ភ្នំពេញ៖ ក្រោម​ស្មារតី​ស្រឡាញ់​សិល្បៈ​​វប្បធម៌​ជាតិ​ និង​​​បង្ហាញ​ពី​ឆន្ទៈ​របស់​​ខ្លួន​នោះ ឃើញ​មាន​ក្រុម​យុវជន ​និង​សិល្បករ​ ដែល​ជា​​តារា​ចម្រៀង និង​តារា​​សម្តែង​ប្រុសៗ បាន​​ស្ម័គ្រ​ចិត្ត​ទៅ​ហ្វឹកហាត់​ទម្រង់​សិល្បៈ​បុរាណ​ល្ខោន​ខោល​ ដើម្បី​ត្រៀម​​ចូលរួម​ការ​​សម្តែង​​​​​​ក្នុង​ព្រឹត្តិការណ៍​សម្តែង​ល្ខោន​​ខោល​ខ្នាត​ធំ​មួយ ​នៅ​ចុង​ឆ្នាំ ​២០២០ នេះ ​ប្រសិន​បើ​ស្ថានភាព​នៃ​​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩ លែង​​មាន​កើត​នូវ​​​​ក្តី​​បារម្ភ​​នោះ។​

យ៉ាងណា​មិញ​ កាល​ពី​រសៀល​​ថ្ងៃ​ទី ៧ ខែ​ មិថុនា ឆ្នាំ ​២០២០ ថ្មីៗ​នេះ មាន​ក្រុម​សិល្បករ​ជា​តារា​ចម្រៀង​ និង​​​តារា​សម្តែង​ រួម​មាន​​​​ លោក ឌី វ៉ាន់​​ដា លោក ចន ស័ក្ត លោក ហៃ ប៉ោហុង លោក នូ ឧសភា លោក រស់ រាជ្ជសាល លោក ចន្ថា ដារ៉ា លោក អ៊ុន សុទ្ធា លោក ធៀន លោក សន ពិសិដ្ឋ លោក នេន ទុំ លោក ដារ៉ាត់ លោក សិរី វង្ស លោក រាជ្យបុត្រ នាគមាស លោក ពឹង ពុទ្ធិស័ក្ក លោក យុទ្ធ និស្ស័យ លោក កូដូម៉ូ លោក សយ​ រតនៈ លោក ពង្ស ពុទ្ធិស័ក និង​លោក ថៃ សាន បាន​​​ចូលរួម​ហាត់​សម​ល្ខោន​ខោល​ ជាមួយ​នឹង​លោក​គ្រូ អ្នក​គ្រូ ​​និង​លោកគ្រូ​​បច្ចេកទេស​ គឺ​ព្រឹទ្ធាចារ្យ​ ព្រឿង ឈៀង នៅ​ឯ​​​មជ្ឈមណ្ឌល​​ហ្វឹកហ្វឺន​​​នៃ​កង​​យោធពល​​ខេមរភូមិន្ទ (ស្តាត​ចាស់)​។​​​

ការ​​មក​ហាត់​សម​​ពេល​នេះ គឺ​​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ ​និង​ស្វែងរក​មូលនិធិ​​បន្ថែម​ក្នុង​ការ​រៀបចំ​​ព្រឹត្តិការណ៍​ធំ​នៅ​ដំណាច់​​ឆ្នាំ​ ​២០២០ ព្រោះ​ថា​​នៅ​ខ្វះ​​ថវិកា​ជា​ច្រើន​​ សម្រាប់​​​ការ​ផលិត​សម្ភារ និង​កម្មវិធី​។ នេះ​​បើ​តាម​ការ​បង្ហើប​​ពី​លោក ស៊ុប សក្ក​រ៉ា ជាប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​​សម្តែង​ល្ខោន​ខោល​។​​

ក្រុម​យុវជន និង​សិល្បករ​ស្ម័គ្រ​ចិត្ត​ហាត់​របាំ​ល្ខោនខោល ដើម្បីត្រៀមសម្តែង​ព្រឹត្តិការណ៍ធំ​មាន​អ្នកសម្តែង ​២០០ នាក់ ចុងឆ្នាំ​ ២០២០​។ហុង មិនា

លោក ស៊ុប សក្ករ៉ា បាន​បញ្ជាក់​ថា៖ «សម្រាប់​​ការ​ចូលរួម​​ពី​ក្រុម​តារា​ទាំង​អស់​នេះ មិន​មែន​​ជា​ការ​សម្តែង​នោះ​​​​​ឡើយ ពោល​​គឺ​​គ្រាន់​តែ​ជា​ការ​ថត​ផ្សព្វផ្សាយ​អំពី​កម្មវិធី​​យើង ដោយ​​​​មាន​ការ​បង្ហាត់​បង្រៀន​​ពី​លោកគ្រូ អ្នកគ្រូ និង​សិស្ស​សាលា​មួយ​ចំនួន​។ យើង​​មិន​​មាន​បំណង​​​ចាក់​ផ្សាយ​នៅ​​តាម​​​​​ទូរទស្សន៍​ឡើយ គឺ​យើង​​ថត​​ដើម្បី​ផ្សព្វផ្សាយ​​តាម​​​​ផេក​ផ្សេងៗ​ ​សម្រាប់​ព្រឹត្តិការណ៍​ល្ខោន​ខោល ហើយ​​នឹង​បញ្ចូល​​ទៅ​គណនី​ហ្វេសប៊ុក​​តារា​នីមួយៗ​ដែល​បាន​ចូលរួម​ហ្វឹកហាត់​ប៉ុណ្ណោះ​។​ អ្នក​ចូលរួម​ទស្សនា​​​អាច​បរិច្ចាគ​​ដោយ​​ផ្ទាល់ ឬ​​តាម​​គណនី​ធនាគារ​​ ដែល​​​​បាន​រៀបចំ ឬ​ក៏​តាមរយៈ​​តារា​សម្តែង​​ជា Idol​ ​ក្នុង​ចិត្ត​ពួក​គេ​ក៏​បាន ខណៈ​​​​អ្នក​ចូលរួម​យើង​មាន​កំណត់ មិន​អាច​បើក​ទូលាយ​​ធំ​ឡើយ ដោយសារ​​យើង​ស្ថិត​ក្នុង​​​ភាព​ការពារ​នៃ​ការ​ឆ្លង​​​​ជំងឺ​កូវីដ ​១៩​»។​

