ភ្នំពេញៈ ការចំណាយ​ប្រាក់​ត្រឹមតែ ១ ពាន់​រៀល​ពី​លោកអ្នក​អាច​នឹង​ជួយ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការសម្តែង​ល្ខោនខោល​ខ្មែរ​លើកដំបូង និង​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ​ប្រារព្ធ​ខួប​ចំនួន ២ ​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ល្ខោនខោល​ខ្មែរ​ខួប​ចំនួន ១៧ ​ឆ្នាំ​នៃ​របាំ​ព្រះរាជ​ទ្រព្យ ខួប​ចំនួន ១៥ ​ឆ្នាំ​នៃ​ល្ខោន​ស្រមោល​ស្បែក​ធំ និង​ខួប​ចំនួន ៤ ​ឆ្នាំ នៃ​ឧបករណ៍​ភ្លេងបុរាណ​ចាប៉ី​ដងវែង​ដែល​អង្គការ​យូណេស្កូ​បាន​ដាក់​បញ្ចូល​ជា​សម្បតិ្ត​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០២០​។

លោក ស៊ុប ស័ក្ខរា ជា​ស្ថាបនិក​នៃ​ក្រុម​អ្នករៀបចំ​ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ឆ្នាំ​ ២០២០ និង​ជា​នាយក​នៃ​សាលា​សិល្បៈ​ហ្វូណន​បង្រៀន​សិស្ស​ឥតគិតថ្លៃ​នូវ​ទម្រង់​សិល្បៈ​បុរាណ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ បង្ហើប​ប្រាប់​ពី​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ថា​៖ «​ដោយសារ​ចង់​ឲ្យ​មាន​ការបង្កើត​ព្រឹត្តិការណ៍​ចងចាំ​ដ៏ធំ​មួយ​មាន​លក្ខណៈ​បែប​ប្រវត្តិសាស្ត្រ សម្រាប់​ល្ខោនខោល​លើក​ដំបូង ក្រោយពី​បាន​ត្រូវ​អង្គការ​យូណេស្កូ​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​នោះ​ទើប​ខ្ញុំ​ និង​ក្រុម​ការងារ​ខិតខំ​ផ្តួចផ្តើម​ជា​ព្រឹត្តិការណ៍​មួយ​នេះ​ឡើង​ដោយ​កំណត់​ធ្វើ​ចំនួន ២ ​ថ្ងៃ​គឺ​ទី​ ២៨-២៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ ខាងមុខ​។ ម្យ៉ាងទៀត​ក៏​ចង់​ឲ្យ​បងប្អូន​ខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​បង្កើន​ការចងចាំ​ចំពោះ​ព្រឹត្តិការណ៍​ដ៏សំខាន់​របស់​ខ្មែរ​មួយ​នេះ​ផង​ដែរ​»​។

ចាប៉ីដងវែង និង​របាំ​ព្រះរាជទ្រព្យ​ក៏​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​ ២០២០​។ រូប ហ្វេសប៊ុក

លោក ស៊ុប ស័ក្ខរា បាន​ចំណាយ​ពេល​លើ​ការងារ​ចូលរួម​សកម្ម​ជួយ​លើកស្ទួយ​សិល្បៈ​បុរាណ​ល្ខោនខោល​បូករួម​ទាំង​ការសិក្សា​ដែរ​នោះ​គឺ​សរុប​ទៅ​មាន​រយៈពេល​ជិត​ ២ ​ទសវត្សរ៍​ទើប​លោក​អាច​ឃើញ​សិល្បៈ​បុរាណ​មួយ​នេះ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ទទួល​ស្គាល់ និង​ព្រម​ចុះបញ្ជី​ដាក់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​អរូបី​នៃ​មនុស្សជាតិ​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ១៣ ទីក្រុង​ព័រល្វីស៍ (Portlouis) ​នៃ​សាធារណរដ្ឋ​ម៉ូរីស (Maurice) នា​ថ្ងៃទី​ ២៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨​។

គួរ​បញ្ជាក់​ថា លោក ស៊ុប ស័ក្ខរា គឺជា​អ្នកជំនាញ​សិល្បៈ​ល្ខោនខោល​ម្នាក់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការលើកស្ទួយ និង​ផ្សព្វផ្សាយ​ពី​ទម្រង់​សិល្បៈ​ល្ខោនខោល​ខ្មែរ ខណៈ​លោក​គឺ​អតីត​ជា​សិស្ស​ចូលរៀន​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​ចំនួន ៧ ឆ្នាំ​ដោយ​បាន​ចូល​ហាត់រៀន​ដំបូង​នៅ​ឆ្នាំ​ ២០០២ និង​បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ចំនួន ៤ ឆ្នាំ និង​បាន​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​សិល្បៈ​ល្ខោនខោល​សរុប​ទៅ​រយៈពេល ១៩ ​ឆ្នាំ​ហើយ​ក៏​បាន​បើក​សាលាបង្រៀន​សិល្បៈ​បុរាណ​ទៅ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឥតគិតថ្លៃ​ទៀត​ផង​។

លោក ស៊ុប ស័ក្ខរា ស្ថាបនិក​បង្កើត​ព្រឹត្តិការណ៍​ដ៏ធំ​នៅ​ឆ្នាំ​ ២០២០ ខាង​មុខ មាន​វ័យ​ ២៩ ​ឆ្នាំ​រូបនេះ​ក៏​មាន​ក្តីរំពឹង​ដែរ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា ចាប់​ពេល​នេះ​តទៅ បងប្អូន​ជនរួមជាតិ​ខ្មែរ​នឹង​ចូល​សហការ​គ្នា​បាន​យ៉ាង​ផុសផុល​នៅក្នុង​ការខំប្រឹង​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​បែប​ប្រវត្តិសាស្ត្រ​នេះ បាន​ខណៈ​យើង​ក៏មាន​មូលនិធិ​មួយ​ដែល​សូម​ឲ្យ​បងប្អូន​ជួយ​ចូល​ចំណាយ​ប្រាក់​តែត្រឹម ១ ០០០ រៀល ប៉ុណ្ណោះ ដើម្បី​ចូលរួម​ផ្នែក​ហិរញ្ញវត្ថុ ព្រោះ​ថា​យើង​ពិតជា​មិន​មាន​លទ្ធភាព​រៀបចំ​ដោយ​ខ្លួនឯង​បាន​ឡើយ​នៅក្នុង​ទម្រង់​នៃ​ការសម្តែង​សិល្បៈ​ល្ខោនខោល​ដែល​មាន​ក្រុម​សិល្បករ-ការិនី​នឹង​ចូលរួម​សម្តែង​មាន​ចំនួន​ប្រមាណ​ជិត ៣០០ ​នាក់​នៅ​ថ្ងៃទី​ ២៨-២៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០​។ ជាពិសេស​នោះ​ការចំណាយ​ថ្លៃ​សម្លៀកបំពាក់​អ្នក​សិល្បៈ​ចូលរួម និង​ការហាត់​សម​ជា​ដើម បើ​តាម​ការប៉ាន់ប្រមាណ​ទៅ​គឺ​ចំណាយ​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ឯណោះ​ទើប​អាច​រៀបចំ​បាន ដូច្នេះ​ទើប​ត្រូវការ​ជំនួយ​ពី​បងប្អូន​ជនរួមជាតិ​»៕