ខេត្តបន្ទាយមានជ័យៈ ទោះបីទើបតែបានមកកាន់តំណែងនៅទីអារាមថ្មីគឺវត្តសុវណ្ណគិរីភ្នំជញ្ជាំង ជាព្រះចៅអធិការវត្ត បានត្រឹមតែជាង ២ ខែក្តី ក៏ព្រះតេជគុណព្រះគ្រូវុឌ្ឍិវិរិយាចារ្យ សួន សំអាត បានរៀបចំរចនាសម្ព័ន្ធ ច្បាប់វិន័យ និង បរិស្ថាន បានយ៉ាងល្អប្រពៃគួរឲ្យស្ញប់ស្ញែងពីពុទ្ធបរិស័ទ ផ្អើលពេញទូទាំងខេត្តបន្ទាយមានជ័យ និងនៅតាមបណ្តាញសង្គមហ្វេសប៊ុកទៀតផង។
ដោយសារបរិយាកាសមានអំណោយផលល្អពីធម្មជាតិ ស្ថិតនៅលើផ្ទៃដីធំទូលាយប្រមាណ ១៥ ហិកតា ឯណោះវត្តសុវណ្ណគិរីភ្នំជញ្ជាំង ដែលមានទីតាំងនៅឯភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ចម្ងាយ ២០០ ម៉ែត្រចេញពីផ្លូវជាតិទើបមានការរៀបចំយ៉ាងស្អាត។
ព្រះតេជគុណ ព្រះគ្រូវុឌ្ឍិវិរិយាចារ្យ សួន សំអាត ដែលជាចៅអធិការថ្មីវត្តសុវណ្ណគិរីភ្នំជញ្ជាំង ទើបតែមានរយៈពេលជាង ២ ខែ ខណៈដើមឡើយព្រះតេជគុណគង់នៅទីអារាមនៃវត្តប្រាសាទស្រះកណ្ដាល ខ្ចាស់ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យដែរនោះ មានដីកាឲ្យដឹងពីការកសាងរចនាសម្ព័ន្ធថ្មីនៅទីអារាមនេះថា៖ «ដោយមានសំណូមពរពីញាតិញោម ពុទ្ធបរិស័ទ នៅវត្តសុវណ្ណគិរីភ្នំជញ្ជាំង និមន្តអាត្មាភាពមកទីនេះ ដើម្បីជួយរៀបចំកិច្ចការផ្សេងៗនៅទីអារាម និងមានការសម្រេចចេញពីគណៈគ្រប់គ្រងនៃព្រះគ្រូមេគណខេត្តផងដែរ»។
ព្រះតេជគុណដែលទទួលបានការបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យជូឡាឡុងកននៃប្រទេសថៃ មានសង្ឃដីកាបន្តថា៖ «ដើម្បីសម្រេចបាននូវសមិទ្ធផលខ្លះមាននៅទីអារាមសុវណ្ណគិរីភ្នំជញ្ជាំងដូចដែលញោម បានឃើញនាពេលបច្ចុប្បន្ននេះ អាត្មាបានដាក់គោលការណ៍ ធំចំនួន ៣ ក្នុងការបង្កើតជារចនាសម្ព័ន្ធនានានៅវត្តដែលអាត្មាកំពុងតែគ្រប់គ្រងជា ចៅអធិការនេះតែម្តង។ គោលការណ៍ចម្បងទី ១ ផ្តោតទៅលើផ្នែកបរិស្ថានជុំវិញវត្តឲ្យបានស្អាត និងស្រស់បំព្រងជាអំណោយផលពីធម្មជាតិនៃព្រៃព្រឹក្សា ដែលមានស្រាប់។ គោលការណ៍សំខាន់ទី ២ គឺអាត្មា ដាក់វិធានការពង្រឹងច្បាប់វិន័យដល់ព្រះសង្ឃគង់នៅវត្តសុវណ្ណគិរីភ្នំជញ្ជាំង ឲ្យប្រកបដោយធម្មវិន័យជាព្រះសង្ឃតាមពុទ្ធឱវាទ និងធ្វើការប្រណិប័តន៍តាមគន្លងធម៌។ ចំណែកឯគោលការណ៍សំខាន់ទី ៣ អាត្មាភាពផ្តោតទៅការពង្រឹងវិស័យអប់រំនានាទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តសុវណ្ណគិរីភ្នំជញ្ជាំងតែម្តង ដោយបង្រៀនកុមារក្មេងៗឲ្យចេះស្តាប់ព្រះធម៌ និងរៀនសូត្រនូវព្រះធម៌ពីក្មេងវ័យ និងមានការធ្វើវិបស្សនាសមាធិប្រចាំថ្ងៃទៀតផង»។
ព្រះគ្រូ សួន សំអាត ក៏មានសង្ឃដីកា បញ្ជាក់ពីការធ្វើសមាធិនេះដែរថា៖ «ការធ្វើសមាធិនេះ អាត្មា បានកំណត់ធ្វើរាល់ថ្ងៃរយៈពេល ១ ម៉ោង គឺចាប់ពីម៉ោង ៥ ដល់ម៉ោង ៦ ល្ងាច ដោយអត្មា បានដឹកនាំទាំងពុទ្ធបរិស័ទចាស់ក្មេង និងព្រះសង្ឃ ដើម្បីធ្វើវិបស្សនានេះរាល់ថ្ងៃ»៕