
លោក ព្រាប សុវត្ថិ ឡេង ណាវ៉ាត់ត្រា និង ហេង ឡុង។ វុទ្ធី
ភ្នំពេញ: គ្រងលើអាជីពសិល្បៈចម្រៀងជាង ២០ ឆ្នាំ ជាកំពូលតារាចម្រៀងមិនមានគូប្រជែង លោក ព្រាប សុវត្ថិ តារាចម្រៀងនៅទ្រនំហង្សមាសក៏ធ្លាប់សម្រេចឱកាសចេញច្រៀង និងសម្តែងនៅក្រៅប្រទេសរាប់មិនអស់ ខណៈឱកាសជាន់ឆាកតន្ត្រីនៅទឹកដីកូរ៉េខាងត្បូង ហាក់ឆកល្វែងឱកាសរហូត ដែលទើបតែពេលនេះ ឱកាសនេះនឹងធ្លាក់មកលើដៃលោករហូតដល់មានសុពលភាពដល់ទៅ ២៤ ខែឯណោះ។
នៅល្ងាចថ្ងៃទី ២០ ខែកុម្ភៈ តារាចម្រៀងក្នុងទ្រនំហង្សមាស ដែលទើបសម្រេចបំណងស្នេហ៍មរតកអាជីព ដែលនាំកូនៗប្រុសទាំង ៣ ឲ្យក្លាយជាតារាចម្រៀងអាជីពរួមទ្រនំបាន លោក ព្រាប សុវត្ថិ ក៏បានបង្ហាញខ្លួននៅក្នុងការិយាល័យសមាគមសិល្បករខ្មែរ ជាលើកដំបូង បន្ទាប់ពីតំណែងសមាគមដឹកនាំសិល្បៈមួយនេះ ធ្លាក់លើដៃអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាននោះ។
ប៉ុន្តែស្ថិតក្នុងជំនួបជួសមុខ ប្រធានសមាគមសិល្បករ ដោយលោក ហេង ឡុង និងលោក ឡេង ណាវ៉ាត់ត្រា តារាចម្រៀងវ័យជាង ៤០ ឆ្នាំ នៅតែរក្សាបានប្រជាប្រិយភាពជាកំពូលតារាចម្រៀងនោះ ក៏បានឲ្យដឹងថា៖ «ខ្ញុំមកដល់ទីនេះ គឺមកធ្វើការចុះកុងត្រាទៅច្រៀង និងសម្តែងនៅប្រទេសកូរ៉េ តាមរយៈសមាគមសិល្បករខ្មែរ ជាអ្នករៀបចំកម្មវិធីប្រគំតន្ត្រីនៅទឹកដីនោះ ឲ្យបងប្អូនខ្មែរធ្វើការនៅទីនោះទស្សនា»។
លោក ព្រាប សុវត្ថិ ក៏បានឲ្យដឹងដែរថា៖ «ខ្ញុំនឹងចេញទៅច្រៀងនៅប្រទេសកូរ៉េខាងត្បូងនៅដើមខែឧសភា ក្រោយឱកាសចូលឆ្នាំខ្មែរ តាមការរៀបចំរបស់សមាគមសិល្បករខ្មែរ ដែលមានរយៈពេល ២ ថ្ងៃ បន្ទាប់ទីនោះខ្ញុំក៏មិនធ្លាប់បានទៅច្រៀងដែរ តាំងពីខ្ញុំក្លាយជាតារាចម្រៀង»។
តែយ៉ាងណា បុរសវ័យជាង ៤០ ឆ្នាំ ងារជាតារាចម្រៀងកំពូល និងទើបនាំកូនប្រុសទាំង ៣ សម្រេចបំណងក្លាយជាតារាចម្រៀងអាជីពតាមគន្លងនោះ លោកមិនបានបង្ហាញព័ត៌មានច្រើននោះទេ ពីការទទួលការចេញទៅច្រៀងនៅប្រទេសកូរ៉េខាងត្បូងនោះ។
ប៉ុន្តែជុំវិញការធានាយកកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទៅច្រៀងនោះ លោក ឡេង ណាវ៉ាត់ត្រា ដែលជាអតីតពលករនៅប្រទេសកូរ៉េ វិវឌ្ឍខ្លួនធ្វើជាថៅកែផលិតកម្ម ថៅកែលក់ផ្ទះល្វែង ឡេង ណាវ៉ាត់ត្រា ក៏បានប្រាប់ថា៖ «ខ្ញុំទើបតែសម្រេចឱកាសនាំតារាចម្រៀងល្បីប្រចាំកម្ពុជា ខេមរៈ សិរីមន្ត ,ខេម ,មាស សុខសោភា យូរី ទៅសម្តែងនៅកូរ៉េ កាលពីថ្ងៃទី ១៦ និង ទី ១៧ ខែកុម្ភៈ ហើយឱកាសបន្ទាប់ គឺ ខ្ញុំសហការជាមួយសមាគមសិល្បករខ្មែរដដែល ធានា យកតារាចម្រៀងលោក ព្រាប សុវត្ថិ ទៅច្រៀងនៅកូរ៉េបន្តទៀត»។
លោកបានបន្ថែមថា៖ «យើងបានចុះកុងត្រាយកគាត់ទៅច្រៀងនៅកូរ៉េ ក្នុងរយៈពេល ២ ឆ្នាំ ដែលក្នុងរយៈពេលនេះ មិនអាចមានក្រុមហ៊ុនណាធានាគាត់ទៅច្រៀងនៅទីនោះបានទេ ក្រៅពីសមាគមសិល្បករខ្មែរ និងក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា»៕