ភ្នំពេញ៖ បណ្តា​ប្រភេទ​​​បន្លែ​​ស្រស់ៗ​​​របស់​ខ្មែរ​​មាន​ប្រមាណ​ជាង ​២០០ មុខ នឹង​ត្រូវ​បាន​គេ​រៀបចំ​ដាក់​​តាំង​ក្នុង​ព្រឹត្តិការណ៍ ​«ពិព័រណ៍​បន្លែ​ស្រុក​ស្រែ​»​ នា​ថ្ងៃទី ​១២ ខែ​ ​ធ្នូ ឆ្នាំ ​២០១៩ នៅ​ឯ​​ភោជនីយដ្ឋាន​​​​មាតុភូមិ​ ចាប់​ផ្តើម​ពី​ម៉ោង ៨ កន្លះ​ព្រឹក ដល់​ម៉ោង ​១២ ថ្ងៃ​ត្រង់។​

កញ្ញា មាស ដាណា ប្រធាន​ផ្នែក​​ទំនាក់ទំនង​ព័ត៌មាន​ និង​ផ្សព្វផ្សាយ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​​ពិព័រណ៍​បន្លែ​​ស្រុកស្រែ​ ដែល​​ធ្វើ​នៅ​ថ្ងៃទី ​១២ ខែ ​ធ្នូ ឆ្នាំ ​២០១៩ ស្ថិត​នៅ​​​ភោជនីយដ្ឋាន​​មាតុភូមិ ​សាខា​​បាក់ខែង នៃ​​ដង​វិថី​​ផ្លូវ​ជាតិលេខ ៦ អា (ស្ពានទី ១០) បាន​​បង្ហើប​​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​រៀបចំ​​នេះ​​ថា៖​ «​ព្រោះ​​​ចង់​គាស់​កកាយ​​​ឡើង​​វិញ​​ពី​ប្រភេទ​​ទាំង​ឡាយ​​បន្លែ​ខ្មែរ​យើង​ ដែល​មាន​តាំង​​ពី​ដូន​​​តា​យើង​​​ តរៀង​​មក ​ហើយ​​​មាន​ច្រើន​មុខ​​ នឹង​ត្រូវ​​​​​ដាក់​តាំង​ឲ្យ​បងប្អូន​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់​ បាន​ចូលរួម​​​ទស្សនា​ និង​​​ស្គាល់​​​នូវ​មុខ​បន្លែ​​​​ខ្មែរ​​ ដែល​យើង​​​​​បាន​ប្រមូលពី​​តាម​​តំបន់​ខេត្ត​នានា​ប្រមាណ​ចំនួន​​​ជាង​ ១០ ខេត្ត ​​ហើយ​​​​មុខ​​​​បន្លែ​ទាំង​​នេះ មាន​ជាង ​៩០ ​ភាគរយ ​ជា​បន្លែ​​ស្រស់ៗ​តែ​ម្តង ដើម្បី​ដាក់​តាំង​​​បង្ហាញ​​»។​

អាហារដ្ឋាន​ដែលបម្រើ​តែ​មុខ​ម្ហូប​ខ្មែរ​ «មាតុភូមិ» ត្រៀម​រៀបចំព្រឹត្តិការណ៍ពិព័រណ៍​បន្លែស្រុកស្រែ ដែល​មានបន្លែ​ជា​ច្រើន​ជាង ​​២០០ មុខ​ លើកដំបូង​ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ នេះ​។ហុង មិនា

កញ្ញា មាស ដាណា ​បាន​​បន្ត​ថា៖ «លើស​​ពី​​​នេះ​ យើង​ក៏​ចង់​ឲ្យ​​ខាង​​ក្រសួង​កសិកម្ម ​​គួរ​ពិចារណា​​ផង​ដែរ​ថា ចំពោះ​​មុខ​​បន្លែ​របស់​ខ្មែរ​ទាំង​​នេះ ​គួរ​រិះ​រក​វិធី​សាស្រ្ត​ដាំដុះ​ឲ្យ​មាន​គ្រប់​មុខ​ និង​ផ្សព្វផ្សាយ​ឲ្យ​វិស័យ​កសិកម្ម​​​​​ប្រភេទ​នេះ​មាន​គុណ​តមៃ្ល​ផ្នែក​មុខ​ម្ហូប​ជា​​ប្រពៃណី​ខ្មែរ​យើង​​នេះ​តែ​ម្តង​។ ដូច្នេះ​ហើយ យើង​ក៏​​នឹង​បន្ត​​គាស់​កកាយ ​ប្រមូល​ផ្តុំ​នូវ​បន្លែ​ខ្មែរ​​​ធម្មជាតិ ​បន្លែ​ស្រុក​ស្រែ​ បន្លែ​​ជនបទ បន្លែ​កម្រ​តាម​រដូវ​​គ្រប់​ប្រភេទ​ ព្រម​ទាំង​អ្វី​ជា​​សែ​ស្រឡាយ​នៃ​គ្រឿង​ផ្សំ​មុខ​ម្ហូប​ប្រពៃណី​ខ្មែរ​មាន​រាប់រយ​មុខ​​ ដើម្បី​​បង្ហាញ​ជូន​មហាជន​​ឲ្យ​​​​បាន​​​​ដឹង ​ចងចាំ ​និង​កត់ត្រា​ឡើង​វិញ​ព្រម​ទាំង​ការ​យល់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​មហិមា​ដែល​​បុព្វ​បុរស​ដូនតា​​ខ្មែរ​​​យើង​​បាន​​បន្ត​លំនាំ​​​ទុក​​មក​​នេះ​»។

