ភ្នំពេញ: ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូឆ្នាំ ២០១៩ លើកទី ៣ ដែលផ្តួចផ្តើមឡើងដោយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (ស.ទ.ទ.ក) នឹងចាប់ផ្តើមកម្មវិធីនៅថ្ងៃទី ២២ ដល់ ២៣ ខែមិថុនាខាងមុខនេះនៅបរិវេណសួនច្បារព្រះនាងបញ្ញាបូរមី ជិតសណ្ឋាគារសុខាភ្នំពេញក្រោយខកខានជាង ២ ទសវត្សរ៍។
ការប្រណាំងស៊ីក្លូជាព្រឹត្តិការណ៍ដែលប្រារព្ធបាន ២ ដងរួចមកហើយកាលពីឆ្នាំ ១៩៩៥ និងឆ្នាំ ១៩៩៧ ក្នុងគោលបំណងបង្ហាញពីភាពស្រស់ស្អាតនៃទីក្រុងភ្នំពេញដែលអមទៅដោយស៊ីក្លូ និងចង់រំឭកដល់យុវជនក្នុងសម័យបច្ចុប្បន្នអំពីរបររត់ស៊ីក្លូតាំងពីបុរាណកាល ដើម្បីកុំឲ្យភ្លេចនូវអ្វីដែលជាកេរមរតកដើមថែមទាំងអាចជួយសម្រួលដល់ជីវភាពនៃអ្នករត់ស៊ីក្លូផងដែរ។
លោកស្រី ឆាយ ស៊ីវលីន ជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាអនុប្រធានសហព័ន្ធទេសចរណ៍អាស៊ានបានថ្លែងមកភ្នំពេញ-ប៉ុស្តិ៍ថា៖ «សម្រាប់កម្មវិធីប្រណាំងស៊ីក្លូនេះ យើងធ្វើ ២ ថ្ងៃនៅថ្ងៃទី ២២ និងទី ២៣។ ប៉ុន្តែនៅថ្ងៃទី ២២ មិនទាន់មានការប្រណាំងស៊ីក្លូទេ ព្រោះវាជាថ្ងៃចាប់ផ្តើមនៃកម្មវិធី ដើម្បីអបអរចំពោះព្រឹត្តិការណ៍ដែលកើតឡើង និងទទួលការបរិច្ចាគពីសប្បុរសជនដូចជា សម្ភារផ្សេងៗដែលឈប់ប្រើមកចែកជូនដល់អ្នកប្រណាំងស៊ីក្លូ រួមនឹងមានអមដោយតន្ត្រី និងលក់ផលិតផលនានានៅក្នុងកម្មវិធីនេះ។ ចំណែកថ្ងៃទី ២៣ គឺយើងផ្តើមប្រកួតតាំងពីម៉ោង ៨ ព្រឹក និងចែកជូននូវរង្វាន់សម្រាប់អ្នកឈ្នះក្នុងការប្រកួត»។
ចំពោះអ្នកចូលរួមប្រណាំងស៊ីក្លូមានចំនួន ១៣៨ នាក់ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងនៅមានបុគ្គលិកលក្ខណៈរឹងមាំ និងប្រកួតដោយក្រមសីលធម៌ ដែលត្រូវបានជ្រើសរើសពីសមាគមអភិរក្សស៊ីក្លូថែមទាំងមានការពិនិត្យសុខភាពមុនចូលប្រកួត។
លោកស្រីបានឲ្យដឹងថា៖ «សម្រាប់អ្នកទទួលបានជយលាភីលេខ ១ លេខ ២ និងលេខ ៣ នឹងទទួលបានមេដាយដែលធ្វើការប្រគល់ជូនដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន និងទឹកប្រាក់ ១០០ ដុល្លារសម្រាប់អ្នកឈ្នះការប្រកួតលេខ ២ ទទួលបាន ៨០ ដុល្លារ ទី ៣ ចំនួន ៦០ ដុល្លារ។ ចំណែកឯអ្នកដែលចាញ់ក្នុងការប្រកួតនឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ១០ ម៉ឺនរៀលម្នាក់។
ការប្រណាំងស៊ីក្លូដ៏កម្រនេះត្រូវបានរៀបចំឡើងដោយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានចូលរួមសហការជាមួយនឹងក្រសួងទេសចរណ៍ គណៈកម្មការជាតិអូឡាំពិក សាលារាជធានីភ្នំពេញ និងមានការគាំទ្រពីស្ថាប័ននានាផ្នែកសន្តិសុខ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់ប្រជាជនដែលប្រកបមុខរបររត់ស៊ីក្លូ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន បន្តទៀតថា៖ «ការប្រារព្ធពិធីនេះឡើងគោលការណ៍សំខាន់គឺគ្រាន់តែចង់ដាស់សតិឲ្យប្រជាពលរដ្ឋងាកមកគាំទ្រនូវយានជំនិះបុរាណយើងមួយនេះ (ស៊ីក្លូ) ហើយក៏ចង់ផ្សព្វផ្សាយអ្វីដែលជារបស់ខ្មែរយើងមានទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីសាកធ្វើដំណើរកម្សាន្ដយឺតៗ លម្ហែកាយមើលទេសភាពយ៉ាងត្រជាក់ភ្នែកមិនថានៅក្នុងក្រុងភ្នំពេញ ឬតាមកន្លែងទេសចរណ៍នានានៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃសម្រាកពីការងារ»។
លោកស្រីបានបញ្ជាក់ថាការបង្កើតកម្មវិធីប្រណាំងស៊ីក្លូមិនត្រឹមតែភាពសប្បាយរីករាយដល់អ្នកចូលរួមក្នុងកម្មវិធី និងជួយអភិរក្សដល់មុខរបររបស់ដូនតាមានតាំងពីសម័យមុននោះទេ ថែមទាំងជួយលើកស្ទួយដល់វិស័យទេសចរណ៍ ជាពិសេសបង្ហាញអ្វីជាអត្តសញ្ញាណសម្រាប់ជាតិដែលមានស្រាប់ ព្រោះស៊ីក្លូគឺជាយានជំនិះមួយប្រភេទសម្រាប់ទេសចរ៕