The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពៅ បញ្ញាពេជ្រ សម្រេច​បំណង​អ្នកគាំទ្រ​ឡើង​ច្រៀងតាម​ទូរទស្សន៍

ពៅ បញ្ញាពេជ្រ សម្រេច​បំណង​អ្នកគាំទ្រ​ឡើង​ច្រៀងតាម​ទូរទស្សន៍

Content image - Phnom Penh Post
តារាចម្រៀង ពៅ បញ្ញាពេជ្រ នឹង​អង្គុយ​លើរទេះ​រុញ ពេលឡើង​ច្រៀង​។ វុទ្ធី

ពៅ បញ្ញាពេជ្រ សម្រេច​បំណង​អ្នកគាំទ្រ​ឡើង​ច្រៀងតាម​ទូរទស្សន៍

ភ្នំពេញ: អ្នកគាំទ្រ​យ៉ាងច្រើន​លើសលប់ មានទាំង​ជាតិសាសន៍​បរទេស​ផង ជាមួយ​ក្ដីទន្ទឹង​ទទូច ចង់ឃើញ​វត្តមាន​តារា​ចម្រៀង​ប្រជាប្រិយ បាត់បង់​អាជីព​រស់ក្នុង​ជីវិត​ពិការភាព​មួយ​កំណាត់​ចង្កេះ​ចុះក្រោម​ដោយសារ​គ្រាប់រំសេវ​គីមី ក្រោម​ស្នាដៃ​ឃាតករ​កំបាំងមុខ បាញ់​ប្រហារ​កណ្តាល​ទីក្រុង​ភ្នំពេញ​ទាំងថ្ងៃ​ភ្លឺចែស កាលពី ១០ ឆ្នាំមុន​កញ្ញា ពៅ បញ្ញាពេជ្រ ឡើង​បង្ហើរ​សំនៀង​នៅក្នុង​កម្មវិធី​ទូរទស្សន៍ ទាំង​កាយវិការ​អង្គុយនោះ បានសម្រេច​បំណង​ពួកគេ​ហើយ។

តារា​ចម្រៀង​សំនៀង​ស្រទន់​កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហាញ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុកថា៖ «ពេលនេះ​កម្មវិធី​ប្រគំ​តន្ត្រី​ទូរទស្សន៍​បានផ្តល់​ឱកាស​នេះឲ្យ​ខ្ញុំ​ហើយ»។

នៅមុន​ឱកាស​បុណ្យ​អុំទូក កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​បង្ហាញ​ខ្លួនជា​សាធារណៈ ក្នុងទី​អារាម​វត្តប្រាសាទ នៅលើ​ទឹកដី​ទេសចរណ៍​ភ្នំ​ប្រសិទិ៍្ធ ក្រោយ​សោកនាដកម្ម​ឃាតករ​បាញ់​ប្រហារ​ជាង ១០ ឆ្នាំ។ តបនឹង​កាយវិការ​ស្វាគមន៍ សួរសុខទុក្ខ ពីលោក​យាយ លោកតា និង​ព្រះសង្ឃ បង្ហាញ​ឲ្យ​ឃើញក្នុង​វីដេអូ​ឃ្លីប ពៅ បញ្ញាពេជ្រ ដែលបាន​ជូន​ទ័យវត្ថុ ដល់ចាស់ៗ និងក្មេងៗ​នៅវត្ត​ផងនោះ នាង​ក៏បាន​ពោល​ឡើងថា៖ «គ្មានអ្វី​ជាក្តី​រំពឹងថា នឹង​ប្រសើរ​ឡើងវិញ​ទេសម្រាប់​ខ្ញុំ។ ខ្ញុំ​ធ្វើទាន​ជូនពុក​ម៉ែ​លោក​យាយ លោកតា ពេលនេះ​ក៏សង្ឃឹមថា ទាន​ដ៏ស្តួចស្តើង​នេះ នឹងជួយ​ជាកុសល​ចម្លងកម្ម​ខ្ញុំជាតិ​នេះ ឲ្យជាតិ​ក្រោយ​ជួបភាព​គាប់ប្រសើរ​ពេញ​មួយជីវិត​ផង កុំឲ្យ​ពើបកម្ម​អភ័ព្វ​ដូចជាតិ​នេះ»។

