ក្រុង​គួឡាឡាំពួ: ស្វា​កន្ទុយ​ជ្រូក​ចេះ​មួល​ទង​ផ្លែដូង​​រហូត​ដល់​របេះ​ដាច់​ធ្លាក់​ដល់​ដី។ វា​​​ជាសកម្ម​​ភាព​ជោគ​ជ័យ​ស្ដួច​ស្ដើង​សម្រាប់​កូន​សិស្ស​​តូច​នៅ​សាលា​រៀន​ម៉ាឡេស៊ី​មួយ ដែល​បង្វឹក​ស្វា​ប្រមូល​ផល​ដូង​ជូន​ប្រជា​កសិករ​។

ហ្វូង​ស្វា​រាប់​ពាន់​ក្បាល​ត្រូវបាន​បង្រៀន​ប្រកប​របរ​រក​ស៊ី​រយៈ​ពេល​ ៤ ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​បុរស​ម្នាក់​រហ្សនាម​ លោកតា វ៉ាន ក្នុង​ភូមិ​តូច​មួយ​ភាគ​ខាង​ជើង​ប្រទេស​។

ប្រាក់​ថ្លៃ​សិក្សា​បន្ដិច​បន្ដួច ពលរដ្ឋ​ទូទាំង​ប្រទេស​​ បាន​បញ្ជូន​កូន​សិស្ស​ពានរ​មក​រៀន​ឡើង​បេះ​ផ្លែ​ដូង​។ ការ​បង្រៀន​សត្វ​ស្វា​បេះដូង​ផ្លែ​ឈើ​ កាល​ពី​អតីត​ បា​ន​បង្ក​ជា​កំហឹង​តវ៉ា​ពី​ក្រុម​​អង្គការ​សិទ្ធិ​សត្វ​ ដែល​ចាត់​ទុក​ជា​ទង្វើ​ព្រៃ​ផ្សៃ តែ​លោកតា វ៉ាន ឈ្មោះ​ដើម វ៉ាន អ៊ិប្រាហ៊ីម វ៉ានម៉ាត បាន​ទទូច​ថា លោក​​ស្រឡាញ់ និង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សត្វ​។

បុរស​វ័យ ៦៣ ឆ្នាំ បាន​និយាយ​រៀប​រាប់ ខណៈ​កូន​ស្វា​ឡើង​តោង​ក្បាល​ និង​ខ្លះ​កំពុង​ហ្វឹក​ហាត់​ឡើង​ដើម​ដូង​ថា៖ «​ពួកវា​ហាក់​បី​ដូចជា​កូន​របស់​យើង​អ៊ីចឹង​។ ពេល​ពួកវា​ទម្លាក់​ផ្លែ​ដូង យើង​បង្ហាញ​ពី​ការ​ស្រឡាញ់​ ​ដោយ​ការ​ស្ទាប​អង្អែល​ពួក​វា​»។

លោកតា វ៉ាន បាន​ប្រាប់​ថា ដើម្បី​បង្វឹក​ស្វា​ឲ្យ​មាន​សមត្ថភាព​ឡើង​បេះ​ផ្លែ​ដូង​អាច​ចំណាយ​ពេល​ចាប់​ពី​ប៉ុន្មានថ្ងៃ​​ទៅ​មួយ​ខែ អាស្រ័យ​លើ​បញ្ញា​សត្វ​នីមួយ​ៗ​។

ប៉ុន្ដែ​ពេល​ចេះ​សព្វ​គ្រប់​ ពួក​វា​អាច​បេះផ្លែ​ដូង​បាន​ប្រមាណ ៨០០ ផ្លែ​ក្នុង​មួយ​ថ្ងៃ ដែល​លោក​អាច​រក​ចំណូល​បាន​ ១៥០ រីងហ្គីត (១៥៥០០០ រៀល​) សម្រាប់​ការ​បង្វឹក​មួយ​ចប់​។

លោក ម៉ាត អាលី ហ្សា​ការីយ៉ា ជា​អ្នក​បេះផ្លែ​ដូង​ម្នាក់ បាន​កោត​សរសើរ​លោក វ៉ាន អ៊ិប្រាហ៊ីម ចំពោះ​វិធី​បង្វឹក​ស្វា​ដ៏​ទន់​ភ្លន់​របស់​លោក​។ លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ឃើញ​អ្នក​ផ្សេង​បង្វឹក​សត្វ​ស្វា​ ជួន​កាល​ពួក​វា​អត់​ចង់​ឡើង​បេះផ្លែ​ដូង​ សត្វ​ស្វាត្រូវបាន​គ្រវែង​ចូល​ទន្លេ​មិន​ខាន​»។

ជំនួញ​របស់​លោក វ៉ាន អ៊ិប្រាហ៊ីម នឹង​មិន​មាន​អាយុ​កាល​ឋិតថេរ​នោះ​ទេ លោក​បាន​កាត់​បន្ថយ​តាំងពី​កើត​ជំងឺ​សសៃ​ឈាម​ខួរ​ក្បាល​កាល​ពី​ពីរ​ឆ្នាំ​មុន ហើយ​ពេល​នេះ លោក​ដើរ​ដោយ​ត្រូវ​ប្រើ​ឈើ​ច្រត​។

គ្មាន​កូន​ណា​ម្នាក់​ក្នុង​ចំណោម ៥ នាក់ ចាប់​អារម្មណ៍​ចង់​បន្ដវេន​ឪពុក តែ​លោក​បាន​និយាយ​ថា មាន​អ្នក​បង្រៀន​សត្វ​ស្វា​ច្រើន​ទៀត​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​នឹង​បន្ដ​កិច្ចការ​នេះ​ពេល​លោក​ចូល​និវត្ដន៍​ទៅ៕ AFP/HR