ភ្នំពេញៈ សុខៗក៏​ស្រាប់តែ​ឃើញ​តារា​សម្តែង​ស្រី​រាង​តូច​ច្រឡឹង មាន​ចរិត​ស្លូត​បូត តែង​តែ​ស្តាប់​តាម​គន្លង​ធម៌​ម្តាយ ជា​ថៅកែ​លក់​ផ្អក ប្រហុក ម៉ាំ កញ្ញា ពៅ លីដា បង្ហោះ​សារ​បែប​ក្តៅ​ក្រហាយ​ក្នុង​ចិន្តា​នឹង​រឿង​អ្វី​មួយ​នៅ​មិន​ទាន់​ដឹង ឡើង​ផ្អើល​មហាជន​តាម​បណ្តាញ​សង្គម​តែ​ម្តង។

ជា​សារ​ដ៏​កម្រ​នឹង​ឃើញ​មាន​លក្ខណៈ​ខឹងសម្បា ហួសចិត្ត​យ៉ាងខ្លាំង​ផូ​ស្ត​ចេញ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្តែង​ស្រី​ស្រស់​សោភា កំពុង​តែ​កាក់​កប​ការងារ​សិល្បៈ​សឹង​គ្មាន​ពេល​ទំនេរ បន្ថែម​លើ​របរ​រក​ស៊ី​ក្រៅ​សិល្បៈ​បើក​សាឡន លក់​ផ្អក លក់​ត្រសក់​ចាវ ជ្រក់ស្ពៃ​គីម​ឈី និង​ផ្អក ត្រី​ប្រៃ ពៅ លីដា ខ្លាំង​ណាស់។

តែ​ពេលនេះ បែរជា​ដាច់ចិត្ត​បញ្ចេញ​កំហឹង​ខ្លួន​តាម​បណ្តាញសង្គម​យ៉ាង​ដូច្នេះ​ថា៖ «ទីកន្លែង​ដែល​មាន​អ្នក​ធ្វើ​ការងារ​ល្អ សេវាកម្ម​ល្អ ទើប​កន្លែង​អ្នក​មាន​ភាព​រីក​ចម្រើន!​មិញ​ទៅ​ទៀត ទើប​ដឹងថា សេវាកម្ម​គឺ ០០! នៅ​មាន​ត​ទៀត ទ្រាំ​មិន​ចង់​បាន​ទេ​លោក!​ឈ្លើយ​ណាស់​ដល់​ពេល​ម្ចាស់​ចូល​ទៅ បែរ​សម្តែង​ជា​តួ​ស្លូត​ភ្លាម សាហាវ​ជាង​តួកុន​ទៀត ស្លូត​អស់​ត្រឹម​ខ្ញុំ​ហ្នឹង​ហើយ តែ​គេ​ចេះ​តែ​បង្ខំ»។

រំពេច​នោះ​ក៏មាន​អ្នក​ចូលទៅ​សួរនាំ​ទាំង​ជា​ប្រិយមិត្ត និង​មិត្ត​សិល្បៈ ដើម្បី​ជជីក​រក​ដើមទង​នៃ​បញ្ហា​ថា៖ «តើ ពៅ លីដា កើត​មាន​បញ្ហា​អ្វី​ទៅ? នាង​កំពុង​តែ​មាន​បញ្ហា​ជាមួយ​នឹង​អ្នក​រួម​អាជីព​នៃ​សិល្បៈ​ដូចគ្នា ឬ​នឹង​អ្នក​ណា​ផ្សេង?»។

