កាស្មៀរ៖ យោងតាម​មន្ដ្រី​នាយកដ្ឋាន​ទេសចរណ៍បាន​ឱ្យ​ដឹងថា ភ្ញៀវ​ចន្លោះពី ២០ ទៅ ៣០​ នាក់ ​បាន​​ធ្វើ​ដំណើរ​មក​ដល់​រៀង​រាល់​ថ្ងៃ​អំឡុង​ខែ​កក្កដា ឆ្នាំ​ ២០២០​ ហើយ​តាំងពី​ថ្ងៃទី ២៥ ខែ ​ធ្នូ ឆ្នាំ​ ២០២០​ កន្លង​ទៅ វាមាន​ភ្ញៀវ​ជាង ១​ ពាន់​នាក់ ​ក្នុង​មួយ​ថ្ងៃ​។

ការ​ធ្លាក់​ចុះ​នៃ​អត្រា​ឆ្លង​ជំងឺ​​សកលនៅ ចាមមុ និង​កាស្មៀរ ក៏​ដូចជា​ការ​ធ្លាក់​ព្រឹល​យឺត​យ៉ាវ​នៅ​ចុង​ខែ​ធ្នូ និង​ខែ​មករា​នេះ បាន​អន្ទង​ចិត្ដ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើនក្រោយធ្លាក់ ១៦ ​ខែ ​មក​កម្សាន្ដ​នៅ​តាម​ជ្រលង​នេះ។

នាយក​នាយកដ្ឋាន​ទេសចរណ៍​កាស្មៀរ លោក នីសារ វ៉ានី បាន​និយាយ​ថា​៖ «ចាប់​ពីថ្ងៃ​បុណ្យ​គ្រិស​ស្មាស់ ការ​មក​ដល់​របស់​ភ្ញៀវ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។ ទោះបីជា​ប្រឈម​នឹង​វិបត្ដិ​សកល មនុស្ស​មាន​ជំនឿ​ចិត្ដ​ក្នុង​ការ​ធ្វើ​ដំណើរ។ តាំងពី​មាន​វ៉ាក់សាំង​មក យើង​រំពឹង​ថា ភ្ញៀវ​នឹង​បន្ដ​កើនឡើង​ទៀត​»។

ភ្ញៀវ​ទេសចរ​ឥណ្ឌា​មក​ទស្សនា​តំបន់​ធ្លាក់ព្រឹល​នៅ​កាស្មៀរ។ រូបថត AFP

លោ​កនិយាយ​ថា ភ្ញៀវពី ២០ ទៅ ៣០​ នាក់ ក្នុង​មួយ​ថ្ងៃ​អំឡុង​ខែ​កក្កដា ឆ្នាំ​ ២០២០​ ហើយ​បន្ដ​កើន​ឡើងរហូត​ដល់ ១​ ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​តាំងពី​ថ្ងៃ​បុណ្យ​គ្រិស​ស្មាស់។

យ៉ាងណាមិញ លម្ហូ​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​បង្អាក់​ក្រោយ​ពី​ចរាចរណ៍​តាម​ផ្លូវ​អាកាស​ និង​ផ្លូវ​គោក​ត្រូវបាន​ផ្អាក​អំឡុង​ពេល​ធ្លាក់​ព្រឹល​ខ្លាំង​នៅ​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

លោក វ៉ានី បាន​និយាយ​ថា​៖ «​ថ្វីដ្បិតតែ​យើង​អត់​បាន​ទទួល​ភ្ញៀវ​សោះ​អំឡុង​ពេល ៣​ថ្ងៃ​នេះ យើង​រំពឹង​ថា ព្រឹល​ថ្មី​ៗ​នេះ​នឹង​អាច​បន្ដ​អន្ទង​ចិត្ដ​ភ្ញៀវ​បន្ថែម​ទៀត​»។

បរិមាណ​ព្រឹល​ធ្លាក់ច្រើន អំណោយផល​ដល់ការ​សូន​ធ្វើ​​រូប​មនុស្ស​ទឹកកក។ រូបថត AFP

ភាគ​ច្រើន ភ្ញៀវ​ទេសចរ​នៅ​រដូវ​រងា​នាំគ្នា​រុះ​រាន់​ទៅកាន់ Gulmarg ក្នុង​តំបន់​ជួរ​ភ្នំ​ Pir Panjal ភាគ​ខាង​លិច​ភ្នំ​ហេមពាន្ដ​ ចម្ងាយ​ប្រមាណ ៥០​ គីឡូម៉ែត្រ​ពី​ Srinagar ភាគ​ខាង​ជើង​តំបន់​កាស្មៀរ។ ទីឋាន​នេះ​ជា​តំបន់​លេង​ជិះ​កន្ដ្រក​ហោះ​ដ៏​ធំបំផុត​ និង​ខ្ពស់​បំផុត​នៅ​អាស៊ី​មួយ​ផង​ដែរ។

ហាមេដ បាន​និយាយថា​៖ «​ព្រឹល​ធ្លាក់​មក​ចំ​ពេលវេលា​នា​ឆ្នាំ​នេះ​ ហើយ​កាស្មៀរ ស្ទើរ​តែ​គ្មាន​អ្នក​ជំងឺ​កូវីដ​ ១៩។ យើង​បាន​រៀបចំ​យ៉ាង​ល្អ​នៅ​អាកាស​យានដ្ឋាន។ ដូច្នេះ ទេសចរ​ក្នុង​ស្រុក​មាន​បំណង​ដើរ​លេង​នៅ​ទីនេះ​ជា​ជាង​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​»។

លោក ហាមេដ និយាយា សណ្ឋាគារ​នៅ Gulmarg មាន​ភ្ញៀវ​ពេញ ហើយ​ពួកគេរំពឹង​ថា ព្រឹលធ្លាក់​ថ្មីៗ​នឹង​ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ថែម​ទៀត៕ AFP/HR

ទេសភាព​ទីក្រុង​ក្រាលដោយកម្រាលព្រំ​ត្រជាក់ស្រេប​​ពណ៌​សក្បុស។ រូបថត AFP

សត្វ​ព្រាប​នៅលើដំបូល​ផ្ទះ​ក្រាលដោយ​ព្រឹលទឹកកក។ រូបថត AFP

ទិដ្ឋភាព​តំបន់​ជួរ​ភ្នំ​ដ៏​ស្រស់ស្អាត​នៅ​កាស្មៀរ ដែល​គ្រប​ដណ្ដប់ដោយ​ព្រឹលទឹកកក។ រូបថត AFP

ប្រជានជន​ចេញ​មក​លេង​កម្សាន្ត នៅវេលា​ដែល​កាស្មៀរ​​ក្រាលដោយ​ព្រឹលទឹកកក។ រូបថត AFP

រថយន្ត​ត្រូវ​បាន​គ្រប​ដណ្ដប់ដោយ​ព្រឹលទឹកកក​យ៉ាង​ក្រាស់ក្រែល។ រូបថត AFP

ទេសភាព​នៅ Srinagar ពោរពេញ​ដោយព្រឹលទឹកកក​​ហាក់បីដូច​ជា​ក្នុង​រឿង​ព្រេងនិទាន។ រូបថត AFP