ភ្នំពេញៈ ក្រោយពី​ប្រកាស​បើក​សាលាបង្រៀន​នូវ​ជំនាញ​សិល្បៈ​សម្រេច​ក្តី​បំណង​កាលពី​ក្មេង​មាន​សិស្ស​ចូលរៀន​ជា​ហូរហែ​រយៈពេល​ប្រមាណ ២ ខែ​មក​នោះ តារាស្រី​វ័យ ២៤ ​ឆ្នាំ​ដែល​កំពុង​ឡើង​កូដ​ខ្លាំង​ចាប់​បាន​ឱកាស​ថតកុន​ជា​ហូរហែ ឬ​អាច​ថា​នាង​ក្លាយ​ជា​តួស្រី​ម៉ូយ​ផលិតកម្ម​ទូរទស្សន៍ប៉ុស្តិ៍​លេខ​ ៥ កញ្ញា ព្រះកាយ ច័ន្ទ មក​បន្ថែម​ជំនាញ​រាំ​បែប​ K-Pop កូរ៉េ មួយ​ជំនាញ​ទៀត​នៅ​សាលា​ខ្លួន​។

កញ្ញា ព្រះកាយ ច័ន្ទ តារាចម្រៀង និង​សម្តែងស្រី រាង​ស្ល៊ីម ដែល​មាន​ប្រវត្តិ​ផុស​ចេញ​ពី​សិល្បការិនី​បុរាណ និង​មាន​ឪពុក​ជា​សិល្បករ​ជើងចាស់​លោ្ខន​បាសាក់​នោះ​បាន​ប្រកាស​ចេញពី​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ព្រះកាយ ច័ន្ទ បាន​សរសេរ​ផ្សាយ​ថា​៖ «​សូម​ជម្រាប​ថា​ចាប់ពី​ខែ ៤ តទៅ​យើង​នឹង​ផ្តើម​បើក​បង្រៀន​ហើយ​!​មាន​ថ្នាក់​របាំ​បុរាណ (​ចាប់ពី​វ័យ ៤ ឆ្នាំ​ឡើងទៅ​) ការសម្តែង ដើរ​ម៉ូដ រាំ​សម័យ និង​ប្រពៃណី​ដែល​ហាត់រៀន​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ជាមួយ​សាលា​ព្រះកាយ ច័ន្ទ​ក្លិប​»​។

តារាសម្តែង​ស្រី​រាងស្ល៊ីម ម៉ៅ​ដាច់​ថតកុន​ភាគ​ប្រចាំ​ប៉ុស្តិ៍​លេខ​ ៥ កញ្ញា​ព្រះកាយ ច័ន្ទ​។ហុង មិនា

តារាស្រី​ដែល​ទើប​បាន​បញ្ចប់​ជំនាញ​សិល្បៈ​របាំ​បុរាណ​ចេញពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ហើយ​ក៏​មាន​ជំនាញ​ដើរ​ម៉ូដ សម្តែង និង​រាំ កញ្ញា ព្រះកាយ ច័ន្ទ បាន​បន្ត​ថា​៖ «​តាមពិត​ទៅ​ការរាំ​បែប K-POP កូរ៉េ​នេះ មាន​តាំងពី​បើក​វគ្គ​នានា​របស់​របាំ​ខ្មែរ​មក តែ​មិន​សូវ​ផ្សព្វផ្សាយ​ដោយ​យល់ថា ចង់​ឲ្យ​របាំ​ខ្មែរ​មាន​សិស្ស​ចូលរៀន​សិន ចាំ​មក​ប្រូម៉ូត​របាំ K-POP​។ តាម​គម្រោង​នាង​ខ្ញុំ​បើក​វគ្គ​បង្រៀន​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​សិន ព្រោះ​ថា​នាង​ខ្ញុំ​មិនទាន់​មាន​ពេលទំនេរ​អាច​បង្រៀន​នៅ​ថ្ងៃ​ផ្សេងៗ​ក្រៅពី​នេះ​បាន​នៅ​ឡើយ លុះត្រា​តែ​ពេល​ខ្ញុំ​ថតកុន​ភាគ​ក្រោយៗ​នេះ​ចប់​សិន​ទើប​អាច​ឆ្លៀត​បន្ថែម​ម៉ោង​ផ្សេង​»​។

ក្រោយពី​ប្រកាស​មក​ក៏​មាន​ការចាប់​អារម្មណ៍​ពី​ប្រិយមិត្ត​យុវវ័យ​ខ្លាំង ចំពោះ​ដំណឹង​បើក​សាលាបង្រៀន​ជំនាញ​សិល្បៈ ខណៈ​តារាស្រី​ដែល​ក្តោប​បាន​សុទ្ធតែ​តួឯក​កុន​ភាគ​របស់​ផលិតកម្ម​ប៉ុស្តិ៍​លេខ​ ៥ កញ្ញា ព្រះកាយ ច័ន្ទ បាន​បង្ហើប​ថា​៖ «​ពិតជា​មិន​គួរ​ឲ្យ​ជឿ​មែន​បង​គ្រាន់​តែ​នាង​ខ្ញុំ​បាន​ប្រកាស​តាម​ហ្វេសប៊ុក​ភ្លាម​ប្រមាណ ២-៣ ថ្ងៃ​មក​នោះ​ក៏​មាន​ប្អូនៗ​ដែល​ចាប់​អារម្មណ៍ និង​បាន Confirm តាម​បណ្តាញ​សង្គម​មាន​ចំនួន​ជាង ៣០ ​នាក់​រួមទាំង​ប្រុស​ទាំងស្រី​បាន​ចូលរៀន​ជំនាញ​សិល្បៈ​នៅ​សាលា​ខ្ញុំ​ហើយ​»​។

យ៉ាងណា​ការបើក​នូវ​សាលាបង្រៀន​ជំនាញ​សិល្បៈ​ពហុជំនាញ​មាន​របាំ​បុរាណ សម័យ ប្រពៃណី ដើរម៉ូដ ការសម្តែង​និង​របាំ K-POP នៅ​សាលា​របស់​ព្រះកាយ ច័ន្ទក្លិប ដែល​នាង​បង្រៀន​ផ្ទាល់​នោះ សិស្ស​ត្រូវ​បង់ប្រាក់​ប្រចាំ​ខែ​ក្នុង​តម្លៃ​សមរម្យ​អាច​រៀន​បាន​ទាំង​អ្នក​មាន​ជីវភាព​ធូរធារ និង​មធ្យម​ដោយ​សិស្ស​ក៏​មាន ២ ​ជម្រើស​ដើម្បី​រើស​យក​ជំនាញ​ចូលចិត្ត​៕