ភ្នំពេញ៖ ​​ថ្មីៗ​នេះ​ គេ​ឃើញ​​មាន​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​ស្រ្តី​បរទេស​ Lina Goldberg ដែល​ជា​ស្ថាបនិក​នៃ​​ ​Move to Cambodia ​​នឹង​​កញ្ញា យ៉ុន សុខខន​ ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សិល្បៈ​ លើ​ប្រធានបទ​​ព្រឹទ្ធាចារ្យ​វោហារ​កោសល្យ​​​លោកតា​ គង់ ណៃ ប្រើប្រាស់​ចាប៉ី​ដង​វែង ក្នុង​ការ​ចែក​រំលែក​​​ពី​វិធី​ការពារ​ពី​មេរោគ​កូវីដ ​១៩ បង្កើត​​ចំណាប់​អារម្មណ៍​ខ្លាំង​​​​​ពី​​មហាជន​ ខណៈ​សិល្បៈ​​ចាប៉ី​ដង​វែង​នេះ​ ពី​ដើម​មក​ច្រើន​​តែ​ច្រៀង​រៀបរាប់​អំពី​រឿង​ព្រេង​និទាន​នោះ​។

ដូច្នេះ​ពេល​ឃើញ​លោក​ព្រឹទ្ធាចារ្យ​ បាន​​ច្រៀង​ចាប៉ី​លើក​នេះ​ ​ប្រហែល​ជា​មិន​សូវ​មាន​ការ​ប្រើប្រាស់​ចាប៉ី​ដង​វែង​ធ្វើ​ជា​ប្រធាន​បទ​​​នេះ​​ ដើម្បី​​ចែក​​​រំលែក​អំពី​ព័ត៌មាន​ពី​សុខភាព​សាធារណៈ​ ប៉ុន្តែ​​​មាន​ភាព​ទូទៅ ចំពោះ​ការ​ប្រើ​ចម្រៀង​​ចាប៉ី​ដង​វែង​​ផ្ញើ​សារ​អប់រំ​​ទៅ​កាន់​អ្នក​ស្តាប់​ផង​ដែរ​អំពី​កូវីដ ១៩​។

បើ​​តាម​អ្នក​សម្រប​សម្រួល​ផ្នែក​ទីផ្សារ​​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ​Vochinea Proseth​ បាន​បង្ហើប​ឲ្យ​ដឹង​​ពី​គោល​បំណង​​សម្រេច​ជ្រើស​​លោក​ព្រឹទ្ធាចារ្យ​​ គង់ ណៃ​​ ក៏​ដូចជា​​យក​​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​​ចាប៉ី​ដង​​វែង​ធ្វើ​ជា​ប្រធាន​បទ​នោះ​​ដែរ​​ថា​៖​ «​ដោយសារ​តែ​ចាប៉ី ជា​ទម្រង់​សិល្បៈ​បម្រើ​ដល់​ការ​អប់រំ​សង្គម ​ហើយ​លោក​​ព្រឹទ្ធាចារ្យ​ គង់ ណៃ ​ជា​សិល្បករ​ដ៏​ចំណាន​​​ក្នុង​​ការ​ច្រៀង និង​ប្រគំ​ចាប៉ី​ដង​វែង ​ព្រម​ទាំង​មាន​ប្រជាប្រិយភាព​​យ៉ាង​ច្រើន​​ក្នុង​ចំណោម​ស្រទាប់​​​មហាជន។ ដូច្នេះ​​ការ​បញ្ជ្រាប​​​សារ​អំពី​​​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ ១៩ ​តាមរយៈ​​​ចម្រៀង​​ចាប៉ី​​ដងវែង​​ជា​វិធីសាស្ត្រ ​​ដ៏​មាន​ប្រសិទ្ធភាព​​បំផុត​​ នៅ​ក្នុង​ការ​អប់រំ​​​​ដល់​ប្រជាពលរដ្ឋខ្មែរ​​​ឲ្យ​ចេះ​​ការពារ​ខ្លួន​។ ម្យ៉ាង​​វិញ​ទៀត​​វា​ក៏​ជា​ការ​រំលេច​​តួនាទី​ដ៏​សំខាន់​​នៃ​សិល្បៈ​ ដែល​មិន​អាច​ខ្វះ​បាន​​ក្នុង​សង្គម​ប្រភេទ​នេះ​ផង​ដែរ​»។​​