កញ្ញា ពេជ្រ ចរណៃ ស្ម័គ្រចិត្ត​បង្ហាត់​កីឡាល្បុក្កតោ​ ដើម្បីត្រៀមសម្តែង​ព្រឹត្តិការណ៍ធំ​មាន​អ្នកសម្តែង ​២០០ នាក់ ចុងឆ្នាំ​ ២០២០​។ហុង មិនា

ដោយសារ​ការ​​សម្តែង​ល្ខោន​ខោល​​​ ក៏​មាន​ឈុត​ឆាក​ប្រើ​ទម្រង់​ក្បាច់​គុន​ល្បុក្កតោ​ផង​​នោះ ទើប​តារា​​សម្តែង​ស្រី និង​ជា​​​អ្នក​គ្រូ​បង្ហាត់​កីឡា​ល្បុក្កតោ​ កញ្ញា អ៊ិត កន្និកា ហៅ​កញ្ញា ពេជ្រ ចរណៃ​ ក៏​បាន​ស្ម័គ្រ​ចិត្ត​មក​បង្ហាត់​ក្រុម​យុវជន​​ខ្មែរ ដែល​​មាន​ឆន្ទៈ​ស្ម័គ្រ​ចិត្ត​ចូលរួម​សម្តែង​ទម្រង់​ល្ខោន​ខោល​នៃ​​ព្រឹត្តិការណ៍​សម្តែង​ដ៏​ធំ​មួយ ​មាន​​អ្នក​សម្តែង​ចំនួន​​ ២០០ នាក់។​

កញ្ញា ពេជ្រ ចរណៃ បង្ហើប​ថា៖ «តាម​​​​គម្រោង​ព្រឹត្តិការណ៍​នេះ យើង​ត្រូវ​ការ​​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចំនួន ២០០ នាក់ ដើម្បី​ចូល​​​សម្តែង​​​ទម្រង់​សិល្បៈ​ល្ខោន​​ខោល ដែល​នឹង​ត្រៀម​ធ្វើ​​នៅ​ចុង​ឆ្នាំ ២០២០ ឬ​អាច​លើក​ពេល​​ ខណៈ​​ពេល​​បច្ចុប្បន្ន​នេះ​ យើង​រើស​បាន​ចំនួន​ប្រមាណ ១០០ នាក់​ហើយ។ ​ការ​ហ្វឹកហាត់​មាន​ចំនួន ​២ ថ្ងៃ​នៅ​ក្នុង ​១ សប្តាហ៍​ គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ដោយ​ការ​ហាត់​ល្ខោន​ខោល​​ចាប់​ផ្តើម​នៅ​ចន្លោះ​​ម៉ោង ២ ទៅ​ ម៉ោង ៥ ខណៈ​ការ​ហាត់​ល្បុក្កតោ​​ចាប់​ពី​ម៉ោង ៥ ​ទៅ​ម៉ោង ៧ ​យប់។ ដោយ​ឡែក​​ ភាព​ចាំបាច់​ដែល​ចង់​ឲ្យ​យុវជន​ខ្មែរ​​មក​ហាត់​កីឡា​ល្បុក្កតោ​នោះ ក៏​ព្រោះ​តែ​ការ​សម្តែង​ល្ខោន​ខោល ក៏​មាន​ឈុត​​ប្រើ​ក្បាច់​គុន​ល្បុក្កតោ​ និង​ដើម្បី​សម្តែង​ទម្រង់​ក្បាច់​គុន​នេះ​តែ​ម្តង​នា​ពេល​ប្រារព្ធ​ព្រឹត្តិការណ៍​នោះ»។​

គួរ​រំឭក​ថា ល្ខោន​ខោល​ខ្មែរ ត្រូវ​បាន​ចុះ​បញ្ជី​​បេតិកភណ្ឌ​ពិភព​លោក​នៅ​ថ្ងៃទី ​២៨ ខែ វិច្ឆិកា ឆ្នាំ ​២០១៨ ក្នុង​កិច្ច​ប្រជុំ​លើក​ទី ​១៣ នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ UNESCO នៅ​ទីក្រុង​ព័រល្វី នៃ​សាធារណរដ្ឋ​​ម៉ូរីស ខណៈ​ល្ខោន​ខោល​នេះ ស្ថិត​នៅ​ក្នុង​បញ្ជី​​បេតិកភណ្ឌ​អរូបី ដែល​ត្រូវ​ការ​សង្គ្រោះ​​បន្ទាន់៕​

ក្រុម​យុវជន និង​សិល្បករ​ស្ម័គ្រ​ចិត្ត​ហាត់​របាំ​ល្ខោនខោល ដើម្បីត្រៀមសម្តែង​ព្រឹត្តិការណ៍ធំ​មាន​អ្នកសម្តែង ​២០០ នាក់ ចុងឆ្នាំ​ ២០២០​។ហុង មិនា