ក្រៅ​ពី​មាន​ការ​ដាក់​តាំង​នូវ​មុខ​​បន្លែ​ខ្មែរ​ជាង ​២០០ ប្រភេទ​នោះ ព្រឹត្តិការណ៍​ពិព័រណ៍​បន្លែ​​ស្រុក​ស្រែ​​ក៏​បាន​រៀបចំ​ឲ្យ​មាន​ការ​​ជួបជុំ​គ្នា​នៃ​ក្រុម​សិល្បករ-សិល្បការិនី​ខ្មែរ នា​ទសវត្សរ៍​ទី ​៨០-៩០​ ជា​ច្រើន​រូប​​ ដើម្បី​​មាន​ឱកាស​មក​ជុំ​គ្នា ជាមួយ​​នឹង​វត្តមាន​នៃ​វិរសិល្បករ​​ចម្រៀង​​អាយ៉ៃ និង​ប្រពៃណី​ខ្មែរ​​លោក​ ព្រហ្ម​ ម៉ាញ ផង​ដែរ ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​បន្លែ​ស្រុក​ស្រែ​នេះ​ផង​ដែរ​។

មុខបន្លែ​មួយ​ប្រភេទមាន​ឈ្មោះថា «សក់នាង»។ រូបថត សហការី​

កញ្ញា មាស ដាណា​ បញ្ជាក់​ពី​​ការ​អញ្ជើញ​លោក​ពូ ព្រហ្ម ម៉ាញ និង​ក្រុម​សិល្បករ-សិល្ប​ការិនី​​​ជា​ច្រើន​នោះ​​ថា៖ «​ហេតុផល​នៃ​ការ​អញ្ជើញ​​លោក​ពូ ព្រហ្ម ម៉ាញ ក៏​ដោយសារ​តែ​គាត់​ គឺ​ជា​អ្នក​សិល្បៈ​បែប​ប្រពៃណី​ដ៏​ល្បី​ម្នាក់​របស់​ខ្មែរ​ ដែល​​ស្រប​នឹង​គោលដៅ​យើង​ចង់​ផ្សាយ​នូវ​​មុខ​បន្លែ​ខ្មែរ​បែប​​ប្រពៃណី​​ខ្មែរ​នេះ​ស្រាប់​ផង​។

​តារា​​អាយ៉ៃ​កំប្លែង​ឆ្លើយឆ្លង លោក​ពូ​ ព្រហ្ម ម៉ាញ។

វីរសិល្បករ​ជា​តារា​កិត្តិយស​អាយ៉ៃ​កំប្លែង​ឆ្លើយឆ្លង លោក​ពូ​ ព្រហ្ម ម៉ាញ ​ក៏​ច្រៀង​បទ​​ចម្រៀង ​ដែល​​​​យើង​​​​​សំណូម​​​ពរ​គាត់​និពន្ធ​​រាប់​រៀប​ស្តីអំ​ពី​ឈ្មោះ​​​មុខ​​​បន្លែ​​ទាំង​​នោះ​​​ដែរ​។ ​ក្រៅ​ពី​នេះ​​ព្រម​​ទាំង​ក្រុម​​អ្នក​​​សិល្បៈ​ ល្បីៗ​​​ នាទសវត្សរ៍ទី​ ៨០-​៩០ ​ផង​​ដែរ​ រួម​មាន​ដូច​ជា​ ​​​លោក ទេព រិនដារ៉ូ លោកស្រី ចាន់ ​តារាទី​ លោក ជា សំណាង​​ លោក​ស្រី ប៉ែន សុផានី លោក ហម ឈរ៉ា​ លោក ច័ន្ទ រឹទ្ធិមេធានី​ លោក​ស្រី អ៊ុំ សក្ខណា​​ លោក ​ជា ណូបូ​ លោក ចៅ ចាន់ណារី និង​​បណ្តា​សិល្បករ-សិល្បការិនី​ល្បីៗ​​ដទៃ​ទៀត»​។​

ខណៈ​​មុខ​​បន្លែ​នានា​ ដែល​​ត្រៀម​​ដាក់​តាំង​នៅ​​ក្នុង​​​ព្រឹត្តិការណ៍​ពិព័រណ៍​បន្លែ​ស្រុក​​ស្រែ​ នោះ​ ​​​ជា​អាទិ៍​​រួម​មាន​ដូចជា​បន្លែ​ផ្អែម ឬ​ហៅ​ត្រួយ​ឆ្អឹង​មាន់ ស្លឹក​ស៊ុងរៀង ឬ​ស្លឹក​សណ្តែក​ខ្មោច ត្រួយ​កណ្តៀង​​ ត្រួយ​ចន្ទល់​ភ្នំ​ ត្រកៀត ឬ​ស្លឹកដងរែក ត្រួយ​ដំឡូងជ្វា ត្រួយ​ទាល់ ត្រួយ​​ស្មាច់ ថ្នក់​ទឹក ត្រួយ​ម្ជូរព្រឹក សក់​នាង​ ស្លាប​ច្រវា ស្លឹក​ថ្នឹង ស្លឹក​សណ្តាន់ ផ្លែ​ពិការ ត្រួយ​ត្រដក់​ ត្រួយ​រាំងទឹក ផ្កា​ក្រចក​អណ្តើក ផ្លែ​ពង្រ ​ផ្សិត​ក្ងោក ជា​ដើម និង​ប្រភេទ​​បន្លែ​ប្លែកៗ​ដែល​​ប្រជាជន​ខ្មែរ​យើង​ខ្លះ​នៅ​មិន​​ទាន់​បាន​​ស្គាល់​៕​

មុខបន្លែ​មួយ​ប្រភេទមាន​ឈ្មោះថា«ត្រួយឆ្អឹងមាន់»។ រូបថត សហការី​