ភ្នំពេញ៖ នា​​រយៈពេល​ជាង​​ ១​ ឆ្នាំ​ចុង​​​ក្រោយ​នេះ​ កុមារី​ជា​ពន្លក​តារា​ចម្រៀង ​សម្តែង ជាប់​​សែ​ស្រឡាយ​​​​​​ព្រះរាជវង្ស ​គឺ​ព្រះនាង​​​តូច នរោត្តម ​ជេនណា​ កំពុង​តែ​មាន​រាសី​ឡើង​ក្រឺតៗ​ ក្តោប​បាន​​ឱកាស​ច្រើន​នៅ​លើ​វិថី​សិល្បៈ​ ស្ទើរ​គ្រប់​ទម្រង់​​​ ដោយ​លាភ​​ធំ​ថ្មី​ឆ្នាំ ​២០២០​ បាន​ក្លាយ​ជា​​ទូត​សុច្ឆន្ទៈវ័យ​ក្មេង​​​ក្រុមហ៊ុន​ទូរស័ព្ទ​​​ ​Cellcard ខណៈ​​កុន​ភាគ​បុរាណ​រឿង​ «ទេព​ធីតា​​ព្កុល​មាស»​ របស់​ទ្រង់​សម្តែង​​ ក៏​ជិត​ចាក់​បញ្ចាំង​ផង​ដែរ​ នៅ​ប៉ុស្តិ៍​​ទូរ​ទស្សន៍​ស៊ីធីអ៊ិន។​

គេ​នៅ​ចាំ​បាន​​ថា កាល​ពី​ឆ្នាំ ​២០១៩ បង្កើត​នូវ​ភាព​​​ភ្ញាក់​ផ្អើល​​ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​តាម​​បណ្តាញ​​សង្គម​ហ្វេសប៊ុក និង​យូធូប​​ជាមួយ​នឹង​សូរ​​សំនៀង​យ៉ាង​ពីរោះ​​ស្រទន់​ធ្ងន់ ​​បក​ស្រាយ​​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា «​ដួងចន្ទ​» របស់​កុមារី ទើប​តែ​មាន​​វ័យ ៧​ ឆ្នាំ ​ជាប់​​សែ​ស្រឡាយ​រាជវង្ស​ខ្មែរ​ជា​ព្រះនាង​​ នរោត្តម ជេនណា​ ដែល​ជា​បុត្រីទី ២​ អ្នក​អង្គ​ម្ចាស់ នរោត្តម បុប្ផារី​ និង​ត្រូវ​ជា​ចៅស្រី​ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រពង្ស់។

សម្រាប់​ ព្រះនាង​​តូច ​នរោត្តម ជេនណា មាន​ទេពកោសល្យ និង​ដុង​ពី​កំណើត​ ទៅ​លើ​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ ហើយ​ទ្រង់​​ក៏​ចេះ​​​និយាយ​បាន​ដល់ ​៥ ភាសា​ឯ​ណោះ​​បាន​​បញ្ចេញ​សូរសៀង​ បទ​ចម្រៀង​ថ្មី​​​មាន​​ចំណង​ជើង​ថា «​ដួង​ចន្ទ​» ​ដែល​​ជា​ការ​និពន្ធ​បទ​ភ្លេង​ដោយ​​លោក ណាំ ប៉ុណ្ណារ័ត្ន និង​អ្នក​តែង​​​ទំនុក​ច្រៀង​វិញ​នោះ​ដោយ​​ Kelly ​​ផលិតកម្ម 7G- Entertainment​ ខណៈ​ក្រោយៗ​មក​មាន​​​បទ​ «កន្ទ្រឹម​ខែ​​ចែត្រ»បទ «ក្តៅ​ណាស់» និង​​ពេល​ថ្មីៗ​នេះ​ ក៏​ផ្ទុះ​ការ​គាំទ្រ​លើ​បទ​ចម្រៀង​​មាន​ចំណង​​​​ជើង​ថា «វាសនា​ធីតា​​ព្កុលមាស» ​ដែល​ជា​បទ​​ចម្រៀង​​ថ្មី​ សម្រាប់​​ការ​ចាក់​​​ក្នុង​ខ្សែ​ភាព​យន្ត​​បុរាណ​រឿង «​ទេព​ធីតា​​​ព្កុល​មាស»​ នោះ​​។

បើ​គិត​មក​ត្រឹម​ពាក់​កណ្តាល​​​​​ឆ្នាំ ​២០២០ នេះ​ កិត្តិយស​របស់​ព្រះនាង​តូច ជេនណា កំពុង​តែ​បោះ​ពួយ​ឡើង​ជា​លំដាប់​នៅ​លើ​​វិថី​សិល្បៈ​​ទាំង​វិស័យ​ចម្រៀង និង​ថត​សម្តែង​ ដោយ​គេ​ឃើញ​​ព្រះ​នាង​តូច ជេនណា លេច​វត្តមាន​នៅ​​ក្នុង​ការ​ថត​​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ ការ​ចូល​រួម​​ជាតារា​កិត្តិយស​នៃ​ការ​សម្ពោធ​កម្មវិធី​សង្គម​ញឹកញយ ការ​ថត​កុន​​ និង​​ចុង​ក្រោយ​​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ទូរស័ព្ទ ​​Cellcard ជ្រើស​​ជា​​ទូត​សុច្ឆន្ទៈ​។​

ចំពោះ​លក្ខណ​សម្បត្តិ​របស់​ទ្រង់​វិញ​ បើ​យោង​​តាម​លោក សេង ដារ៉ា​ជា​ម្ចាស់​ផលិតកម្ម 7G- Entertainment ដែល​​មាន​ការ​ផ្តោត​សំខាន់​ទៅ​លើ​ការ​បណ្តុះបណ្តាល​ក្រុម​ពន្លក​សិល្បៈ​ជំនាន់​​ជា​​ក្រុម​តារា​ចម្រៀង ឬ​​​សម្តែង​​​វ័យ​ក្មេង​នោះ លោក​ធ្លាប់​បាន​​​បង្ហើប​ឲ្យ​ដឹង​ពី​ទេពកោសល្យ​របស់​​យុវតី​​មាន​​រូប​ឆោម​ សម្រស់​​ស្រស់​ស្អាត រូបរាង​ឃ្យូត​ ព្រះ​​​នាង​តូច នរោត្តម ជេនណា ​ទ្រង់​មាន​ទេពកោសល្យ និង​ចំណូល​ចិត្ត​ខ្លាំង​​លើ​សិល្បៈ​បែប​ចម្រុះ​​តែ​​ម្តង៕​