ក្រុង​​បាត់ដំបង៖ បណ្តុំ​នៃ​ទស្សនីយភាព​នៃ​ការ​សម្តែង​សិល្បៈ​របាំ​ ការ​សម្តែង​សៀក ដើរ​​បង្ហាញ​ម៉ូដ​ ការ​តាំង​បង្ហាញ​​ស្នាដៃ​សិល្បៈ​​​នានា​ដែល​​បាន​រៀបចំ​ឡើង​លើក​ដំបូង​ដោយ​​ក្រុម​​អ្នក​សិល្បៈ​ចម្រុះ​ជំនាញ​ កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នៅ​​​​កំណាត់​​​​ផ្លូវ ​2.5 ​នៃ​ក្រុង​បាត់ដំបង​ ខេត្ត​​បាត់ដំបង​​នោះ មិន​ត្រឹម​តែ​បាន​​ជោគជ័យ​ខ្លាំង​ ទេ ថែម​ទាំង​​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ និង​អាជ្ញាធរ​នៃ​​តំបន់ មូល​​មតិ​​​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ប្រចាំ​​ឆ្នាំ​ទៀត​ផង​។​

កម្ម​វិធី​ពិព័រណ៍​​សិល្បៈ​ចម្រុះ​ក្រោម​ប្រធាន​បទ​រួម​ថា «ជំនោរ ART»​ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​​​លើ​ដង​ផ្លូវ​លេខ ២.៥​​ ស្ថិត​នៅ​ក្នុង​ក្រុង និង​ខេត្ត​បាត់ដំបង​​នោះ កាល​ពី​ថ្ងៃទី​ ២១-២២ ខែ ​ធ្នូ ឆ្នាំ ​២០១៩ កន្លង​មក​នោះ​ មាន​​អ្នក​ទស្សនា​ចូលរួម​យ៉ាង​ច្រើន​​កុះករ គ្រប់​ស្រទាប់​វ័យ​ ខណៈ​មាន​​​​ក្រុម​អ្នក​សិល្បករ​-​សិល្បការិនី​​​ ចំនួន​ ​៧០ រូប បាន​នាំ​យក​ស្នាដៃ​សិល្បៈ​ខ្លួន​ដាក់​តាំង និង​សម្តែង​បង្ហាញ​​នូវ​ទស្សនីយភាព​សិល្បៈ​របស់​ខ្លួន​ផង​ដែរ​ នា​ឱកាស​ប្រារព្ធ​ធ្វើ​ចំនួន ​​២ ​ថ្ងៃ​​នោះ។​

ការ​សម្តែង​សិល្បៈ​​សៀក​។ រូបថត ជំនោរ-Art Page

កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​​លើក​កម្ពស់​នូវ​​ភាព​ជា​ក្រុម​របស់​​សិល្បករ សិល្បការិនី​​ និង​​​ការ​ជំរុញ​​​ឲ្យ​បងប្អូន​មហាជន​ខ្មែរ​បាន​ស្គាល់​កាន់​តែ​​ស៊ី​ជម្រៅ​​​ ពី​អ្វី​ជា​សិល្បៈ ហើយ​​សិល្បៈ​បាន​ជួយ​អ្វី​ខ្លះ​ទៅ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម? ​តើ​កម្មវិធី​នេះ​​នឹង​ជួយ​​ដល់​វិស័យ​សិល្បៈ​ ​និង​​អ្នក​សិល្បៈ​​ទាំង​អស់​ ទទួល​​បាន​នូវ​​​​ការ​គាំទ្រ​​បន្ថែម​ពី​សហគមន៍​នឹង​​ឆ្ពោះ​ទៅ​ថ្ងៃ​មុខ។​​​

លោក ប៉ោយ ឈុនលី ជា​អ្នក​​រៀបចំ​នូវ​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ចម្រុះ​​​លើក​​​ដំបូង​នេះ​​​បង្ហើប​​​ឲ្យ​ដឹង​​ថា៖ «ពិត​ជា​មាន​ការ​សប្បាយ​​ចិត្ត​​យ៉ាង​ខ្លាំង​ ក្រោយ​​​ពី​​​ព្រឹត្តិការណ៍​ដំបូង​ ដែល​​​រៀបចំ​ដោយ​ជាតិ​​ខ្មែរ​នេះ ​ទទួល​​បាន​ការ​គាំទ្រ​ច្រើន​គឺ​មាន​​គ្រប់​មជ្ឈដ្ឋាន​ទាំង​បង​ប្អូន​មហាជន និង​អាជ្ញាធរ​​ ហើយ​អ្វី​​ដែល​យើង​កាន់​តែ​មាន​ក្តី​រំភើប​ខ្លាំង​ទៀត​នោះ គឺ​​មាន​​​សំណូម​ពរ​​​ពី​​បងប្អូន​​ខ្មែរ​ចូល​​​ទស្សនា​ ចង់​ឲ្យ​មាន​ការ​រៀបចំ​បាន​​ច្រើន​ដង​នៅ​ក្នុង​មួយ​ឆ្នាំៗ ​គឺ​​ធ្វើ​ប្រមាណ​ជា ​២-៣ លើក​ ប្រសិន​បើ​​​អាច​ធ្វើ​បាន​នោះ​»។

