ក្រុងឡុងដ៍: កម្មវិធី​​​ប្រណាំង​សេះ​បាន​វិល​​មក​វិញកាលពីថ្ងៃចន្ទ​ ​បន្ទាប់​ពី​ផ្អាក​ជាង​ពីរ​ខែ​នៅក្នុង​ប្រទេស​អង់គ្លេស​​ ប៉ុន្តែ​ត្រូវ​បាន​វ៉ា​ផ្ដាច់​​ដោយ​កម្មវិធី​កីឡាថ្មី គឺ​ការ​ប្រណាំង​សត្វព្រាប​ដែល​ជា​ប្រភេទ​ដំបូង​ត្រូវបាន​បើក​ឲ្យ​ដំណើរ​ការ​​ឡើងវិញក្រោយ​​​ការ​បន្ធូរបន្ថយ​វិធានការ​​បិទ​ប្រទេស​ដោយ​វីរុស​​ កូរ៉ូណា​។

កម្មវិធី​កីឡា​ត្រូវបាន​បិទ​​តាំងពី​ខែមីនា​ ​តែ​រាជរដ្ឋាភិបាល​ចក្រភព​​អង់គ្លេស​កាល​ពី​ថ្ងៃសៅរ៍​បាន​អនុញ្ញាត​​ឲ្យ​​មាន​ការប្រកួត​ក្នុង​ស្រុក​ឡើង​វិញ​ ដោយ​គ្មាន​អ្នក​ទស្សនា​​​ចាប់ពី ថ្ងៃ​ទី​ ១ ខែ​មិថុនានេះ​។

ការ​ប្រកួតបាល់ទាត់ Premier League គ្រោង​បន្ដ​សកម្មភាព​នៅថ្ងៃទី ១៧ ខែ​មិថុនា ខណៈ​គណដឹក​នាំ​កីឡា​គ្រីឃិត​នៅតែរំពឹង​ថា​នឹង​ដំណើរ​ការ​ពេញ​លេញ​ឡើង​វិញ​អំឡុង​រដូវ​ក្ដៅ​នេះ​។

​ការ​ប្រណាំងសេះ ជា​កម្មវិធីពេញ​និយម​សម្រាប់​អ្នក​គាំទ្រ​កីឡា​ផ្សាយ​ផ្ទាល់ ប៉ុន្តែ​វា​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង ប្រៀបធៀប​មុន​ពេល​មាន​ការ​បិទ​ប្រទេស។ នៅ​ Newcastle មិនមាន​អ្នក​ទស្សនា​ការ​ប្រណាំង​សេះ​ ១០​ ខណៈ​​ដែល​គ្រូបង្វឹក​អ្នកប្រណាំង​និង​អ្នក​រៀបចំ សុទ្ធ​តែ​ពាក់​ម៉ាស។

ការ​ប្រណាំងសេះ នៅចក្រភពអង់ក្លេស ធ្លាប់​មានការពេញ​និយម​ខ្លាំង​។ រូបថត AFP

នា​ពេល​ព្រឹក​ព្រលឹម​ស្រាង​ៗ​​ ការប្រណាំង​ព្រាប​បាន​នាំមក​នូវ​ភាព​រីករាយ​គួ​ជា​ទី​ចាប់​អារម្មណ៍​។សត្វ​បក្សី​នេះ​ជាង​ ៤ ពាន់​​ក្បាល​ ដែល​ជា​កម្មសិទ្ធិ​របស់​សមាជិក​សហព័ន្ធបានស្លេ​​នៃ​កីឡា​ការ​ប្រណាំង​ព្រាប​នៅ​ភាគ​ខាងជើង​​ប្រទេស​អង់គ្លេស​ ត្រូវ​បានដាក់​ឲ្យ​ចេញដំណើរ​​ពី​ឧទ្យាន​មួយ​នៅ​​ចម្ងាយ​​ ១៤៥ គីឡូម៉ែត្រ​។​

លោក យ៉ន ហ្គ្រីនស្យៀល ជា​អ្នករៀបចំ​កម្មវីធី​ ​​រំពឹង​ថា​​ព្រាប​ប្រណាំង​ទាំង​៣៥ ក្បាល​របស់​​លោក​​នឹង​ប្រើ​រយៈ​ពេល​ ១ ម៉ោង​​ ៥០​ នាទី​បន្ទាប់​​​ប្រលែង​ចេញ​ពីដៃ​​។

អ្នក​ជីករ៉ែ​ចូនិវត្ដន៍ អាយុ ៧២ ឆ្នាំ​រូប​នេះ ​បាន​និយាយ​ថា​ការ​ចាប់ផ្ដើម​ឡើង​វិញ​ត្រូវបាន​ធ្វើ​ឡើង​មុន​ការ​គ្រោង​ទុក​ ដែល​ធ្វើ​ឲ្យ​​ព្រាប​ជា​ច្រើន​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​។ ​

ប៉ុន្តែ​លោក​បាន​បន្ត​ថា​ការ​​ប្រណាំងឡើង​វិញ​នេះ​​នឹងទទួល​បាន​ការ​សាទរ​យ៉ាង​ច្រើន​ពី​​ប្រជាជន​​ក្នុង​សហគមន៍ មិនខុស​ពី​​ «​​ការ​ដាក់​អុកស៊ីសែន​ចូល​ទៅ​ក្នុង​តំបន់​វិញ»នេះ​ឡើយ​​។

លោកនិយាយ​ថា​៖ «​ការ​ប្រណាំង​ជា​គ្រឿង​លើក​ទឹក​ចិត្ដ​ឲ្យ​ពលរដ្ឋ​ក្រោក​ពី​គ្រែ​ ពីព្រោះ​ពួកគេ​ចូលចិត្ដ​កីឡា​នេះ​ខ្លាំង​»៕ AFP/RS