តារា​សម្តែង​ស្រី​ស្រស់​សោភា មាន​ថ្ពាល់ខួច ដែល​កំពុងតែ​កប​នឹង​ការថត​កុន​ភាគ​ស្ទើរ​គ្មាន​ពេល​ទំនេរ​នោះ​ក៏បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ដើម​ទង​នៃ​បញ្ហា​ខាង​លើ​ថា៖ «មិន​មែន​ជា​បញ្ហា​នៅ​ក្នុង​ការងារ​សិល្បៈ​ទេ​បង!​គឺ​ខ្ញុំ​ទៅ​កន្លែង​គ្លីនិក​ឯកជន​មួយ​ដើម្បី​ពិនិត្យ​សុខភាព ដោយ​នាង​ខ្ញុំ​ឈឺ​វិល​មុខ ហើយ​ដល់​ពេល​គិត​លុយ និង​ទិញ​ថ្នាំ ខ្ញុំ​ឲ្យុ​ប្អូន​ទៅ​គិត ស្រាប់​តែ​បុគ្គលិក​នៅ​ទីនោះ​ថា ឲ្យ​អ្នក​ជំងឺ​មក​គិត​ខ្លួន​ឯង​ទើប​បាន ហើយ​ខ្ញុំ​នៅ​ជិត​ហ្នឹង គឺ​ប្រហែល​ជា ១ ម៉ែត្រ​ពី​គ្នា​សោះ​ហ្នឹង បែរ​ជា​ឆ្លើយ​ថា​មិន​ព្រម។ ដល់​ពេល​ខ្ញុំ​ងើប​ទៅ​គិត​លុយ​បាន​គេ​ព្រម ហើយ​ចរិត​ឡើង​ឈ្លើយ​ហ្មង​បង!​តែ​នៅ​ទីនោះ​ខ្ញុំ​មិន​ថា​អី​ទេ​ដោយ​មិន​ចង់​ឲ្យ​កើត​មាន​រឿង ពេល​មក​ដល់​ផ្ទះ ក៏​នឹក​ខឹង​ក្នុង​ចិត្ត​ព្រោះ​ថា គេ​ធ្វើ​ជ្រុល​លើ​ខ្លួន​ឯង ប្អូន​ខឹង​ខ្លាំង​ពេក​ក៏​ផូស្ត​តែ​ម្តង!»។

កញ្ញា ពៅ លីដា តារា​សម្តែង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​រូបនេះ​បាន​បន្តថា៖ «យ៉ាង​ណា នាង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សោក​ស្តាយ​ជំនួស​ម្ចាស់​ណាស់ ដែល​គ្លីនិក ឬ​កន្លែង​នោះ ដែល​មើល​ទៅ​ហាក់​មិន​បាន​ដឹង​ពី​ឥរិយាបថ​បុគ្គលិក​ខ្លួន​ច្បាស់ ជា​ពិសេស​ទង្វើ​បត់​បែន​បែប​ខ្វះ​សីលធម៌​ចំពោះ​ភ្ញៀវ​ជា​អ្នក​ជំងឺ ពេល​ទៅ​រក​សេវាកម្ម​នៅ​ទីកន្លែង​ខ្លួន តែ​បែរ​ជា​ធ្វើ​ឲ្យ​ភ្ញៀវ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​វិញ»។

តារា​ស្រី​ស្រស់​ផូរផង់​រូបនេះ ក៏​បញ្ជាក់​ដែរ​ពី​ឥរិយាបថ​បែប​មើលស្រាល​មនុស្ស ឬ​វាយតម្លៃ​មនុស្ស​ពី​សម្បក​ក្រៅ​របស់​បុគ្គលិក​នៅ​គ្លីនិក​នោះ​ដែរ​ថា៖ «កាល​នោះ នាង​ខ្ញុំ​បាន​ជិះ​រ៉ឺម៉ក Pass App និង​ស្លៀក​ពាក់​សាមញ្ញ ថែម​ទាំង​ពាក់​ស្បែក​ជើង​ផ្ទាត់​ទៀត ទៅ​ពិនិត្យ​សុខភាព​គឺ​នាង​ខ្ញុំ​ផ្តាសាយ​ធំ​ដែល​ចេះ​តែ​វិល​មុខ​នោះ គឺ​ពួកគេ​ក៏​មើល​លើ​មើល​ក្រោម ហើយ​និយាយ​បែប​មិន​សមរម្យ​មក​លើ​គ្រួសារ​ខ្ញុំ​បែប​នេះ​ដែរ»៕