ក្រុង​ប្រ៊ុចសែល៖ ព្រះវិហារ​​ Ghent បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​ឪពុក​សាសនា​គ្រិស្ដ​កាតូលិក​នៃ​ក្រុម​​ Trappist ដែល​ធ្លាប់​បើក​ផលិត​ស្រា​នៅ​ព្រះវិហារ​ដ៏​ល្បីល្បាញ​បំផុត​មួយ​ក្នុង​ប្រទេស ​បែលហ្ស៊ិក ត្រូវ​បាន​ផ្ដល់​ឋានន្តរស័ក្ដិ​ជា​សង្ឃរាជ​ដោយ​សម្ដេច​ Pope Francis។

ចៅ​អធិការ​គ្រិស្ដ​សាសនា​ Lode Van Hecke អាយុ ៦៩ ឆ្នាំ បាន​បើក​រោងចក្រ​​ ​Orval Abbey នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​បែលហ្ស៊ិក​ និង​ចន្លោះ​ឆ្នាំ ​១៩៩៨ និង​ឆ្នាំ ​២០០១ លោក​ជា​នាយក​ប្រតិបត្ដិការ​ផលិត​ស្រាបៀរ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​លោក​។

នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ លោក​នឹង​​ក្លាយ​ជា​សង្ឃរាជ​ព្រះវិហារ ​Ghent និកាយ Cistercian ភាគ​ខាង​ជើង​ប្រទេស ​​ជា​ព្រះសង្ឃ​គ្រិស្ដ​សាសនា​ដំបូង​ក្នុង​ក្រុម​ Trappist ​ដែល​ទទួល​បាន​ងារ​នេះ​នៅ​​បែលហ្ស៊ិក​។

ក្រុម​អ្នក​ប្រណិប័តន៍​សាសនា​និកាយ​​តឹងរ៊ឹង​កាតូលិក​ Cistercian ឬ​ហៅ​ថា Trappist គឺ​ជា​សហគមន៍​ប្រណិប័តន៍​សាសនា​តាម​ផ្លូវ​ចិត្ដ​ និង​កម្រ​ចាប់​កាន់​តួនាទី​ថ្នាក់​ដឹកនាំ​។

ប៉ុន្ដែ​ព្រះ​សង្ឃរាជ​​បាន​ឲ្យ​ដឹង​​​​ថា​៖ «សំណាង​ណាស់ ខ្ញុំ​បាន​ចំណាយ​ពេល​​ប៉ុន្មាន​ឆ្នាំ​​ក្នុង​ឧស្សាហកម្ម​ស្រា​បៀរ​នេះ​។ មិន​សម្រាប់​តែ​ស្រាបៀរ​មួយ​មុខ​នោះ​ទេ តែ​ជា​បទពិសោធ​គ្រប់គ្រង​ផង​ដែរ​»។

ខុស​ប្លែក​ពី​សាសនា​ដទៃ ​ព្រះវិហារ​និកាយ​ Trappist ជា​ច្រើន ក្នុង​ប្រទេស ​បែលហ្ស៊ិក បាន​ក្លាយ​ជា​ទីឋាន​ផលិត​ស្រាបៀរ​គុណភាព​ខ្ពស់​ល្បី​ៗ​ក្នុង​ការ​លក់​ដូរ ហើយ​រោងចក្រ Orval គឺ​ជា​ទីឋាន​ផលិត​ស្រាបៀរ​ល្អ​បំផុត​មួយ​។ ព្រះ​សង្ឃ​គ្រិស្ដ​ Trappist ចាប់​ផ្ដើម​ផលិត​ស្រាបៀរ​ក្លិប​ផ្លែឈើ​ក្នុង​ឆ្នាំ ​២០៣១​ ក្រោម​ឥទ្ធិពល​នៃ​គ្រូ​បិត​ស្រា​មក​ពី​រដ្ឋ​បាវ៉ារែន ប្រទេស ​អាល្លឺម៉ង់​ និង​ការ​ប្រើ​វិធីសាស្ដ្រ​ផ្អាប់​មេ​ដំបែ​ស្ងួត​របស់​ចក្រភព​អង់គ្លេស៕ AFP/HR