ដោយសារ​​តែ​​ស្នាដៃ​សិល្បៈ​នានា​​ត្រូវ​ការ​ពេល​វេលា​យូរ​​ដើម្បី​បង្កើត​ និង​ទាមទារ​ឲ្យ​មាន​ក្រុម​អ្នក​ជួយ​ឧបត្ថម្ភ​គាំទ្រ​ផ្សេងៗ​ ទើប​តំណាង​អ្នក​រៀបចំ​កម្មវិធី​តាំង​ពិព័រណ៍​ស្នាដៃ​សិល្បៈ​ចម្រុះ គឺ​​លោក ប៉ោយ ឈុនលី ក៏​បាន​បញ្ជាក់​ដែរ​ថា​៖ «​ទោះបី​ជា​ ​មាន​សំណើ​ដូច្នេះ​​មែន​​ក្តី តែ​​​យើង​ពិត​ជា​មិន​អាច​ធ្វើ​​តាម​សំណូមពរ​របស់​បងប្អូន​ប្រិយមិត្ត​បាន​​នោះ​ឡើយ ​ដោយ​យោង​​ទៅ​លើ​កត្តា​មួយ​ចំនួន​​។ ដំបូង​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ស្នាដៃ​​​របស់​ក្រុម​អ្នក​សិល្បៈ​យើង​​ ដោយសារ​តែ​​ពួក​គាត់​មិន​អាច​បង្កើត​​ស្នាដៃ​របស់​ខ្លួន ​បាន​ទាន់​ពេល​ទេ​​ ប្រសិន​បើ​​យើង​រៀបចំ​​ ២-៣ លើក​នោះ​ ព្រោះ​វា​​មាន​រយៈពេល​ខ្លី​ពេក​សម្រាប់​ពួក​គាត់​ ខណៈ​មាន​ស្នាដៃ​ខ្លះ​ត្រូវ​ការ​ពេល​រហូត​ដល់​ទៅ​ជិត​ ១ ឆ្នាំ​ឯណោះ ទើប​ពួក​គាត់​​អាច​សម្រេច​​​ផល​បាន​។

ការចៃ្នម៉ូដ​ពី​សំរាម និង​ប្លាស្ទិក​​។ រូបថត ជំនោរ-Art Page

ម្យ៉ាង​ទៀត យើង​ក៏​ត្រូវ​ការ​ជំនួយ​​​ពី​បណ្តា​ក្រុមហ៊ុន​នានា​ផង​ដែរ​សម្រាប់​ដំណើរ​រៀបចំ​កម្មវិធី​នេះ ព្រោះ​យើង​ត្រូវ​មាន​ក្រុម​អ្នក​រៀបចំ​កម្មវិធី​។ ដូច្នេះ​​យើង​ក៏​សម្រេច​ថា នឹង​រៀបចំ​ជា​​លក្ខណៈ​ប្រចាំ​ឆ្នាំ​វិញ​ ទើប​មាន​​លក្ខណៈ​សម​សួន​ និង​ស្រប​​​​គ្នា​​ទាំង​ក្រុម​ការងារ​រៀបចំ និង​​​​ក្រុម​សិល្បករ-សិល្បការិនី​​​យើង​​ផង​ដែរ​»។​

កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នា​​​​ថ្ងៃទី ​២១-២២ ខែ ធ្នូ ឆ្នាំ ​២០១៩​ មាន​​ក្រុម​សិល្បករ-ការិនី​ ​ប្រមាណ ​៧០ រូប ​ច្រើន​ជំនាន់ និង​ជំនាញ​​ ​បាន​មក​ជួប​​ជុំ​​គ្នា​​មក​តាំង​ពិព័រណ៍​​ស្នាដៃ​​សិល្បៈ​​​បង្ហាញ​សាធារណ​​​ជន​ ដែល​​ប្រារព្ធ​ធ្វើ​នៅ​លើ​កំណាត់​​​​ផ្លូវ ​2.5 ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង ​​ដោយ​មាន​ការ​ជំរុញ និង​ផ្តួច​ផ្តើម​ជួយ​ពី​សំណាក់​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ផង​​ដែរ​នោះ ទើប​រំលេច​ចេញ​ជា​បណ្តុំ​ទស្សនីយភាព​នានា​មាន​​​ដូចជា​ គំនូរ​ រូបថត​ ចម្លាក់​ គូរ​ហាន់​ណា ការ​ផាត់​ពណ៌​ដំបៅ ឬ​​របួស បង្ហាញ​ម៉ូដ សម្លៀក​​បំពាក់​កែច្នៃ​ពី​សំរាម​ប្លាស្ទិក អ្នក​រចនា​ម៉ូដ តារា​បង្ហាញ​ម៉ូដ​ស្នាដៃ​សិល្បៈ ក្រុម​សម្តែង​សៀក​​រាំ របាំ និង​ការ​រាំ​ Hip Hop​​ ជា​ដើម៕​