនីតា ហៅកញ្ញា តូតា នាពេលថ្មីៗបង្ហាញភាពឆ្គាំឆ្គងខ្លួនគឺដៃស្ដាំកំពុងកាន់ចង្កូត ខណៈដែលដៃឆ្វេងកាន់ទូរស័ព្ទឃើញវង់ភក្ត្របុរសម្នាក់លើអេក្រង់ ពេលអ្នកបញ្ជារថយន្តលើទ្រូងផ្លូវ ផ្ទុះសំណើចពោរពេញទៅដោយក្ដីរំភើបរីករាយយ៉ាងព្រហើននោះ ក៏ស្រាប់តែតារាកំប្លែងនាយ ពែកមី បានបង្ហោះសារមួយឃ្លាបែបជាការសារភាពពីទម្លាប់អាក្រក់របស់ខ្លួនពេលបើកបរ ក៏ធ្លាប់អ៊ីចឹងដែរ ក្រោយហេតុការណ៍ប៉ុន្មានម៉ោង។
នាយ ពែកមី បង្ហោះសារតាមហ្វេសប៊ុកខ្លួនថា៖ «ទម្លាប់អាក្រក់របស់ខ្ញុំគឺ ពេលបើកបរនៅលើដងផ្លូវ តែងតែចុចទូរស័ព្ទ ដឹងថាវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ តែកែមិនបាន នៅមិនសុខ តើបងប្អូនណាខ្លះមានទម្លាប់អ៊ីចឹងដែរ?»។
តែជាក់ស្តែងលោក ពែកមី ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «តាមពិតទៅ ជារឿយៗ ខ្ញុំបានឃើញហេតុការណ៍ដែលបងប្អូនពលរដ្ឋខ្មែរមួយចំនួនធំ មិនថាតែអ្នកមានរថយន្តជិះ ហើយមានទម្លាប់បញ្ជាបណ្តើរ ក៏ឆ្លៀតចុចទូរស័ព្ទបណ្តើរប៉ុណ្ណោះទេ សូម្បីតែអ្នកជិះម៉ូតូក៏បានធ្វើសកម្មភាពនេះដែរ គឺថាសុទ្ធតែជាទម្លាប់អាក្រក់ និងប្រឈមគ្រោះថ្នាក់ដូចគ្នា»។
លោក ពែកមី បានបញ្ជាក់ពីសារខាងលើថា៖ «ចំពោះសាររបស់ខ្ញុំនោះ គឺគ្រាន់តែជាដាស់តឿនទៅដល់អ្នកមានយានយន្តទាំងអស់ នាពេលបើកបរលើដងផ្លូវ សុំកុំប្រើទម្លាប់ដ៏អាក្រក់ ដែលដៃម្ខាងប្រើបញ្ជាឡាន រីឯដៃម្ខាងទៀតឆ្លៀតចុចទូរស័ព្ទផងនោះអី ព្រោះមិនល្អសម្រាប់សុវត្ថិភាពចរាចរណ៍ឡើយ ហើយមានការប្រឈមទៅនឹងគ្រោះថ្នាក់ទៀតផង។សម្រាប់ខ្ញុំផ្ទាល់ ពីមុនក៏ធ្លាប់មានតិចតួចដែរ តែនៅបច្ចុប្បន្ននេះខ្ញុំមានអ្នកបើកបរឲ្យហើយ»។
ជាក់ស្តែងពេលតារាសម្ដែងស្រីបបូរមាត់សិចស៊ីគួរឲ្យក្នាញ់កញ្ញា ម៉ាក់ សែនសូនីតា ទំនងជានាងបែបលង់នឹងអារម្មណ៍រំភើបជន់ជោរពេករហូតដល់ភ្លេចខ្លួនថា កំពុងតែបំពាន ហ៊ានធ្វេសប្រហែសចំពោះសុវត្ថិភាពនៃការបើកបរ បើតាមវីដេអូមានពេលមិនដល់ ១ នាទីពេញផងនោះ បានបង្ហាញពីសកម្មភាពនាងកំពុងជជែកគ្នាតាមវីដេអូផ្ទាល់នឹងបុរសម្នាក់ជាតារាសម្ដែងលោក រតនៈ ពិសិដ្ឋ។
លុះដល់ក្រោយប៉ុន្មានម៉ោងមកឃើញនាយ ពែកមី សារភាពទង្វើអាក្រក់ពេលបើកបររបស់ខ្លួននៅតាមហ្វេសប៊ុកដែរ។ តែតារាកំប្លែងល្បីប្រចាំនៅទូរទស្សន៍ស៊ីធីអិន មានឈ្មោះដើម ចែម ចាន់ដារ៉ា ហៅនាយ ពែកមី ក៏បានបញ្ជាក់ថា៖ «ខ្ញុំមិនបានដឹងមានហេតុការណ៍ដែលកញ្ញា តូតា បើកបរបណ្តើរ និងចុចទូរស័ព្ទបណ្តើរទេ! ហើយឯសារដែលខ្ញុំបានបង្ហោះនោះគឺថាដូចជាបានកើតមុននាង»។
ប៉ុន្តែផ្ទុយពីស្នាមញញឹមនោះ កាយវិការរបស់ តូតា បែរជាធ្វើឲ្យមហាជនរិះគន់ដោយប្រាសច្រាកពីក្រឹត្យក្រមនៃសុវត្ថិភាពច្បាប់ចរាចរណ៍៕