មហាជន​នៅតែ​ចងចាំ​រឿង​ឃាតកម្ម​បាញ់ប្រហារ​ទាំងថ្ងៃ​ចែស​កណ្តាល​ទីក្រុង​ភ្នំពេញ លើតារា​ចម្រៀង​ពៅ បញ្ញា​ពេជ្រ កាលពី​ខែកុម្ភៈ ឆ្នាំ ២០០៧ ទោះជា​វេលា​នោះ​រំលង ១០ ជាងឆ្នាំ ទាំងឃាតករ​ដ៏​ឃោរឃៅ​នោះនៅ​មិនបាន​បកស្បែក​មុខ។ ប៉ុន្តែ​ជាមួយគ្នា​នោះ អ្នក​គាំទ្រ​នាងក៏​ពោល​ទាំងទទូច​ផងដែរ ចង់ឃើញ​នាង​បង្ហាញ​វង់ភក្ត្រ​ឲ្យបាន​ច្រើន​ក្នុងកញ្ចក់​ទូរទស្សន៍ ដោយម្នាក់ៗ​បង្ហាញ​ជំហរ​យ៉ាង​មុតមាំថា នៅតែ​គាំទ្រ​កញ្ញា ពៅ បញ្ញា​ពេជ្រ ជានិច្ច ទោះ​នាង​ស្ថិតក្នុង​សភាព​បែបណា​ក៏ដោយ​ក៏សំឡេង​នៅតែ​ពីរោះ។

ក្តីទន្ទឹង​នេះ​ត្រូវបាន​តារា​ចម្រៀង​សំនៀង​ស្រទន់​កញ្ញា ពៅ បញ្ញា​ពេជ្រ បញ្ជាក់​ព័ត៌មាន​ច្បាស់ការ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​នាងថា៖ «នាងខ្ញុំ​នឹងធ្វើ​ការឡើង​ច្រៀង​នៅ​ស្ថានីយទូរទស្សន៍ CNC នៅ​ថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ក្រោយ​ពេល​ដែល​មកលេង​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ថ្ងៃមក​ហើយ»។

តារា​ចម្រៀង​សន្សំ​ប្រជាប្រិយ ដោយ​ការលេង​ហ្វេសប៊ុក បន្លប់​ភាពពិការ​របស់ខ្លួន​រូបនេះ​បានរៀប​រាប់ថា៖ «ស្ថានីយទូរទស្សន៍ CNC បានផ្តល់​កិតិ្តយស​ឲ្យនាង​ខ្ញុំបាន​ឡើង​ច្រៀង​ក្នុងកម្មវិធី Live ផ្ទាល់​របស់ POCARI SWEAT នៅ​ថ្ងៃទី ១៨ ខែវិច្ឆិកា វេលា​ម៉ោង ៧ យប់។ បងប្អូន​ចង់ចូលរួម​ទស្សនាទេ ជួប​ជាមួយ​អ្នកចម្រៀង​ពិការ ពៅ បញ្ញា​ពេជ្រ»។

ថ្លែង​ពីវត្តមាន​ដ៏កម្រ​របស់​កញ្ញា ពៅ បញ្ញា​ពេជ្រ រំលេច​តាម​កញ្ចក់​ទូរទស្សន៍ អ្នកគ្រប់គ្រង​កម្មវិធី​តន្ត្រី ប៉ូការី ស្វេត លោក សេត គឹម​សឿន ក៏បាន​ឲ្យដឹងថា៖ «ថ្ងៃនោះ ម៉ោង ៧ យប់ តារា​ចម្រៀង​រស់ក្នុង​ភាពពិការ កញ្ញា ពៅ បញ្ញា​ពេជ្រ គាត់នឹង​ផ្តល់​កិត្តិយស ឡើងខន​សឺត ប៉ូការី ស្វេត ដែល​តាម​គម្រោង​កម្មវិធី​នឹងផ្តល់​ឲ្យគាត់​បកស្រាយ​ចម្រៀង​ចំនួន​ពីរបទ»។

លោក​ក៏បាន​បង្ហើប​ឲ្យដឹង​ទៀតថា៖ «កម្មវិធី​រៀប​ឲ្យគាត់​អង្គុយលើ​រទេះរុញ​គាត់​ច្រៀង ហើយក៏​សង្ឃឹមថា វត្តមាន​គាត់​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ព្រោះ​គាត់​មានគេ​អាណិត​ច្រើន និងបាន​បាត់មុខ​ពីខនសឺត​ក្នុង​កម្មវិធី​ទូរទស្សន៍​តាំងពី​គាត់ត្រូវ​ឃាតករ​បាញ់​ប្រហារ»៕

អត្ថបទគួរចាប់អារម្មណ៍