លោកតា គង់ ណៃ ធ្លាប់​ប្រើចាប៉ីច្រៀង​ថ្លែង​អំណរគុណជូន​សិស្សានុសិស្សជប៉ុន​ស្តាប់​នៅទី​ក្រុងហ្វូកុអូកា ឆ្នាំ ២០១៧​​​។ រូប ប៉ាន់ រិទ្ធា​

អ្នក​​សម្របសម្រួល​​រូប​នេះ​ក៏​បាន​បន្ត​ឲ្យ​​ដឹង​ពី​សារៈសំខាន់​នៃ​ការ​​កិច្ច​សម្ភាសន៍​រវាង​ស្រ្តី​បរទេស ​ឈ្មោះ​​ Lina Goldberg ដែល​ជា​ស្ថាបនិក​នៃ​ Move to Cambodia និង​​កញ្ញា យ៉ុន សុខខន​ ​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​​សិល្បៈ ​ទៅ​លើ​ប្រធានបទ​ ព្រឹទ្ធាចារ្យ​​វោហារ​កោសល្យ​​​លោកតា​ គង់ ណៃ ប្រើ​​​ចាប៉ី​ដង​វែង​​​នៅ​ក្នុង​ការ​ចែក​រំលែក​ពី​វិធី​ការពារ​ពី​ជំងឺ​កូវីដ ​១៩ ផង​ដែរ​ថា៖ «​Lina Goldberg ដែល​ជា​ស្ថាបនិក​នៃ​ Move to Cambodia​ រូប​នេះ​ បាន​ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា​យើង​​ច្រើន​ឲ្យ​ជន​បរទេស​បាន​ស្គាល់​តាមរយៈ​គេហទំព័រ​ផ្ទាល់​ខ្លួន​របស់​គាត់​ ដែល​មាន​ឈ្មោះ​ថា ​https://​www.​moveto​cambodia.​com/​blog/​»។ ​

ដោយ​ឡែក​សម្រាប់​ការ​លើក​​យក​ចាប៉ី​ដង​វែង​ ​មក​ធ្វើ​ជា​ប្រធានបទ​ដ៏​សំខាន់​ នា​ពេល​នេះ​ ក្នុង​ការ​ប្រើ​ជា​វិធី​បញ្ជ្រាប​សារ​អប់រំ​ ទៅ​​ដល់​ពលរដ្ឋ​ខ្មែរ​ យល់​​ដឹងពី​ជំងឺ​កូវីដ​ ១៩​ ក៏​មាន​ផល​ចំណេញ​​សម្រាប់​សិល្បៈ​ខ្មែរ​បុរាណ​ទម្រង់​នេះ​​ផង​ដែរ​ ​គឺ​ថា​​ជួយ​​ឲ្យ​ជន​បរទេស​ច្រើន​បាន​ស្គាល់​ និង​​អាច​ចេះ​លេង​ចាប៉ី​​ដង​វែងនេះ ហើយ​ក៏​អាច​ជួយ​​ផ្សព្វផ្សាយ​ដល់​ជន​បរទេស ​កាន់​តែ​ស្គាល់​ច្រើន​​​​ថែម​ទៀត​ផង​។ ​អ្វី ​ដែល​កាន់​តែ​​​ពិសេស​នោះ ស្រ្តី​ជា​ស្ថាបនិក​នៃ​ Move to Cambodia រូប​នេះ គាត់​គឺ​ជា​បុគ្គល​ល្បី​ សម្រាប់​ជន​​បរទេស​ តួ​យ៉ាង ក្រោយ​ពី​បាន​ធ្វើ​វីដេអូ​ កិច្ច​សម្ភាសន៍​រវាង​គាត់ និង​​កញ្ញា យ៉ុន សុខ​ខន​ ជា​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សិល្បៈ​នោះ គឺ​មាន​ការ​ភ្ញាក់​ផ្អើល​​​ពី​ក្រុម​ជន​បរទេស​ជា​ច្រើន​ ដែល​មិន​​ដែល​ស្គាល់​ចាប៉ី​ដង​វែង​របស់​ខ្មែរ​យើង​ដែល​បាន​ប្រើ​ជា​ឧបករណ៍​ភ្លេង​ច្រៀង​​​រៀបរាប់​ផ្ញើ​សារ​អប់រំ​អំពី​ជំងឺ​កូវីដ​ ១៩​ ​នេះ​តែ​ម្តង​»៕​