ភ្នំពេញ៖ តារា​សម្តែង ចម្រៀង និង​គ្រូ​បង្រៀន​​របាំ​បុរាណ​-សម័យ ដែល​ក្តោប​ទីផ្សារ​កុន​បាន​សុទ្ធ​តែ​តួឯក​​ក្នុង​ការ​ថត​កុន​​​ភាគ​របស់​ផលិតកម្ម​​ប៉ុស្តិ៍​​លេខ ​៥ កញ្ញា ព្រះកាយ ច័ន្ទ បង្ហាញ​រូបភាព​បង្ហាត់​​បង្រៀន​របាំ​​ទៅ​ដល់​​តារា​ចម្រៀង​ពន្លក​ថ្មី​ កំពុង​តែ​រះ​លើ​វិថី​​សិល្បៈ​​កុមារី ​​មាន​សែ​​ស្រឡាយ​​​ព្រះរាជវង្ស​ ព្រះ​នាង​តូច នរោត្តម ជេនណា បង្កើត​​​​​ភាព​​​ភ្ញាក់​ផ្អើល​ដល់​មហាជន​​។​

ប្រិយ​មិត្ត​ពិត​ជា​​ចាំ​បាន​ថា កាល​​ពី​ឆ្នាំ ​២០១៩​​ កន្លង​មក តារា​ស្រី​វ័យ ២៥ ​ឆ្នាំ ​ដែល​កំពុង​តែ​​ឡើង​កូដ​ខ្លាំង​ចាប់​បាន​ឱកាស​ថត​​​កុន​​ជា​ហូរហែ ឬ​​​អាច​និយាយ​បាន​​ថា​ នាង​​​ជា​តួស្រី​ម៉ូយ​របស់​​ផលិតកម្ម​​ប៉ុស្តិ៍​លេខ ៥ កញ្ញា ព្រះ​កាយ ច័ន្ទ ប្រកាស​​​​បើក​សាលា​បង្រៀន​ជំនាញ​​សិល្បៈ​ចម្រុះ​ សម្រេច​​ក្តី​បំណង​កាល​ពី​ក្មេង​​ ដែល​មាន​​ថ្នាក់​​របាំ​បុរាណ (​ចាប់​ពី​វ័យ​ ៤ ​ឆ្នាំ​ឡើង​ទៅ​) សម្តែង ដើរ​ម៉ូដ រាំ​សម័យ និង​ប្រពៃណី ដែល​ហាត់​រៀន​​ នៅ​ថ្ងៃ​​សៅរ៍ និង​ថ្ងៃ​អាទិត្យ​មាន​ឈ្មោះ​​​​ «សាលា​​ព្រះកាយ ច័ន្ទ​ក្លិប​»​។

ថ្មីៗ​នេះ​​ស្រាប់​តែ​តារា​ចម្រៀង និង​សម្តែង​ស្រី​មាន​រាង​​ស្ល៊ីម ​ដែល​មាន​​ប្រវត្តិ​​ផុស​ចេញ​​ពី​សិល្បការិនី​បុរាណ និង​មាន​លោក​ឪពុក​ ​គឺ​ជា​អតីត​សិល្បករ​​​ជើង​ចាស់​ផ្នែក​លោ្ខន​បាសាក់​នោះ ​ហាក់​ដូចជា​មាន​ភាព​ផុសផុល​​​ខ្លាំង​​ទៅ​​​​នឹង​ការ​បង្ហាត់​បង្រៀន​របាំ​​​បុរាណ​មួយ​ប្រភេទ​​​​ដល់​ព្រះ​​នាង​តូច ជេនណា​។

ស្រាយ​​ចម្ងល់​រឿង​បង្ហាត់​របាំ​ដល់​កុមារី​ ជា​សែ​ស្រឡាយ​នៃ​​ព្រះ​រាជវង្ស នរោត្តម​ជេនណា ​នោះ​ ត្រូវ​បាន​​លោក​ឪពុក​​ និង​​​ជា​អ្នក​នាំពាក្យ​កញ្ញា ព្រះកាយ​ ច័ន្ទ ​បាន​បញ្ជាក់​ឲ្យ​ដឹង​​​ថា៖ «តាម​ពិត​ទៅ ការ​បង្រៀន​របាំ​ដល់​ព្រះនាង​​តូច ជេនណា នោះ​គឺ​ដោយសារ​តែ​ទ្រង់​ ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​​ទូរសព្ទ​ ​Cellcard ហើយ​ត្រូវ​ត្រៀម​​​ថត​ការ​សម្តែង​របាំ​មួយ​​ប្រភេទ​មាន​ឈ្មោះ​ថា របាំ​ «ដួងចន្ទ»​ ខណៈ​​​​ការ​ហាត់​នេះ​ចាប់​​ផ្តើម​តាំង​ពី​នៅ​​មុន​​ពេល​កើត​វិបត្តិ​ជំងឺ​​កូវីដ ​១៩ ម្ល៉េះ។ ដោយសារ​ប៉ុន្មាន​ខែ​នេះ​ជួប​វិបត្តិ​ជំងឺ​នោះ​ ទើប​បាន​អ្នក​គ្រូ ​[ព្រះកាយ ច័ន្ទ] មិន​បាន​ចេញ​បង្ហាត់​ព្រះ​នាង​តូច​ ទើប​តែ​ពេល​នេះ​ បាន​ចាប់​​ផ្តើម​ហាត់​ឡើង​វិញ​»។​

ក្រោយ​ពី​ប្រកាស​បើក​សាលា​បង្រៀន​​​​ជំនាញ​សិល្បៈ​ សម្រេច​ក្តី​បំណង​​កាល​ពី​ក្មេង​មាន​សិស្ស​ចូល​រៀន​​ជា​ហូរហែ ខណៈ​បាន​​បើក​​រយៈពេល​​ប្រមាណ​ជា ២ ខែ​​​មក​នោះ​តារា​ស្រី​វ័យ ២៥ ​ឆ្នាំ​ ដែល​កំពុង​ឡើង​កូដ​ខ្លាំង​ ចាប់​បាន​ឱកាស​ថត​កុន​ជា​ហូរហែ​ក្លាយ​ជា​តួស្រី​ម៉ូយ​ផលិតកម្ម​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៥ កញ្ញា ព្រះកាយ ច័ន្ទ​ មក​​​បន្ថែម​​នូវ​ជំនាញ​រាំ​​​បែប​ K-Pop កូរ៉េ មួយ​​​ជំនាញ​ទៀត​​​នៅ​​​សាលា​​នាង​​។

តារា​ចម្រៀង និង​សម្តែង​ស្រី រាង​ស្ល៊ីម ព្រះកាយ ច័ន្ទ ធ្លាប់​បញ្ជាក់​ថា ការ​បើក​​បង្រៀន​​​មាន​​ថ្នាក់​របាំ​បុរាណ (​ចាប់​​ពី​វ័យ ៤ ឆ្នាំ​ឡើង​ទៅ​) ការ​សម្តែង ដើរ​ម៉ូដ រាំ​សម័យ និង​ប្រពៃណី​ដែល​​​ហាត់​រៀន​​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ជាមួយ​​សាលា​​ព្រះកាយ ច័ន្ទ​ក្លិប​»​៕​